អ្នកវិភាគលើកឡើងប្រហាក់ប្រហែលគ្នាថាសហគមន៍អន្តរជាតិនិងពលរដ្ឋម្ចាស់ស្រុកនៅតែជាចរន្តដ៏ធំមួយ ជំរុញរដ្ឋាភិបាលឲ្យពិចារណារៀបចំការបោះឆ្នោតមួយដោយតម្លាភាពនិងយុត្តិធម៌ ទោះជាស្ថានការនយោបាយពេលនេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងភាពតានតឹងក៏ដោយ។
នៅថ្មីៗនេះ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សបានចេញរបាយការណ៍មួយលើកឡើងថា រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជន បានធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងកែច្បាប់គណបក្សនយោបាយ មានភាពចម្រូងចម្រាស់ មុនការបោះឆ្នោតមកដល់។
អង្គការនេះ ចាត់ទុកថាស្ថានភាពបែបនេះ ធ្វើឲ្យប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់កម្ពុជា នឹងថា កម្ពុជាអាចនឹងវិលទៅរករបបដឹកនាំបែបផ្ដាច់ការ បើសិនគ្មានកិច្ចអន្តរាគមន៍ពីអន្តរជាតិ។
ប៉ុន្តែការលើកឡើងនោះត្រូវរដ្ឋាភិបាលច្រានចោលដោយចាត់ទុកថា ជា «ការវាយតម្លៃខ្មៅងងឹត» គ្មានមូលដ្ឋានត្រឹមត្រូវ។
មួយវិញទៀត ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជាក៏បានបង្ហាញការព្រួយបារម្ភ ពីការប្រែប្រួលនយោបាយនៅកម្ពុជានេះដែរ។
របាយការណ៍វិភាគរបស់ស្ថាប័នអន្តរជាតិមួយនេះ បានបង្ហាញការព្រួយបារម្ភថា ច្បាប់នោះ មិនអាចធានាអធិបតេយ្យភាពនៃការបោះឆ្នោតក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានទេ ប្រសិនបើគណបក្សនយោបាយដទៃមិនអាចអនុវត្តន៍សិទ្ធិបញ្ចេញមតិបាននោះ។
ជាងនេះទៅទៀតកិច្ចប្រជុំមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស របស់សហភាពអន្តរសភា ហៅកាត់ ថា IPU ដែល IPU មានសមាជិកចំនួន ១៧១ប្រទេស សហភាពអន្តរសភា បានសន្និដ្ឋានថា អាជ្ញាធរកម្ពុជា មិនមានឆន្ទៈនយោបាយដោះស្រាយ ករណីរំលោភសិទ្ធិរបស់តំណាងរាស្ត្រមកពីគណបក្សប្រឆាំងឡើយ។
IPU បានបង្ហាញពីការព្រួយបារម្ភថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវគេរំលាយតាមអំណាចច្បាប់ស្តីពីវិសោធនកម្មគណបក្សនយោបាយដែលទើបអនុម័តថ្មីនេះ ដោយមិនស្របទៅ នឹងស្តង់ដារអន្តរជាតិ នៃលំហូរសេរីភាព ក្នុងការរៀបចំសមាគមនិងគណបក្សនយោបាយ។
IPU យល់ថា ការចូលរួមរបស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតខាងមុខមានសារៈសំខាន់យ៉ាងខ្លាំងជាទីបំផុត។
ប៉ុន្តែមកដល់ពេលនេះគណបក្សធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពួកគេនៅមិនទាន់បង្ហាញសញ្ញាណវិជ្ជមានណាមួយ ដោយវិលទៅរកតុតាចរចាដើម្បីបង្ហាញទៅសហគមន៍ជាតិ និងអន្តរជាតិឲ្យពួកគេជឿបានថាការប្រកួតការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា សម្ពាធសហគមន៍អន្តរជាតិនៅតែមានឥទ្ធិពលមកលើករដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយន្តការប្រជាធិបតេយ្យ បើទោះបីពេលនេះលោកថា កម្ពុជាបានបង្ហាញជំហរកាន់តែខ្លាំងទៅរកមហាអំណាចចិនក៏ដោយ។
លោកថា៖ «ទីផ្សាររបស់កម្ពុជាភាគច្រើនមិននាំទៅចិនទេគឺទីផ្សាអាមេរិកនិងសហគមន៍អឺរុប។ អញ្ចឹងរោងចក្រវាយនភ័ណ្ឌដែលផលិតនៅកម្ពុជាដែលបរទេសមកវិនិយោគនៅកម្ពុជាគឺបានរស់រានដោយសារទីផ្សារនៅអាមេរិកទេ។ អញ្ចឹងបើអាមេរិកនិងអឺរុបគេដាក់សម្ពាធអញ្ចឹងកម្ពុជាមានការលំបាកហើយ»។
បើទោះបីជារដ្ឋាភិបាលធ្លាប់ប្រតិកម្មមិនឲ្យបរទេសលូកដៃចូលបញ្ហារបស់កម្ពុជាដោយថាជាកិច្ចផ្ទៃក្នុងក៏ដោយ ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា សហគមន៍អន្តរជាតិនៅតែអាចដាក់សម្ពាធ រដ្ឋាភិបាលកម្ពុជាបាន ជំរុញឲ្យអនុវត្តន៍យន្តការប្រជាធិបតេយ្យ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលានិងស្មារតីរដ្ឋធម្មនុញ្ញ។
លោកថា៖ «គេមិនលូកចូលរដ្ឋអធិបតិយ្យទេ។ ប៉ុន្តែគេឲ្យរដ្ឋមួយៗដែលជារដ្ឋឯករាជ្យហ្នឹង គោរពគោលការណ៍ ដែលកម្ពុជាចុះកិច្ចព្រមព្រៀងខាងសិទ្ធិមនុស្សជាមួយអន្តរជាតិ នានាដែលយើងចុះសន្និសញ្ញាហ្នឹង ជាច្បាប់សិទ្ធិមនុស្ស ឬក្នុងនាមយើងជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែគោរពតាមទម្រង់នេះឯង។ បើយើងមិនគោរពទេនៅមិនលូកទេ តែគេនៅតែដាក់សម្ពាធយើងដូចភូមាអញ្ចឹង។ គេមិនយកយោធាអី មកវាយលុកដូចនៅសេរី អីអត់ទេ ទៅមិនរួចទេ គេគ្រាន់តែហុំមព័ទ្ធសេដ្ឋកិច្ច»។
បើតាមលោក ឯម សុវណ្ណា បើមានសម្ពាធ កាត់តែខ្លាំង លោកថា រដ្ឋាភិបាលនឹងពិចារណារៀបចំឲ្យមានការបោះឆ្នោតមួយដោយតម្លាភាព ដោយលោកវិភាគថា ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់អាចបោះបង់ប្រទេសលោកសេរីទៅពឹងមហាអំណាចចិនតែម្នាក់បានទេ។
នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងដែរថា បើពិនិត្យមើលពីចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតជាង៨០ភាគរយ និងប្រតិកម្មនានាតាមបណ្តាញសង្គម ទៅលើទង្វើអសកម្មរបស់រដ្ឋាភិបាល លោកវិភាគថា ពលរដ្ឋភាគច្រើន ចង់ឃើញការដឹកនាំមួយមានតម្លាភាព។
លោក មឿន តុលា អះអាងទៀតថា ដូចនេះ ចរន្តចង់ឃើញការដឹកនាំបែបប្ជាធិបតេយ្យ បានកើតឡើងហាក់ព្រមគ្នា រវាងសហគមន៍អន្តរជាតិនិងពលរដ្ឋជាម្ចាស់ស្រុក។
លោក មឿន តុលា វិភាគថា ចរន្តទាំងពីរនេះ បើនៅតែបន្តសកម្ម លោកថា នឹងជំរុញឲ្យរដ្ឋាភិបាលមិនអាចងាកចេញពីគន្លងប្រជាធិបតេយ្យបានទេ។
លោកថា៖ «អាចនឹងទទួលនូវការដាក់ទោសពីពលរដ្ឋខ្មែរ ជាប់ឈ្មោះជាអ្នកទោសប្រវត្តិសាសន៍ បើសិនជាមេដឹកនាំណាមួយមិនធានានូវការរៀបចំ ឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ហ្នឹងទេ»។
អ្នកតាមដានបញ្ហាសង្គម លោក ឆាំ ប៊ុនថេត វិភាគដែរថា កត្តាមួយទៀតដែលជំរុញយន្តការប្រជាធិបតេយ្យដែរនោះ គឺពលរដ្ខខ្មែរខ្លួនឯង ត្រូវដកខ្លួនឲ្យផុតពីខ្សែញាក់របស់អ្នកនយោបាយ លុបបំបាត់វប្បធម៌លាបពណ៌គ្នា ពង្រឹងសាមគ្គីជាតិ ជំរុញអភិបាលកិច្ច ដោយមិត្រូវដេករងចាំតែបរទេសមកជួយនោះទេ។
លោកថា៖ «មើលថា តើអ្នកនយោបាយហ្នឹងដើរទៅរកផ្លូវមួយ អាចជជែកគ្នាបានទេ ឬក៏ដើរផ្លូវបែកពីគ្នា។ ដើរផ្លូវបែកពីគ្នាយើងឈប់គាំទ្រ អ្នកនយោបាយបែបអស់អញ្ចឹង។ អាហ្នឹងយើងអាចមានផ្លូវថ្មីមួយ ប្រសើរជាងមុន»។
ទោះជាយ៉ាងណា អ្នកវិភាគគិតថា ស្ថានការណ៍នយោបាយនៅពេលនេះ ពួកគេថា បក្សកាន់អំណាចទំនងជារៀបចំយុទ្ធសាស្ត្រយកឈ្នះ ដើម្បីបន្តគ្រប់គ្រងអំណាច តាមរយៈធ្វើច្បាប់ និងយកប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍នយោបាយ សម្រាប់រំលាយ ឬផ្តួលដៃគូប្រកួត។
ប៉ុន្តែពួកគេថា តាមយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មារតីរដ្ឋធម្មនុញ្ញ សម្ពាធពីសហគមន៍អន្តរជាតិ និងសម្ពាធពលរដ្ឋចង់ឃើញកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យនោះ ពួកគេថាយន្តការចង់ដឹកនាំ ទៅរករបបអតីតកាល បែបផ្តាច់ការនិយមនោះ ទំនងជាទៅលែងរួចហើយ ខណៈដែលការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលពេលខ្លះទៅមុខលែងរួចនោះ៕