នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានថ្មីទៀតថាកម្ពុជាអាចនឹងផ្ទុះសង្គ្រាម បើសិនគណបក្សរបស់លោកចាញ់ការបោះឆ្នោតនាពេលខាងមុខ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងដោយចោទជាចម្ងល់ថា ប្រសិនបើគណបក្សប្រជាជនមិនបន្ដកាន់អំណាចនោះ លោកចោទសួរថា តើសន្ដិភាពនៅកម្ពុជាអាចត្រូវបានធានា ឬអត់ ដោយលោកថា បើការជេរប្រទិច លាបពណ៌ដាក់គ្នា និងការប្រមាថមាក់ងាយនៅតែបន្ដកើតមាន ក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។
លោកនាយករដ្ឋមន្ដ្រីថ្លែងដូចច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ខែមេសាម្សិលមិញ។
លោកមានប្រសាសន៍បន្ដថា នៅពេលគណបក្សប្រជាជនកាន់អំណាច លោកថា ភាគីទាំងអស់សុទ្ធតែអាចរស់នៅជាមួយគ្នាដោយសុដុមរមនា ដោយលោកថា រដ្ឋាភិបាលរបស់លោកបានបង្កើតឱកាស និងបរិយាកាសល្អប្រសើរសម្រាប់អ្នកវិនិយោគនិងភាគីទាំងអស់។ លោកចោទជាសំណួរថា តើប្រជាជនកម្ពុជាគួរបោះឆ្នោតដើម្បីរក្សាសន្ដិភាព ឬបោះឆ្នោតដើម្បីសង្គ្រាម បើសិនមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមែននោះ។
លោកថា៖ «តើប្រាកដទេ នៅពេលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាដកថា សន្ដិភាពនេះត្រូវបានធានា ឬអត់? បើការលាបពណ៌ ការជេរប្រទិច ការប្រមាថមាក់ងាយ នៅតែបន្ដកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ តើបោះឆ្នោតដើម្បីសន្ដិភាពបន្ដ ឬបោះឆ្នោតដើម្បីសង្គ្រាម?»។
ការព្រមានរឿងសង្គ្រាមនេះមិនមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន តែងធ្វើ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ កំពុងខិតចូលមកដល់។
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា «សារសង្គ្រាម» របស់លោក ហ៊ុន សែន គឺជារឿងធម្មតាដែលបក្សកាន់អំណាចតែយកមកប្រើ ដើម្បីអួតពីសមត្ថភាពដឹកនាំប្រទេសរបស់ខ្លួន និងការរកប្រជាប្រិយភាព ដើម្បីយកឈ្នះការបោះឆ្នោតខាងមុខ។
ប៉ុន្ដែលោក មាស នី វិភាគថា សារព្រមានពីសង្គ្រាមនេះអាចមានហេតុផលខ្លះដែរ ដោយលោកសន្និដ្ឋានថា រដ្ឋាភិបាលទំនងជាដឹងខ្លួនមុន ឬទទួលបានព័ត៌មានច្បាស់ការណាមួយថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេអាចមិនគាំទ្រគណបក្សប្រជាជនមួយរយភាគរយនោះទេ ឬលោកថា មានខ្លះគាំទ្របក្សប្រឆាំងដែរ។
លោកវិភាគទៀតថា ប្រសិនបើសង្គ្រាមកើតមានដោយសារគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ គឺវាមិនអាចទៅរួចទេ ដោយលោកថា គណបក្សប្រឆាំងមិនមានកម្លាំងទ័ពនៅក្នុងដៃ ពោលគឺមានតែរដ្ឋាភិបាលប៉ុណ្ណោះ។ លោកថា សង្គ្រាមអាចកើតមាន លុះណាតែមានកម្លាំងប្រដាប់អាវុធពីរប្រឈមមុខដាក់គ្នា។
លោកថា៖ «ខ្ញុំគិតថា វាជាការឃោសនាហ្នឹង ក៏ប៉ុន្ដែប្រសិនជាយើងពិនិត្យមើលតាមដានរឿងហ្នឹង វាហាក់ដូចជា ប្រមុខរដ្ឋាភិបាលគាត់អាចដឹងថា នៅក្នុងជួរកងទ័ព ឥឡូវហ្នឹង បើសិនជាយើងមើលពីកម្លាំងប្រដាប់អាវុធ វាអត់មានកម្លាំងប្រដាប់អាវុធណា ក្រៅពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អញ្ចឹងទំនងហាក់ដូចជា រដ្ឋាភិបាលគាត់បានដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅនៅក្រោមការគ្រប់គ្រង ស្មោះស្ម័គ្រជាមួយរដ្ឋាភិបាលទេ […]បើសិនជាមិនផ្ទេរអំណាច ឧទាហរណ៍ថា ឥឡូវសង្គ្រោះជាតិឈ្នះឆ្នោត បើសិនជា មិនប្រគល់អំណាចឲ្យសង្គ្រោះជាតិ នឹងមានសង្គ្រាម។ អ្នកណានឹងចេញមកច្បាំង?»។
បើតាមប្រតិទិនគ.ជ.ប យុទ្ធនាការឃោសនារកសំលេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤ មិថុនា ឆ្នាំដដែល៕