អ្នកស្រី ទេព វន្នី ទទូចឲ្យរដ្ឋាភិបាលកុំចាត់ទុកពលរដ្ឋជាសត្រូវ

សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីនៅបឹងកក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ បានទទូចឲ្យមេដឹកនាំរដ្ឋាភិបាល កុំចាត់ទុកប្រជាពលរដ្ឋរងគ្រោះជាសត្រូវ ដោយថាគួរដោះលែងពួកគេឲ្យមានសេរីភាពវិញ។

ក្រោយពីបានផ្ដល់ចម្លើយក្នុងបន្ទប់សាវនាការសួរដេញដោលមួយនៅសាលាឧទ្ធរណ៍ ព្រឹកថ្ងៃពុធ តំណាងសកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី បានថ្លែងថា ការចោទប្រកាន់របស់តុលាការមកលើអ្នកស្រី គឺធ្វើឡើងដោយសារលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្អប់ខ្ពើម និងចាត់ទុកពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីថាជាសត្រូវ។

អ្នកស្រីបន្តថា ការដែលតុលាការបន្តឃុំខ្លួននេះ គឺដោយសារហេតុផលនយោបាយច្រើនជាង ដោយថា ចំពោះករណីនេះ បើគ្មានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីទេ អ្នកស្រីក៏មិនអាចមានសេរីភាពឡើងវិញឡើយ។

លោកស្រីថា៖ «អ៊ីចឹង កំហុសឆ្គងធំបំផុតរបស់ថ្នាក់ដឹកនាំ គឺការចាត់ទុកប្រជាពលរដ្ឋជាសត្រូវ ធ្វើការព្រងើយកន្ដើយ រើសអើងប្រជាពលរដ្ឋខ្លួន មិនគិតគូដល់ប្រជាពលរដ្ឋ ហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅវេទនា រងភាពអយុត្ដិធម៌ ធ្វើឲ្យប្រជារាស្ដ្រទឹកភ្នែក និងធ្វើឲ្យប្រទេសជាតិមានការលិចលង់​ ហើយធ្វើឲ្យប្រទេសជាតិមានភាពអាម៉ាស់លើឆាកអន្ដរជាតិ។ នេះហើយជាកំហុសឆ្គងរបស់ថ្នាក់ដឹកនាំដ៏ធំបំផុត»។

អ្នកស្រី ទេព វន្នី បានទទូចឲ្យលោក ហ៊ុន សែន និងតុលាការលើកលែងការចោទប្រកាន់ ដោយថា ដើម្បីបង្ហាញថា លោក​ ហ៊ុន សែន ជាថ្នាក់ដឹកនាំល្អរបស់កម្ពុជា ដែលមិនចាត់ទុកពលរដ្ឋរងគ្រោះជាសត្រូវ។

លោក ស៊ឹង សែនករុណា មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់សមាគមអាដហុក ដែលមានវត្តមានក្នុងបន្ទប់សវនាការនោះដែរ បានឲ្យ VOD ដឹងថា មកទល់ពេលនេះ តុលាការមិនទាន់អាចស្វែងរកភស្ដុតាង ដែលបង្ហាញថា អ្នកស្រី ទេព វន្នី បានដឹកនាំបង្កឲ្យមានហិង្សានៅក្បែរផ្ទះលោក ហ៊ុន សែន កាលពីឆ្នាំ២០១៣ នោះទេ។ លោកបន្ដថា នៅក្នុងបន្ទប់សវនាការនៅព្រឹកនេះ តុលាការមិនបានយល់ព្រមតាមសំណើរបស់មេធាវីការពារ ដែលស្នើឲ្យបង្ហាញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅផ្ទះលោកនាយករដ្ឋមន្ដ្រីនោះទេ។ លោកក៏បានចូលរួមអំពាវនាវឲ្យតុលាការទម្លាក់បទចោទប្រកាន់ ប្រសិនបើពុំអាចរកឃើញថា អ្នកស្រី ទេព វន្នី មានពិរុទ្ធទេនោះ។

(សូមកែតម្រូវ៖ ករណីអ្នកស្រី ទេព វន្នី គឺជាប់ចោទពីបទជេប្រមាថរាជការសាធារណៈ ដែលអាជ្ញាធរថា ប្រព្រឹត្តនៅមុខសាលារាជធានី គឺមិនមែនទាក់ទងការចោទថា មានហិង្សានៅក្បែរផ្ទះលោក ហ៊ុន សែន នោះទេ។)

លោកថា៖ «ការលើកឡើងរបស់គាត់ (តុលាការ) ព្រមទាំងមេធាវី ហើយនិងយើងនិយាយពីភស្ដុតាងភ្ជាប់នៃបទចោទ ដូចជាមិនទាន់ភាពគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកពួកគាត់ […] អាហ្នឹងយើងជាការសោកស្ដាយ ដែលយើងឃើញហើយ មេធាវីការពារក្ដីរបស់គាត់ស្នើសុំទៅចៅក្រមដើម្បីឲ្យគាត់ចាក់ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថាពួកគាត់បានប្រព្រឹត្ដដូចការចោទប្រកាន់ ពីព្រោះវីឌីអូមិនមានរូបគាត់ដូចការចោទប្រកាន់ទេ»។

នៅព្រឹកថ្ងៃពុធនេះ ចៅក្រមសាលាឧទ្ធរណ៍ លោក ញូង ថុល មានប្រសាសន៍ថា តុលាការនឹងប្រកាសសាលដីកាករណីសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី នៅថ្ងៃទី២៧ខែខែកុម្ភៈ ឆ្នាំ២០១៧ ខណៈឃុំខ្លួនអស់រយៈពេលជាង៥ខែមកហើយ។

កាលពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៦ សាលាដំបូងក្រុងភ្នំពេញបានសម្រេចបន្តឃុំខ្លួនសកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី នៅពន្ធនាគារព្រៃស ពាក់ព័ន្ធសំណុំរឿងបង្កហិង្សានៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី៤ឆ្នាំមុន។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានសកម្មជនបឹងកក់ទាមទារឲ្យរដ្ឋាភិបាលបញ្ចេញវីឌីអូឃ្លីបក្នុងកាមេរ៉ាក្នុងផ្ទះនាយករដ្ឋមន្ត្រីដោយថា ដើម្បីបង្ហាញពីការពិតតែតុលាការមិនបានយកមក​បង្ហាញនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ