ពលរដ្ឋមួយចំនួននៅឃុំត្នោត ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង សំដែងការមិនពេញចិត្តចំពោះ អាជ្ញាធរឃុំ ដោយថា បានរៃអង្គាសលុយពីអ្នកភូមិដើម្បីធ្វើផ្លូវ ខណៈឃុំសង្កាត់នីមួយៗមាន កញ្ចប់ថវិកាជាតិរួចហើយសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។
ពលរដ្ឋម្នាក់ លោក ង៉ែ រដ្ឋា នៅភូមិបុណ្យ ឃុំត្នោត ប្រាប់វីអូឌីថា ថ្មីនេះអាជ្ញាធរឃុំរបស់ លោកបានដើររៃអង្គាសថវិកាមិនកំណត់ចំនួន ពីប្រជាពលរដ្ឋដើម្បីយកមកធ្វើផ្លូវ និងប្រឡាយ ប៉ុន្តែលោកថា ពលរដ្ឋខ្លះមិនពេញចិត្តឡើយ ដោយថា ឃុំមានកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍហើយ។
លោកបន្តថា ចាប់តាំងពីបោះឆ្នោតរួចមកឃុំរបស់លោកហាក់មិនការអភិវឌ្ឍអ្វីនោះទេផ្លូវក៏ខូច ប្រឡាយក៏ខូច ដោយមិនឃើញអាជ្ញាធរធ្វើការជួសជុលឡើយ។
លោកបន្ថែមថា «រយៈពេលជាង៤ឆ្នាំហ្នឹងវាអត់មានការរើកចំរើនអ្វីសោះតាំងពីផ្លូវតាំងពីប្រឡាយទឹកហើយក្នុងឃុំនីមួយៗតែងតែមានថវិការដ្ឋសម្រាប់ទំលាក់ឲ្យឃុំហ្នឹងធ្វើការអភិវឌ្ឍឃុំ ហើយពេលដែលឃុំបានថវិការដ្ឋដែលទំលាក់ពីមួយឆ្នាំទៅមួយឆ្នាំ៤ឆ្នាំហ្នឹងហើយ ផ្លូវនៅតែពិបាកដើរ ប្រឡាយទឹកនៅតែអត់មាន អញ្ចឹងចង់ឲ្យបងសួរទៅមេឃុំថា អ្វីបានជានៅក្នុងអភិឌ្ឍន៍ហ្នឹងអត់មានការអភិវឌ្ឍ ហើយសួរថាតើថវិការដ្ឋដែលគេទំលាក់ឲ្យនោះយកទៅណា?»។
ពលរដ្ឋម្នាក់ទៀតលោក ចែ បុន និយាយថា រាល់ការចំណាយលើការអភិវឌ្ឍន៍អ្វីមួយអាជ្ញាធរមូលដ្ឋានមិន ដែលប្រាប់ឲ្យពលរដ្ឋដឹងនោះទេ ពេលផ្លូវខូចទើបដើររៃអង្គាសពីថវិកាពលរដ្ឋ ដោយប្រាប់ថា ឃុំខ្វះថវិកាសម្រាប់អភិវឌ្ឍន៍ទៅវិញ។
លោក មាខ សារ៉ាន មេឃុំត្នោត បានទទួលស្គាល់ថា អាជ្ញាធរឃុំបានដើររៃអង្គាសថវិកា ពីប្រជាពលរដ្ឋដើម្បីមកធ្វើផ្លូវ និងប្រឡាយពិតមែន ប៉ុន្តែលោកថា ការរៃអង្គាសនោះមិនបាន បង្ខំឲ្យពលរដ្ឋត្រូវតែបង់ប្រាក់ឡើយគឺចូលតាមសណ្តានចិត្តប៉ុណ្ណោះ។ ចំណែកកញ្ចប់ថវិកាឃុំវិញ លោកថា សម្រាប់ឆ្នាំ ២០១៦ ឃុំបានប្រើប្រាស់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងអស់ហើយ និងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៧មិនទាន់មាននោះទេ ទើបអាជ្ញាធរសម្រេចដើររៃអង្គាសខ្លះ ពីប្រជាពលរដ្ឋដើម្បីជួសជុលផ្លូវខ្លះដែលកំពុងខូចតែប៉ុណ្ណោះ។
បើតាមពលរដ្ឋពលរដ្ឋពួកគេទាមទារឲ្យអាជ្ញាធរឃុំត្រូវបញ្ចេញកញ្ចប់ថវិកាឃុំដែលក្រសួងមហាផ្ទៃទំលាក់ ឲ្យនោះយកមកអភិវឌ្ឍន៍ផ្លូវ ប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងត្រូវបង្ហាញរាល់ព័ត៌ មានលើការចំណាយនោះឲ្យបានច្បាស់លាស់ផងដែរ៕