មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កំពុងរៀបចំយន្តការមួយ ជំរុញឲ្យកសិករអនុវត្តកសិកម្មឲ្យល្អនិងឲ្យកាន់តែច្រើន ដោយថាដើម្បីចូលរួមកាត់បន្ថយការនាំបន្លែពីក្រៅប្រទេសនិងបន្លែដែលមានផ្ទុកជាតិគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាព ខណៈប្រជាពលរដ្ឋកំពុងបារម្ភពីកម្រិតជាតិពុលនៅក្នុងបន្លែនាពេលបច្ចុប្បន្ននេះ។
តាមការសិក្សាស្រាវជ្រាវថ្មីៗ របស់អង្គការសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍន៍បាន បង្ហាញថា៩៥ភាគរយ នៃអ្នកប្រើប្រាស់ ព្រួយបារម្ភពីកម្រិតជាតិគីមីនៅក្នុងបន្លែ ទាំងបន្លែនៅក្នុងស្រុក និងបន្លែនាំចូលពីប្រទេសជិតខាង។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មលោក ហេង ឈុនហី ប្រាប់វីអូឌីនៅសប្តាហ៍នេះថា រដ្ឋាភិបាលកំពុងធ្វើការលើគំរោងមួយ ដើម្បីបង្កើនផលិតភាពការដាំដុះបន្លែសុវត្តិភាព ដោយរដ្ឋាភិបាលបានកំណត់យកគោលដៅខេត្តចំនួន១១ ក្នុងការជំរុញកសិករអនុវត្តន៍កសិកម្មល្អនេះ។
លោកបន្តថា ដើម្បីជំរុញឲ្យកសិករដាំបន្លែសុវត្តិភាពបានល្អ មន្រ្តីជំនាញរបស់ក្រសួងនឹងចុះបណ្តុះបណ្តាល់ ឬចុះបង្រៀនជំនាញបច្ចេកទេសដល់កសិករក្នុងតំបន់គោលដៅទាំងនោះ។ លើសពីនេះទៀត លោកថា ក្រសួងនឹងផ្តល់វិញ្ញាបណ្ណបត្របញ្ជាក់លើផលិតផល ប្រសិនបើកសិករអនុវត្តបានល្អ។
លោកបន្ថែថា៖ «ក្នុងរដ្ឋាភិបាលបានសម្រេចដាក់នៅគម្រោងមួយដើម្បីបង្កើនផលិតភាពបន្លែនេះធ្វើម៉េចដាំដុះឲ្យមានការកើនឡើងក្នុងគោលដៅខេត្តចំនូន១១ ហើយដើម្បីធ្វើយ៉ាងណាឲ្យមានការកាត់បន្ថយបន្លែផ្លែឈើពីប្រទេសជិតខាង ក្នុងនោះដែរក្រសួងកសិកម្មយើងបានជំរុញ ធ្វើយ៉ាងណាគឺយើងចងក្រងបងប្អូនប្រជាកសិករដែលដាំបន្លែនេះទៅជាសហគមន៍ ក្នុងនោះ យើងបានបញ្ចូលនៅបច្ចេកវិទ្យាជាពិសេសការអនុវត្តកសិកម្មល្អ ធ្វើយ៉ាងណាបង្កើនចំណេះដឹងបងប្អូនប្រជាកសិកររបស់យើងបន្ទាប់យើងនឹងធ្វើការបញ្ជាក់ជូនគាត់ថាជា បន្លែផ្លែឈើ GAP (ការអនុវត្តកសិកម្មល្អ)»។
អាជីវករលក់បន្លែសុវត្តិភាពម្នាក់នៅខណ្ឌសែនសុខ អ្នកស្រី រស់ បុប្ឆា បានគាំទ្រទៅលើយន្តការរបស់ក្រសួងកសិកម្ម ដែលចេញវិញ្ញាបណ្ណបត្រដល់កសិករ ដើម្បីបញ្ជាក់ពីការអនុវត្តកសិកម្មល្អនេះ ដោយអ្នកស្រីថា អតិថិជនហាក់មិនទាន់មានជំនឿថា បន្លែដែលដាក់លក់នោះ ជាបន្លែសុវត្តិភាពទេព្រោះមិនមានអ្វីបញ្ជាក់។
អ្នកស្រីបន្ថែមថា៖ «ទាក់ទងជាមួយហ្នឹងយើងបង្កើតបានហើយទាក់ទងនឹងទំនុកចិត្តរបស់អ្នកហូបដោយសារតែមានការហូរចូលបន្លែពីខាងក្រៅច្រើនហើយមានអ្នកលក់កុហកច្រើនអញ្ចឹងទៅធ្វើឲ្យអ្នកទទួលទានហ្នឹងមានការសង្ស័យច្រើនទៅលើកសិកផលរបស់យើង»។
អ្នកគ្រប់គ្រងហាងលក់បន្លែកសិផលធម្មជាតិមួយរាជធានីភ្នំពេញ លោក គង់ ស៊ីណាលុច មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលគាំទ្រ និងជំរុញឲ្យកសិករដាំបន្លែសុវត្តិភាពនេះ ជាសញ្ញាណល្អមួយដើម្បីខិតខំបន្លែ និងជាចំណែកមួយជួយឲ្យប្រជាពលរដ្ឋរួមផុតគ្រោះថ្នាក់ដោយសារការបរិភោគ បន្លែដែលផ្ទុកជាតិគីមីហួសកំរិត។ ប៉ុន្តែលោក គង់ ស៊ីណាលុច ហាក់មិនសូវមានជំនឿលើយន្តការរបស់រដ្ឋាភិបាលនេះទេ ដោយថាកន្លងមករដ្ឋាភិបាលបង្កើតយន្តការច្រើន តែអនុត្តមិនមានប្រសិទ្ធភាព។
លោកបន្ថែថា៖ «ពេលដែលរដ្ឋាភិបាលយកចិត្តទុកដាក់បែបហ្នឹង គឺក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ក៏ដូចហាងលក់បន្លែធម្មជាតិមានការសប្បាយរីករាយបំផុត ដោយសារប្រជាពលរដ្ឋយើងនឹង ទទួលបានអាហារដែលសុវត្តិភាព ហើយពេលដែលរដ្ឋាភិបាលចេញផ្លាក់សញ្ញាបញ្ជាក់អញ្ចឹង វាជាអត្តសញ្ញាណមួយដោយថាប្រសិនបើអតិថិជនឃើញស្លាកសញ្ញាឡូកូបែបហ្នឹងគឺធ្វើពួកគេ មានទំនុកចិត្តក្នុងប្រើប្រាស់ អញ្ចឹងនេះសញ្ញាមួយល្អដែរ»។
លទ្ធផលបឋមនៃការសិក្សាឆ្នាំ២០១៦ របស់អង្គការស្បៀងអាហារពិភពលោក (FAO) បង្ហាញថា កម្ពុជាត្រូវការបន្លែជិត១លានតោណក្នុង១ឆ្នាំៗ ដោយក្នុងនោះ៥៦ភាគរយ ជាបន្លែដែលនាំចូលពីប្រទេសជិតខាង ខណៈបរិមាណបន្លែក្នុងស្រុកផ្គត់ផ្គងបានត្រឹមតែ៤៤ភាគរយប៉ុណ្ណោះ។
ទិន្នន័យផ្សាយតាមសារព័ត៌មានក្នុងស្រុកមួយកាលពីខែមិថុនាឆ្នាំ២០១៦ បង្ហាញថា ក្នុងមួយថ្ងៃៗកម្ពុជានាំចូលបន្លែប្រមាណ៤០០តោនពីក្រៅប្រទេស គឺស្មើនឹងជាង១៤ម៉ឺនតោណក្នុង១ឆ្នាំ ដែលគិតជាទឹកប្រាក់ប្រមាណជា ២០០លានដុល្លារអាមេរិក ហើយបន្លែដែលនាំចូល ពីប្រទេសជិតខាងដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានអ្នកប្រើប្រាស់ និងអ្នកលក់ រួមទាំងមន្រ្តីជំនាញអះអាងប្រហាក់ប្រហែលគ្នាថា មិនមានអ្វីធានាថាសុវត្តិភាពសម្រាប់បរិភោគនោះទេ៕