លោក ជា វ៉ាន់ដេត ទទួលតំណែងតំណាងរាស្ដ្រមណ្ឌលខេត្ដតាកែវជំនួសលោក សុខ អាន

លោក ជា វ៉ាន់ដេត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ (Fresh News)

រដ្ឋសភាជាតិបានសម្រេចជ្រើសរើសតំណាងរាស្ដ្រមណ្ឌលខេត្ដតាកែវថ្មី បន្ទាប់ពីលោក សុខ អាន ទទួលមរណៈភាព ខណៈតំណែងនេះត្រូវបានទុកឲ្យនៅទំនេរនោះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ រដ្ឋសភាពជាតិកម្ពុជាបានទទួលស្គាល់ឥស្សរជនជាន់ខ្ពស់ម្នាក់គឺលោក ជា វ៉ាន់ដេត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ឲ្យទទួលតំណែងតំណាងរាស្ដ្រប្រចាំនៅមណ្ឌលតាកែវ បន្ទាប់ពីអតីតឧបនាយករដ្ឋមន្ដ្រី និងជាសម្ដេចវិបុលបញ្ញា សុខ អាន ទទួលមរណៈភាព។

បើតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាពឲ្យលោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មីប្រចាំមណ្ឌលខេត្តតាកែវ ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន នៅថ្ងៃទី៧ មេសា ឆ្នាំ២០១៧ ខាងមុខ និងស្បថចូលកាន់តំណែងពេញសិទ្ធិតែម្តង។

លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលមរណភាព នៅអាយុ៦៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៧ កន្លងទៅ នៅមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិន។ ក្រោយមរណភាពរបស់ឧបនាយករដ្ឋមន្ត្រីកាន់តំណែងច្រើនរូបនេះ រដ្ឋាភិបាលត្រូវបានគេមើលឃើញថា បានព្យាយាមស្វែងរកឥស្សរជនមួយចំនួនមកជំនួសតំណែងរបស់លោក ដែលនៅទំនេរ និងបានស្នើដាក់លោក ជា វ៉ាន់ដេត ជាបេក្ខជនបម្រុងលេខរៀងទី១ ដើម្បីជំនួសសម្តេចវិបុលបញ្ញា សុខ អាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ