លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដូចឆ្នាំមុនៗដែរ កុំឲ្យម្ចាស់រថយន្តតម្លើងថ្លៃសំបុត្រខ្ពស់ពេកក្នុងពិធីបុណ្យចូលឆ្នាំ ខណៈសេវាដឹកអ្នកធ្វើដំណើរនេះបានបន្តហក់ឡើងមួយទេ្វជាពីរឬលើសពីនេះ ក្នុងរដូវបុណ្យជាតិម្តងៗ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែរ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថ្វីត្បិតតែការតម្លើងថ្លៃជាកត្តាចំាបាច់របស់អ្នករកស៊ី ដើម្បីស្វែងរកប្រាក់ចំណេញ ប៉ុន្តែលោកថា ការមិនដំឡើងថ្លៃហួសហេតុពេកក្នុងរដូវបុណ្យជាតិនេះ ជាគុណធម៌មួយរបស់អ្នករកស៊ី។
លោកថា៖ «ខ្ញុំព្រះករុណាខ្ញុំបានអំពាវនាវស្ទើរតែរៀងរាល់ឆ្នាំ ទាំងពេលភ្ជុំបិណ្យ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬអាចថាក្រុមហ៊ុនផង តម្លៃនៃការធ្វើដំណើរក៏មានការកើនឡើង។ ដូច្នេះអំពាវនាវចំពោះម្ចាស់រថយន្ត ខិតខំយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋ ដែលជាសាច់ឈាមរបស់យើង ក្នងការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត និងពីភូមិកំណើតមកកាន់ទីក្រុងភ្នំពេញវិញ។ សង្ឃឹមថាម្ចាស់រថយន្តនឹងទទួលយកនូវការគិតគូបែបនេះ ដើម្បីកាត់បន្ថយនូវការចំណាយរបស់ប្រជាជនរបស់យើង»។
ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តីទៅនៅសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អះអាងថា សាលារាជធានីនឹងចេញលិខិតជូនដំណឹងទៅភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយបន្តពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ។ ប៉ុន្តែលោកថា អាជ្ញាធរនឹងមិនចាត់វិធានការ ដើម្បីកំណត់តម្លៃក្នុងកម្រិតណាមួយសម្រាប់សេវាដឹកជញ្ជូននៅរដូវបុណ្យជាតិនេះទេ។
លោកថា៖ «[អាជ្ញាធរនឹង]អំពាវនាវកុំឲ្យក្រុមហ៊ុនដំឡើងថ្លៃហួសហេតុ នេះជាអ្វីដែលយើងអាចធ្វើបាន នៅត្រឹមកម្រិតហ្នឹង។ ប៉ិនត្រង់ថាលក្ខណដែលយើងដាក់ទៅតម្រូវឲ្យក្រុមហ៊ុនត្រូវតែអនុវត្តន៍ បើក្រុមហ៊ុនមិនអនុវត្តន៍នឹងដាក់ទោសទណ្ឌ នោះអត់មានទេ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្វាគមន៍ទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាលនេះ ប៉ុន្តែលោកថា អ្វីដែលមានប្រសិទ្ធភាពជាងនេះ រដ្ឋាភិបាលត្រូវចាត់វិធានការកុំឲ្យក្រុមហ៊ុនម៉ៅការចំណតបន្តដំឡើងថ្លៃនៅរដូវចូលឆ្នាំនេះ និងថាត្រូវចាត់វិធានការកុំឲ្យអាជ្ញាធរខិលខូចមួយចំនួននៅបន្តប្រើតួនាទីរបស់ខ្លួនជម្រិតទារប្រាក់ពីរថយន្តដឹកអ្នកដំណើរ។
លោកថា៖ «មិនបាច់ចាំទៅមើលឯណាឆ្ងាយទេ ទៅមើលតែគល់ស្ពានជ្រោយចង្វារទៅឃើញហើយ អនុវត្តន៍បានតែមួយភ្លេតទេ បន្ទាប់មកហុចដៃយកលុយៗ។ អាហ្នឹងដែលយើងមិនចង់ឃើញរូបភាពបែបហ្នឹងតទៅទៀត»។
ក្នុងពិធីសម្ពោធផ្លូវនោះដែរ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ ដោយរំឭកថា កុំឲ្យថ្ងៃរីករាយក្នុងពិធីចូលឆ្នាំក្លាយជាថ្ងៃសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍។
គួរំឭកផងដែរថា រៀងរាល់បុណ្យជាតិម្តងៗ អ្នកធ្វើដំណើរអះអាងថា តំលៃទាំងរថយន្តឈ្នួល និងរថយន្តក្រុង បានហក់ឡើង មួយទ្វេជាពីរ ឬច្រើនជាងនេះ ទោះជារដ្ឋាភិបាលបានអំពាវនាវទុកមុនក៏ដោយ ដោយសារតែពលរដ្ឋភាគច្រើន សម្រុកចេញពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើត ក្នុងពេលតែមួយ ក្នុងពិធីបុណ្យជាតិនេះ៕