រដ្ឋាភិបាលប្រាប់ពលរដ្ឋនៅអគារប៊ូឌិញ “ស” បោះឆ្នោតជូនគណបក្សប្រជាជន

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា (ក្រសួងរៀបចំដែនដី)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបង្ហើបប្រាប់ឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅអគារប៊ូឌិញ “ស” បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ដែលនេះទំនងជាថ្នូរនឹងការដោះស្រាយគម្រោងអភិវឌ្ឍន៍អគារប៊ូឌិញ “ស” ខណៈដំណោះស្រាយនោះ ស្ថិតក្នុងភាពមានភាពមិនច្បាស់លាស់និងចម្រូងចម្រាស់នៅឡើយ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការអភិវឌ្ឍអគារប៊ូឌិញ “ស” រវាងមន្រ្តីក្រសួងរៀបចំដែនដីនិងប្រជាពលរដ្ឋនៅព្រឹកថ្ងៃសុក្រទី៧ខែមេសានេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា បានក្រើនរំលឹក​ឲ្យប្រជាពលរដ្ឋបោះឆ្នោះជូនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដោយថាមានតែចៅសង្កាត់​ទាំងនោះ​ទេ ដែលអាចធានានូវការចេញឯកសារផ្សេងៗជូនពលរដ្ឋឆាប់បានដំណោះស្រាយ។

លោកមានប្រសាសន៍ថា៖ «បានលុយហើយ បោះឆ្នោតក៏មិនខ្ចីបោះឆ្នោត! ល្មម ! ហើយបោះហ្នឹងមិនមែន បោះរប៉េសរប៉ោះទេណា​!​ តែខុសមែន ខ្ញុំហ្នឹងមិនកំបុតក ដូចត្នោតរន្ធះបាញ់! ម៉េចបានជាខ្ញុំនិយាយអញ្ចឹង ខ្ញុំធ្វើនេះ ប៉ះពាល់ដល់អារម្មណ៍បងប្អូន បានបងប្អូនមិនបោះឆ្នោតឲ្យខ្ញុំនឹងងាប់! អាហ្នឹងបងប្អូនត្រូវ​ជួយខ្ញុំវិញ! ខ្ញុំសំណូមពរនេះ ដើម្បីធានានូវនិរន្តរភាពអាឯកសារស្អីៗ។ នេះចំនុចសំខាន់ណាស់ គាត់ [ចង្អុលទៅចៅសង្កាត់] ជាបក្សជនមកពីគណបក្សប្រជាជន ហើយខ្ញុំជាគណបក្សប្រជាជនខ្ញុំនឹងគាំទ្រគាត់ ម៉េចឲ្យខ្ញុំគាំទ្របក្សប្រឆាំង! អូយ!!ទៅគាំទ្រអីបក្សប្រឆាំង»។

ទោះជាយ៉ាងណា ការប្រជុំរកដំណោះស្រាយ​ស្តីពីការអភិវឌ្ឍអគារប៊ូឌិញ “ស” នៅថ្ងៃសុក្រនេះ​ មិនទាន់បានលទ្ធផលឡើយ។ ប៉ុន្តែរបាយការណ៍របស់ក្រសួងរៀបចំដែនដីឲ្យដឹងថា មានពលរដ្ឋ​ប្រមាណ​៨៨,៣ភាគរយ​ សម្រេច​លក់បន្ទប់ ដោយ​គិតជាម៉ែត្រការ៉េ និងសល់ប្រមាណជាង១០ភាគរយ ចង់អភិវឌ្ឍន៍នៅហ្នឹងកន្លែង។

ដោយមានពលរដ្ឋយកជំរើសលក់ច្រើន លោក ជា សុផារ៉ា សុំឲ្យពលរដ្ឋយកជំរើសលក់ទាំងអស់គ្នា ដោយថា ដើម្បីងាយស្រួលដោះស្រាយ ដោយក្រសួងគិតតម្លៃលក់ក្នុង១ម៉ែត្រការ៉េស្មើ១២៦៣ដុល្លារ ប៉ុន្តែក្រុមពលរដ្ឋមិនពេញចិត្តឡើយ ដោយថាតម្លៃនោះទាបពេក​ គឺពលរដ្ឋ ទាមទារតម្លៃចន្លោះពី២០០០ដុល្លាដល់២៣០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

ពលរដ្ឋម្នាក់រស់នៅ អគារប៊ូឌិញ “ស” អ្នកស្រី ឈុំ សាគន ឲ្យដឹងថា អ្នកស្រីមិនចង់លក់ឬផ្លាស់ប្តូរចេញពីអគារប៊ូឌិញនេះទេ ដោយថា គ្រួសារអ្នកស្រីមានតែ​មួយបន្ទប់​ទំហំជាង​៣០ម៉ែត្រ​ការ៉េប៉ុណ្ណោះ។ អ្នកស្រីថា បើលក់ អ្នកស្រីមិនអាចទៅរកទិញផ្ទះថ្មីនៅបានឡើយ។

អ្នកស្រីបន្ថែម៖ «មីងមានតែ៣៦ការ៉េ បើលក់តាមតម្លៃគេឲ្យបាន៤ម៉ឺនជាងហ្នឹង ៤ម៉ឺនជាង យើងទៅរកទិញផ្ទះអីណាបាននៅអូន ទៅនៅឆ្ងាយម៉េចកើតយើងធ្វើនៅភ្នំពេញ កូនរៀននៅភ្នំពេញ និយាយទៅវាប៉ះពាល់ខ្លាំងម៉ងបើយើងសុទ្ធតែអ្នកក្រហ្នឹង»។

ក្រោយពីពលរដ្ឋតវ៉ាសុំតម្លើងថ្លៃបន្ថែម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក​ ជា សុផារ៉ា បានតម្លើង​ឲ្យចុង​ក្រោយ​៥០ដុល្លារទៀត ដោយបានប្រមាណ​១៣០០ដុល្លា ក្នុង១ម៉ែត្រការ៉េ និងទុក​ពេលឲ្យ​ពលរដ្ឋយកទៅពិចារណា ដើម្បីរងចាំប្រជុំរកដំណោះស្រាយពេលក្រោយទៀត។

ថ្វីបើលោករដ្ឋមន្រ្តី សម្រេចតម្លើងបន្ថែម៥០ដុល្លារយ៉ាងនេះក្តី ក៏ពលរដ្ឋនៅតែមិនពេញចិត្ត ដោយថាចំនួននោះ ក៏នៅតិច ដែលមិនអាចឲ្យពួកគាត់ទៅរកទិញផ្ទះកន្លែងផ្សេងបានដដែល។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ចេង រស្មី និយាយថា បើមិនមានដំណោះស្រាយសមរម្យទេ ​ពួកគាត់នឹងមិន​អាច​ចាក់​ចេញពីអគារប៊ូឌិញ “ស” នោះឡើយ បើទោះជាមានការបណ្តេញចេញក៏ដោយ។

អ្នកស្រីមានប្រសាសន៍ថា៖ «បើអត់២០០០អីទេយើងមិនចេញទេ ចេញធ្វើអីបើយើងយកមកទិញអីមិនបានផង បើគេដេញចាំគិតទៀត តាមពិតពួកខ្ញុំចង់ចេញណាស់ព្រោះរដ្ឋាភិបាលគេត្រូវអភិវឌ្ឍន៍ហើយ តែដំណោះស្រាយចឹងយើងទទួលមិនបានទេ»។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលចូល ស្តាប់ការប្រជុំដោះស្រាយនេះ មានប្រសាសន៍ថា លោកពេញចិត្តនឹងយន្តការដោះស្រាយ របស់ក្រសួងរៀបចំដែនដី ដោយថា ព្រោះក្រសួង បានកោះហៅពលរដ្ឋមកជជែកដោះស្រាយផ្ទាល់ៗ ប៉ុន្តែលោកសុំឲ្យការដោះស្រាយនោះទទួលបានទាំងអស់គ្នា ទាំងភាគីពលរដ្ឋ អាជ្ញាធរនិងក្រុមហ៊ុន។

ចំពោះការអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនវិញ លោកថា ពលរដ្ឋគឺជាអ្នកពិចារណាដោយខ្លួនឯង ទៅលើសកម្មភាព និងយន្តការដោះស្រាយរបស់ក្រសួង។

លោកបន្ថែមថា៖ «មិនចាំឃោសនាទេ​ សំខាន់ គណបក្សកាន់អំណាចហ្នឹងគាត់ខំធ្វើល្អឲ្យប្រជាពលរដ្ឋគាត់ពេញចិត្តនឹងការទទួលត្រូវក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋទៅ ខ្ញុំជឿថា ពលរដ្ឋនឹងបោះឆ្នោតឲ្យហើយ តែបើគ្រាន់តែឃោសនាហើយការដោះស្រាយការអនុវត្តមិន បានលឿនទាន់សភាពការ តាមការចង់បានរបស់ប្រជាពលរដ្ឋទេ មិនងាយទេ ទោះខំនិយាយ អូសទាញម៉េចក៏មិនងាយដែរ ព្រោះប្រជាពលរដ្ឋឥលូវគាត់មានហ្វេសប៊ុកគាត់តាមដានព័ត៌ មានខាំងណាស់»។

ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ គ្រោងធ្វើការអភិវឌ្ឍន៍ អគារប៊ូឌិញ “ស” ដែលអាយុ កាលជាង៥០ឆ្នាំ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ក្នុងតម្លៃ៨០លានដុល្លា ដោយរហូតមកដល់ ពេលនេះមិនទាន់មានដំណោះស្រាយណាមួយជាមួយពលរដ្ឋ៤៩៣គ្រួសារនៅលើអាគារនោះនៅឡើយទេ ខណៈក្រសួងផ្តល់ជំរើសពីរដល់ពលរដ្ឋ ទី១គឺត្រូវចាកចេញបណ្តោះអាសន្ន ហើយត្រឡប់មកវិញទទួលបានផ្ទះថ្មីក្នុងទីតាំងដដែល និងជំរើសទី២ គឺលក់យកលុយហើយចាកចែញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ