មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា សកម្មជនកំពុងជាប់ឃុំ មានជំនឿថា ការបន្តឃុំខ្លួនពួកគេ ដែលថាជាអ្នកស្នេហាជាតិនោះ នឹងជំរុញឲ្យមានចរន្តផ្លាស់ប្តូរមេដឹកនាំជាវិជ្ជមាននៅថ្ងៃបោះឆ្នោតខាងមុខ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលជួបសកម្មជនរបស់ខ្លួន នៅពន្ធនាគារព្រៃសនាព្រឹកថ្ងៃទី១៩ខែមេសានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ លើកឡើងថា សហការីទាំងនោះ នៅតែក្លាហាន និងថា ពួកគេបានផ្តាំផ្ញើកុំឲ្យគណបក្ស យកការបន្តឃុំខ្លួនពួកគេនេះ ធ្វើជាការភ័យខ្លាច ហើយដោះដូរជាថ្នូរនយោបាយណាមួយ ជាមួយបក្សកាន់អំណាច ដែលនាំឲ្យពលរដ្ឋបាត់បង់ជំនឿ។
លោកស្រី មួរ សុខហួរ លើកឡើងទៀតថា សហការីទាំងនោះ នៅតែអះអាងថា ចំណាត់ការចាប់ឃុំខ្លួនពួកគេនេះ ដោយសាតែពួកគេជាអ្នកស្នេហាជាតិ។ លោកស្រីថា អ្នកឃាប់ឃុំទាំងនោះគិតថា បញ្ហានេះ ពលរដ្ឋភាគច្រើនបានដឹង និងថាពលរដ្ឋនឹងបោះឆ្នោតគាំទ្របក្សប្រឆាំង ឲ្យបានឈ្នះការបោះឆ្នោតខាងមុខ។
លោកស្រីថា៖ «សម្តីរបស់អ្នកទោសមនសិកា អំបាញ់មិញ គាត់ថា គាត់មានសង្ឃឹមថា ប្រជាពលរដ្ឋយើង រឹតតែឈឺចាប់ជំនួសគាត់ ហើយគាត់ជឿជាក់ថា នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន»។
បើតាមលោកស្រី មួរ សុខហួរ អ្នកទោសមនសិការទាំងនោះ ក៏អំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាផងដែរ ដោយថា យុត្តិធម៌របស់ពួកគេ និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលកំពុងជាប់ឃុំ ពឹងលើការផ្លាស់ប្តូរជាវិជ្ជាមាននេះ។
ទោះជាយ៉ាងណា លោកស្រី មួរ សុខ អះអាងថា គណបក្សសង្គ្រោះជាតិ នៅតែបន្តស្វែងរកដំណោះស្រាយនយបាយ ជាមួយបក្សកាន់អំណាច តាមរយៈវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងក្នុងសង្គម និងបើកផ្លូវឲ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស កំពុងជាប់ឃុំផងដែរ។
កន្លងទៅ នៅពេលមេដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាច វាយប្រហាគ្នាដោយពាក្យសម្តី គេសង្គេតឃើញ សកម្មជនបក្សប្រឆាំង១៦រូប រួមទំាងតំណាងរាស្ត្រ លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានចាប់ឃុំខ្លួន សកម្មជនដីធ្លីនៅតំបន់បង់កក់ អ្នកស្រីទេព វន្នី មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា ក៏ត្រូវចាប់ឃុំខ្លួនផងដែរ។
យ៉ាងនេះក្តី កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហើបថា រដ្ឋាភិបាលនឹងពិចារណាលើកលែងទោស មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប លោក នី ចរិយា រួមទាំងសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី នៅពេលសំណុំរឿងទាំងនោះ ផុតពីដៃតុលាការ។
ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា ករណីលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ដែលសកម្មនឹងការរិះគន់បញ្ហាព្រំដែន លោកថា នឹងមិនពិចារណាស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសនោះទេ។
គិតត្រឹមថ្ងៃទី១៩ខែមេសានេះ អ្នកជាប់ឃុំដែលសង្គមស៊ីវិលចាត់ទុកថា ជាអ្នកទោសមនសិកានោះ ពួកគេខ្លះ ជាប់ពន្ធនាគារជិតមួយឆ្នាំ និងខ្លះទៀតលើសពីនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា បក្សកាន់អំណាច អាចនឹងបន្តធ្លាក់ចុះប្រជាប្រិយភាព បើការបន្តឃុំខ្លួននោះ មានរយៈយូររហូតដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដោយថាបញ្ហានេះ អាចមានសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា បើគិតត្រឹមការបោះឆ្នោតឃុំសង្កាត់នេះ លោកថា បក្សកាន់អំណាច អាចយកប្រៀបលើបក្សប្រឆាំង ដោយថា យន្តការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លិ និងសកម្មជនបក្សប្រឆាំងនេះ អាចទប់ស្កាត់កម្មភាព ជម្រុញពលរដ្ឋឲ្យយល់ដឹងពីប្រជាធិបតេយ្យ តាមរយៈរឹតបណ្តឹងសេរីភាពបញ្ចេញមតិ។
លោកថា៖ «ការដោះលែងសកម្មជនទាំងនេះ កម្មជននេះបានដើរតួនាទីច្រើនក្នុងការជំរុញឲ្យពលរដ្ឋហ្នឹងមានសកម្មភាពសកម្មនៅក្នុងសង្គមប្រជាធិបតេយ្យ។ អញ្ចឹងទេវាស្របទៅនឹងគោលនយោបាយ របស់គណបក្សប្រឆាំង។ អញ្ចឹងបើឆ្នាំក្រោយ គណបក្សប្រឆាំងមានយន្តការល្អជាង។ ប៉ុន្តែការបោះឆ្នោតរយៈពេលខ្លីនេះ គណបក្សកាន់អំណាចគេមានប្រៀបជាង»។
យ៉ាងណាក៏ដោយ លោកស្រី មួរ សុខហួរ អះអាងថា គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួន រួចហើឆ្ពោះទៅកាន់ការឈ្នះឆ្នោតនៅពេលខាងមុខ តាមយុទ្ធសាស្ត្រ មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង៕