លោក ហ៊ុន​ សែន ថាសុំទោសដែលកម្ពុជាមិនអាចធ្វើម្ចាស់ផ្ទះប្រកួតកីឡាខ្នាតអន្តរជាតិ

ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសុំទោស សាធារណជន នូវអ្វីដែលលោកថា​កម្ពុជាមិនទា​ន់​មា​នលទ្ធភាព ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាខ្នាតអន្តរជាតិ (ស៊ីហ្គេម) ដូចប្រទេស​នានាក្នុងបំប​ន់​​ដែលគេបានប្តូរវេនគ្នា២ឆ្នាំម្តងនោះ។

ក្នុងពិធី បើកការដ្ឋាន និងសម្ពោធមណ្ឌលកីឡា នៃពហុកីឡដ្ឋានជាតិ​ថ្មីមួយឈ្មោះថា ​«មរតក​តេជោ» នៅ​សង្វាត់​​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៤ខែមេសានេះ លោក ហ៊ុន សែន ថ្លែ​ង​ដោយសុំ​​ទោសជ​នរួមជាតិ ពីការដែល​រដ្ឋាភិបាល​ ​សុំប្រ​ទេសជា​សមា​ជិ​កអា​ស៊ា​ន​ ​ពន្យា​​ធ្វើជាម្ចាស់​ផ្ទះ​សម្រា​ប់​​ប្រកួ​តកីឡាស៊ីហ្គេម រហូតដល់ឆ្នាំ២០២៣។

លោក ហ៊ុន សែន អះអាងថា ការសុំពន្យានេះ ដោយសារតែកម្ពុជា ទើបនឹងងើបពី​គំនរផេះផង់​នៃសង្គ្រៀម​ស៊ី​វិល ខ្វះ​ធនធានមនុស្ស ខ្វះហេដ្ឋារចនាសម័ន្ធ រួមទាំងថវិកា។

លោកថា៖ «សេចក្តីត្រូវការរបស់យើងនៅប៉ុន្មានឆ្នាំនេះ និងនៅពេលនេះ គឺបញ្ហាទាក់ទងទៅនឹងការកសាង និងស្តាការអភិវឌ្ឍឡើងវិញ។ តម្រូវការរបស់យើងគឺការកសាងផ្លូវ កសាងស្ពាន កសាងប្រឡាយទឹក មន្ទីរពេទ្យ សាលារៀនជូនប្រជាជន»។

បើតាមលោក ហ៊ុន សែន កម្ពុជាបានខកខានជាបន្តបន្ទាប់ ​យ៉ាងតិច៣ដងរួ​ចមកហើ​យ ក្នុងការត្រៀមខ្លួ​ន​ធ្វើ​​ជាម្ចា​ស់​ផ្ទះ​​ក្រ​​កួ​​តកីឡាស៊ីហ្គេមនេះ ។ លោកថាការខកខាននោះ គឺនៅទសវត្សរ៍៦០-៩០ និង ២០០០។

យ៉ាងនេះក្តី លោក ហ៊ុន​ សែន ថ្លែងលើកទឹកចិត្ត ឲ្យបន្តលើកកម្ពស់វិស័យកីឡា និងថា កម្ពុជា យ៉ា​ងហោចណាស់ មានរោងចក្រចំនួនពីរ បានផលិតឧបករណ៍ និងសម្ភារកីឡា នាំទៅលក់​នៅក្រៅប្រ​ទេស​ ដូ​ច​​ជា​​រោ​ងចក្រមួយ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង បានផលិតកង់ប្រណាំង និងរោ​ងច​ក្រ​មួយ​ទៀត ​នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង បានផលិតបាល់ទះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ