តុលាការ​អាមេរិកបន្តរឿង​ក្តី​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោក ហ៊ុន សែន និង​កូនប្រុស

លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន

តុលាកា​រសហរដ្ឋអាមេរិកនឹងបន្ត​​បើកសវនាការលើ​សំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែល​ប្តឹង​លោក​​នាយក​​​រដ្ឋ​មន្ត្រីកម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ ធ្វើភេរវកម្ម ​និង​ ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ។ នេះ​បើតាម​ភាគី​ដើម​បណ្តឹង។

ភរិយារបស់​លោក មាជ សុវណ្ណារ៉ា គឺលោកស្រី ចេមី មាជ (Jamie meach) បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការ​សហរដ្ឋអាមេរិក នៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) នឹងបើក​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង នៅ​ថ្ងៃ​ទី​១៣ ខែមេសា វេលាម៉ោង៨.៣០ព្រឹក​ ម៉ោងនៅអាមេរិក លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែល​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​និង​កូន​ប្រុស ​លោក ហ៊ុន ម៉ាណែត។

កាលពីចុងខែមីនា លោក អ៊ុច ខែមសុខាំបូរ មេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា បាន​បញ្ជាក់​ថា សវនាការនៅថ្ងៃទី១៣មេសានោះ នឹងបង្ហាញពីឯកសារ ភស្តុតាងមួយចំនួនទៀត ដែលអង្គរក្សរបស់​លោក ហ៊ុន ម៉ាណែត បង្ក​រ​ហិង្សាលើលោក ផល ហេរ នៅសហរដ្ឋអាមេរិក។

VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។

កាលពីខែមីនា លោក មូរតុន ក្លា (Morton Sklar) មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា បានថ្លែងក្នុងវីដេអូឃ្លីបដែលផ្សាយតាមហ្វេសប៊ុកថា តុលាការអាមេរិកនឹងបន្តយកបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ប្តឹងលោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅចាត់​ការជា​បឋមលើ​យុត្ថាធិការ​របស់​តុលាការតាមនីតិវិធី ខណៈក្រុមមេធាវីនាយរដ្ឋមន្ត្រីកម្ពុជានិងលោក ហ៊ុន ម៉ាណែត បានប្តឹង​ទាត់ចោលបណ្តឹងនេះ ដោយថាតុលាការធ្វើខុស​នីតិវិធី​ច្បាប់៖ ប្តឹងតុលាការអាមេរិកឲ្យចាត់ការជាបឋមលើចំណុចយុត្តាធិការរបស់តុលាការ បណ្តឹងនេះមានសារៈសំខាន់ណាស់ ព្រោះបណ្តឹងនេះតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត បង្ហាញព័ត៌មាននិងរងការសួរចម្លើយដោយផ្ទាល់ពីតុលាការ នេះជាឱកាសដ៏ថ្លៃថ្លាបំផុតដែលពិភពលោកនិងបានស្តាប់ចម្លើយរបស់រដ្ឋាភិបាលដោយចោទសួរដោយតុលាការឯករាជ្យពិតប្រាកដអំពីរឿងរំលោភសិទ្ធិមនុស្សនៅកម្ពុជា

គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់​ពាក្យ​បណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពី​បទ”​ធ្វើ​ភេរវ​កម្ម”និង​”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យ​បណ្តឹង​នោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួល​ខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំ​ឲ្យមាន​ការ​ចាប់​ខ្លួន​និង​កាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ