ខណៈការបោះឆ្នោតជិតមកដល់ តំណាងសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញបានសម្រុកស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលឲ្យបញ្ចប់ជម្លោះដីធ្លីនៅក្នុងសហគមន៍ពួកគេ ដោយថាបើថារដ្ឋាភិបាលអាចបញ្ចប់វិវាទនេះមុនការបោះឆ្នោត ជាការជួយបង្កើនប្រជាប្រិយភាពដល់បក្សកាន់អំណាចទៅវិញទេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើឡើងថ្ងៃទី៤ ខែមិថុនា ពោលគឺនៅជាង៣ខែទៀត។ នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋមានជម្លោះដីធ្លី៤សហគមន៍ មានអតីតបឹងកក់ បុរីកីឡា ព្រលានយន្តហោះ និងក្រុមស្ត្រីបឹងកក់ បានចេញមុខតវ៉ាជាថ្មីទៀត។
តំណាងសហគមន៍ព្រលានយន្តហោះ អ្នកស្រី ច្រាយ នីម ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងដែនដីថា រដ្ឋាភិបាលបានគ្រប់គ្រងអំណាចរហូតមកដល់បច្ចុប្បន្ន គឺតាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។ អ្នកស្រីថា ការដែលបន្តទុកឲ្យអ្នករងគ្រោះបញ្ហាដីធ្លីដើរតវ៉ាស្រែកតាមផ្លូវពីភាពអយុត្តិធម៌នេះ វាមិនផ្ដល់ការគាំទ្រសំឡេងឆ្នោតទៅរដ្ឋាភិបាលនោះទេ។ អ្នកស្រីថាដើម្បីឲ្យពលរដ្ឋមានជំនឿទៅលើរដ្ឋាភិបាលបន្តនោះ គឺមានតែដោះស្រាយបញ្ចប់ជម្លោះដីធ្លីដែលនៅសេសសល់មុនការបោះឆ្នោតនៅពេលខាងមុខនេះ។
អ្នកស្រីថា «ចឹងយើងគិតថាមន្ត្រីរដ្ឋាភិបាលដូចជាគណបក្សយើងមិនថា គណបក្សណាជាពិសេសហ្នឹងតែម្ដង យើងមើលឃើញថាគាត់តែឃោសនាល្អៗ សម្រាប់ប្រជាពលរដ្ឋធ្វើនេះ ធ្វើនោះ អត់យកនេះ អត់យកនោះ ប៉ុន្តែពេលចុងក្រោយបានអំណាចហើយ គាត់តែក្រឡាស់សម្ដី ការអនុវត្ត តាមពាក្យសម្ដីទេ។ ចឹងពេលបានសន្លឹកឆ្នោត គាត់មិនបានគោរពពាក្យសន្យាជាមួយប្រជាពលរដ្ឋទេ ដូចជាដីធ្លីរបស់ពួកខ្ញុំ មុនបោះឆ្នោតគាត់ចេះនិយាយថាមិនអីទេ គាត់និងដោះស្រាយថ្ងៃនេះថ្ងៃនោះ ចងហើយការបោះឆ្នោតពួកយើងនៅតែរងគ្រោះហើយធ្ងន់ធ្ងរជាងហ្នឹងទៀត»។
ស្ត្រីម្នាក់ទៀតអះអាងថាប្រហាក់ប្រហែលគ្នាថា ការបន្តអូសបន្លាយជម្លោះដីនេះវានឹងជំរុញឲ្យជីវិភាពរបស់គាត់ជួបការលំបាក ប៉ុន្តែប្រសិនបើមានការដោះស្រាយនៅពេលនេះ ពួកគាត់នឹងមើលឃើញពីស្នាដៃរបស់រដ្ឋាភិបាលជាក់ស្ដែងក្នុងជួយប្រជាពលរដ្ឋក្រីក្រ។
អ្នកស្រីថា «តើពួកខ្ញុំសង្ឃឹមអីទៅថ្ងៃមុខ តើក្រសួងមិនរកយុត្តិធម៌ឲ្យពួកខ្ញុំ ជាម៉ែជាឪរបស់ពួកខ្ញុំដែលគាត់មកដេញខ្ញុំ មកពេលណាក៏ដេញខ្ញុំសព្វបែបសព្វយ៉ាង ទៅក្រុងក៏គេកុហក ខ្ញុំហើយពួកខ្ញុំជាប្រជាពលរដ្ឋនៅរងចាំដល់ណាទៀត។ ខ្ញុំដើររាប់ឆ្នាំបាត់អស់ហើយ មុខរបរ បាត់អស់ហើយការសិក្សាកូន៤ឆ្នាំហើយ។ ៤ ទៅ៥ឆ្នាំហើយ តើឲ្យពួកខ្ញុំឈឺចាប់ រងចាំដល់ណាទៀត ដែលដំណោះស្រាយពួកខ្ញុំ»។
ទោះជាយ៉ាងណាការតវ៉ារបស់ពួកគេនៅមុខក្រសួងនោះ មិនទទួលបានលទ្ធផលទេ ដោយសារមន្ត្រីរបស់ក្រសួងដែលមកទទួលញត្តិបានលើកឡើងថា ករណីនេះសាលារាជធានីភ្នពេញជាអ្នកដោះស្រាយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រសាសន៍ថា សាលារាជធានីកំពុងធ្វើការដោះស្រាយ ដើម្បីបញ្ចប់បញ្ហានេះ។
លោកថា «យើងបានដោះស្រាយជូនពួកគាត់ហើយ បឹងកក់ជាង៤ពាន់គ្រួសារ នៅសល់ប៉ុន្មានទៀតទេ បុរីកីឡាដូចគ្នារាប់រយគ្រួសារលូវនៅសល់បន្តិចទៀតទេ ហើយអ្នកនៅសេសសល់ទាំងប៉ុន្មានយើងកំពុងគិតគូរ ដោះស្រាយជូនគាត់ដែរ»។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ ប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការដោះស្រាយបញ្ហាដីធ្លីនេះឲ្យឆាប់ដើម្បីកុំឲ្យពលរដ្ឋអស់ជំនឿទៅលើរដ្ឋាភិបាល ដោយថាការបន្តទុកឲ្យពលរដ្ឋរងគ្រោះបញ្ហាដីធ្លីនៅតវ៉ាដូចនេះ វាមិនបានចំណេញអ្វីឡើយ គឺមានធ្វើបក្សកាន់អំណាចបាត់បង់សន្លឹកឆ្នោតក្នុងពេលខាងមុខ។
លោកថា« ចឹងបើអត់ដោះ គេនឹងបញ្ជូនសាររបស់គេតាមបណ្ដាញប្រជាពលរដ្ឋ បណ្ដាញសហគន៍ដែលជាម្ចាស់ឆ្នោតនឹងឈប់បោះឆ្នោតឲ្យ ព្រោះអាហ្នឹងគេមានឥទ្ធិពល។ ចឹងគេចងជាបណ្ដាញពលរដ្ឋ បណ្ដាញសហគន៍ បណ្ដាញនេសាទ បណ្ដាញព្រៃឈើ។ គេមានបណ្ដាញរបស់គេ ចឹងបើរដ្ឋាភិបាលមិនដោះស្រាយឲ្យមានឆាប់ទេ គេនឹងប្រើប្រាស់បណ្ដាញរបស់គេ ដើម្បីសូមអំនាវនាវបណ្ដាញឈប់បោះឆ្នោតគណបក្សដែលមិនមានសមត្ថភាព»។
បើតាមអ្នកតវ៉ាអះអាងថា ប្រសិនបើមិនមានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាដើរតវ៉ារហូត ហើយប្រមូលសហគមន៍ផ្សេងៗ ធ្វើការតស៊ូមតិ ដើម្បីទាមទារយុត្តិធម៌ក្នុងរឿងដីធ្លី៕