លោក ហ៊ុន សែន ព្រមានមន្ដ្រីសង្គមស៊ីវិលកុំឲ្យចេះវិភាគរឿងនយោបាយ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្មន្ត្រី)

នាយករដ្ឋមន្ដ្រីកម្ពុជា ​បានព្រមានដល់មន្ដ្រីអង្គការសង្គមស៊ីវិលមួយចំនួនថា កុំឲ្យចេះវិភាគរឿងនយោបាយ ក្រោយពីពួកគេបានរិះគន់ការបែកធ្លាយខ្សែអាត់សន្ទនាមួយ កាលពីពេលថ្មីៗ​នេះថាជារឿង​មិនត្រឹមត្រូវ។

ក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើ​ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទ​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានមន្ដ្រីអង្គការសង្គមស៊ីវិលម្នាក់ ដោយទំនងជាសំដៅដល់លោក គល់ បញ្ញា នាយកប្រតិបត្ដិអង្គកា ខុម ហ្វ្រែល ថាឲ្យយល់ដឹងពីតួនាទីខ្លួនឯងឲ្យបានច្បាស់ និងកុំឲ្យធ្វើការវិភាគប៉ះពាល់រឿងនយោបាយ។​​

លោកមានប្រសាសន៍ថា៖​ «អ្នកនយោបាយគេ និយាយគ្នា​ តាមអ្នកនយោបាយ​ អ្នកឯង  NGO កុំមករញ៉េរញ៉ៃ ស្អី! សុទ្ធតែបង្កើត ប្រយ័ត្ន ស្រុកខ្មែរ កុំថា ឲ្យតែអញធ្វើមេបក្ស គឺអញត្រូវតែមានសិទ្ធិ សិទ្ធិបានតែ តែខុស គុកហើយ​​ ឲ្យតែអញធ្វើអ្នកកាសែត​ អញមានសិទ្ធិ​ តែសិទ្ធិប៉ះ គឺគុកហើយ ពីព្រោះ អាហ្នឹងច្បាប់គេឲ្យបង្កើតអង្គការក្រៅរាជរដ្ឋាភិបាលទៅ ហើយដល់គេចាប់ថា គេបង្ក្រាប និយាយធ្វើអី ផ្ដាំទុកឲ្យហើយ លោកឯងនេះ ដូចជា​ ច្រើនដង ប្រយ័ត្នអស់ប៉ុន្មាន តែព្រហើន គឹប អ្នកដាក់គឹបហ្នឹង គឺច្បាប់អ្នកធ្វើ មិនមែន ខ្ញុំអ្នកធ្វើទេ ឲ្យយល់ កុំព្រហើនឲ្យសោះ នេះស្រុកខ្មែរ»

ការព្រមានរបស់លោកនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីនាយកប្រតិបត្ដិអង្គការខុមហ្វ្រែលលោក​​ គល់ បញ្ញា បានលើកឡើងតាមរយៈការស្រង់សម្តីរបស់សារព័ត៌មានក្នុងស្រុកមួយថា ការបែកធ្លាយខ្សែអាត់ឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដោយលោកថា គឺមិនបង្ហាញពីភាពចាស់ទុំសីលធម៌ ខាងនយោបាយទេ។

លោកបានឲ្យដឹងតាមសារព័ត៌មានថា៖ «គ្មានចំណេញទៅខាងណាទេ នេះគ្រាន់តែរឿង ធ្វើឲ្យមានការសង្ស័យគ្នានៅក្នុងបក្សប៉ុណ្ណោះ តែមិនប្រាកដថា បានផលខាងនយោបាយ ព្រោះអ្នកប្រើប្រាស់ព័ត៌មានតាមបណ្ដាញសង្គមច្រើនណាស់​ គេមានព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់»

វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីនាយកប្រតិបត្តិអង្គការខុមហ្រែល លោក គល់ បញ្ញា នៅឡើយ។

កាលពីថ្ងៃទី៤ខែកុម្ភៈកន្លងទៅ គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយឈ្មោះ «សី​ហា»​ បានទម្លាយសារសន្ទនា​រវាងប្រធានគណបក្សប្រឆាំងលោក កឹម សុខា​​ និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន​​ ដោយនៅក្នុងសារឆ្លើយឆ្លងនោះ លោក ហ៊ុន​ ​សែន បានប្រាប់ឲ្យលោក កឹម សុខា ផ្ដាច់ការទាក់ទងជាមួយលោក សម រង្ស៊ី អតីតប្រធានបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

ពាក់ព័ន្ធការទម្លាយសារសំងាត់នេះ គេពុំឃើញមានចំណាត់ការណាមួយនៅឡើយ ពីសំណាក់អាជ្ញាធរទេ។​

ចំណែក លោក សម រង្ស៊ី បានចាត់ទុកការទម្លាយសារនេះថា​ ជាការប្រើល្បិចកលបំបែកបំបាក់របស់បក្សកាន់អំណាចមកលើបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ