តុលាការអាមេរិកបើកសវនាការរឿង​លោក ហ៊ុន សែន និងកូនប្រុស នៅ​ដើម​សប្តាហ៍​ក្រោយ

លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន

តុលាការសហរដ្ឋអាមេរិកនឹងបើកសវនាការលើសំណុំរឿង លោក មាជ សុវណ្ណារ៉ា ដែល​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ក​ម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត នៅដើមសប្តាហ៍ក្រោយ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង ​ធ្វើភេរវកម្ម និង ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”​

ភរិយារបស់​លោក មាជ សុវណ្ណារ៉ា គឺលោកស្រី ចេមី មាជ (Jamie meach) បាននិយាយក្នុង​វីដេអូឃ្លីបនិង​បង្ហោះជាសាធារណៈជាថ្មីទៀតនៅសុក្រ​នេះ​ថា តុលាការ​នៅក្នុងក្រុងឡូស​អែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការនៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ វេលា​ម៉ោង​៨.៣០នាទីព្រឹក​ លើ​សំណុំរឿង​​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក​ ហ៊ុន ម៉ាណែត។

លោកស្រី ចេមី មាជ ប្រាប់ទៅជនរួមជាតិដែលគំាទ្រលោក មាជ សុវណ្ណារ៉ា ឲ្យទៅ​ចូល​រួមនិង​តាម​ដាន​ករណី​នេះ​នៅតុលាការសហរដ្ឋអាមេរិកនោះផងដែរ។ លោកស្រីលើកឡើងដូចនេះថា៖ «សវនាការ​នេះ​យើងអត់ដូរពេលវេលាទេ គឺឡើងនៅថ្ងៃទី៦ ត្រូវនឹងថ្ងៃចន្ទម៉ោង៨.៣០នាទីព្រឹក បន្ទប់​លេខ១០ សូម​អញ្ជើញបងប្អូនទៅចូលរួមឲ្យបានច្រើនកុះករ នឹងជួយលើកទឹកចិត្តរវាងរូបគាត់ និងរូប​នាង​ខ្ញុំទំាង​អស់គ្នា​»។

ក្រុមមេធាវីអន្តរជាតិដែលការពារលោក មាជ សុវណ្ណារ៉ា ធ្លាប់លើកឡើងថា បណ្តឹងរបស់លោកផ្តោត​លើករណី​អង្គរក្សលោក ហ៊ុន ម៉ាណែត ចាប់បោក លោក ផល ហេរ បណ្តាលឲ្យរងរបួសឆ្អឹងខ្នង កាលពីថ្ងៃទី៩ ខែមេសា​ ខណៈមន្ត្រីតុលាការរូបនោះយកដីកាជូនលោក ហ៊ុន ម៉ាណែត ពេលគាត់ទៅអាមេរិក។ លោកថា អំពើហិង្សានេះបានរំលោភលើច្បាប់រដ្ឋកាលីហ្វ័រញ៉ានិងរំលោភច្បាប់ជាតិសហរដ្ឋអាមេរិកផង។

ចំណែក “ភេរវកម្មអន្តរជាតិ” ក្រុមេធាវីលោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ថា ភារវកម្មនេះ ស្ថិតក្រោម​ច្បាប់​ប្រឆាំងភេរវកម្មរបស់អាមេរិក ដោយសារ​តែមានការចោទប្រកាន់ថាធ្វើទារុណកម្មលើលោក មាជ សុណ្ណារ៉ា ដែល​មាន​សញ្ជាតិអាមេរិក កំពុងជាប់ពន្ធនាគារនៅកម្ពុជា។ ក្នុងពាក្យបណ្តឹងពន្យល់ថា ច្បាប់អាមេរិក​ឲ្យនិយមន័យ “ភេរវកម្មអន្តរជាតិ” ថាជាទង្វើហិង្សាឬសកម្មភាពដែលគ្រោះថ្នាក់​ដល់អាយុជីវិតមនុស្ស​ដែល​រំលោភច្បាប់ព្រហ្មទណ្ឌអាមេរិកឬច្បាប់នៃរដ្ឋណាមួយ។ ប៉ុន្តែលោកថា ក្រុមមេធាវីលោក ហ៊ុន ម៉ាណែត ទាត់ចោលបណ្តឹងនេះ ដោយអះអាងថាមិន​ត្រឹម​ត្រូវ​តាមនីតិវិធី។

VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។

ប៉ុន្តែអ្នកនាំពាក្យ​គណ​បក្សប្រជា​ជន​កម្ពុជាលោក សុខ ឥសាន  ធ្លាប់​មានប្រសាសន៍ថា នៅថ្ងៃ​សវនាការ​នោះ ​​ប្រហែលជាមិន​មានតំណាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងកូនប្រុសច្បងលោក ហ៊ុន​ ម៉ាណែត ចូល​​ស្តាប់​សវនា​ការ ​នៅសហរដ្ឋអាមេរិក​​នោះទេ។

គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យ​បណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពី​បទ​”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុស​ត្រូវចំពោះ​អំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមាន​ការចាប់​ខ្លួន​និងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ