ស្ថាប័នពាក់ព័ន្ធមួយចំនួន បានរុញដាក់គ្នាពីការមិនទទួលខុសត្រូវ ក្រោយទទួលបានការិះគន់ពីប្រជាពលរដ្ឋ ករណីមិនបានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅតាមទីសាធារណៈសំខាន់ៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមក។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៨ ខែមេសា ទីប្រឹក្សារបស់ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានរិះគន់សាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ដែលមិនបានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅតាមទីសាធារណៈសំខាន់ៗ និងសណ្ឋាគារធំៗ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិ លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា មុនថ្ងៃពិធីបុណ្យចូលឆ្នាំ គណៈកម្មធិការៀបចំបុណ្យជាតិ បានប្រជុំនិងបានអំពាវនាវឲ្យក្រសួងស្ថាប័ន ទាំងអស់ត្រូវដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ តែការអនុវត្តយ៉ាងណានោះ គឺអាស្រ័យនៅលើស្ថាប័ននីមួយៗជាអ្នករៀបចំ។
ពាក់ព័ន្ធនឹងករណីនេះ វីអូឌី បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ទិត ចន្ថា ប៉ុន្តែលោកថាលោកកំពុងជាប់រវល់ប្រជុំ។ ទោះជាយ៉ាងណា កាលពី១៨ខែមេសា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា នៅតាមសណ្ឋាគារទាំងអស់បានដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងម្ចាស់ក្សត្រិយានី នរោត្តម មុនិនាថ សីហនុ ទៅតាមសារាចរណែនាំរបស់ក្រសួង។
ដោយឡែក នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា សុំមិនបកស្រាយចំពោះរឿងនេះ ដោយលោកបង្វែរសំណួរនេះឲ្យទៅសួរមន្ត្រីរាជវាំង។
លោកថា៖ «ទីមួយខ្ញុំសុំមិនធ្វើអត្ថាធិប្បាយហើយ សុំឲ្យហើយអញ្ចើញត្រឡប់ទៅសួរជាមួយនឹងខុទ្ធកាល័យក្រសួងព្រះបរមរាជាវាំងទៅ»។
ចំពោះអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរសត្យា យល់ថា ការមិនបានដាក់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅតាមកន្លែងខ្លះ លោកថា មិនបានប៉ះពាល់អ្វីឡើយ។ លោកចាត់ទុកការរិះគន់នេះ ជាការបង្កើតឲ្យមានបញ្ហានៅក្នុងសង្គមតែប៉ុណ្ណោះ។
លោកថា៖ «ព្រោះពិធីនេះ ជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនមែនជាពិធីអបអរសាទអ្វីក្រៅពីហ្នឹងទេ ប៉ុន្តែនៅពេលចំរបស់គេ គឺដូចជាពិធីឡើងគ្រោងរាជសម្បត្តិ ឬពិធីណាផ្សេងៗ ដែលទាក់ទិនទៅហ្នឹង ព្រះមហាក្សត្ររបស់យើង គឺមិនដែលមានការចន្លោះប្រហោងបញ្ហាហ្នឹងទេ។ ប៉ុន្តែបញ្ហាហ្នឹងជាបញ្ហាបុណ្យចូលឆ្នាំថ្មី ចឹងប្រហែលជាគណៈកម្មការបុណ្យជាតិ ឬក៏សាលាក្រុង គេមានការគិតគួរហ្មត់ចត់គេ អំពីបញ្ហាហ្នឹង កុំឲ្យវាច្របូលច្របល់ថា ពេលណាក៏ដូចជាពេលណា វាមិនដូចគ្នា។ នេះជាទស្សនៈ បុគ្គលផ្ទាល់ខ្លួនរបស់ខ្ញុំទេ ខ្ញុំមិនមែនឆ្លើយជំនួសសាលាក្រុង ឬមិនឆ្លើយជំនួសស្ថាប័នដទៃ… »។
ទោះជាយ៉ាងណា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ មានបន្ទូលថា ការមិនដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃកន្លងមក មិនមែនជាការធ្វេសប្រហែសនោះទេ ប៉ុន្តែមកពីរដ្ឋាភិបាលមិនបានយកចិត្តទុកព្រះមហាក្សត្រ។
ព្រះអង្គមានបន្ទូលថា៖ «ឆ្លុះបញ្ចាំថា មិនរវល់មិនទទួលខុសត្រូវតាប៉ុណ្ណឹង ខ្ញុំមើលអត្ថាធិប្បាយចម្លើយរបស់ស្ថាប័នពាក់ព័ន្ធមួយៗ មានន័យថាមានពីរគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិមួយ ហើយនាក្រសួងនានា ដូចជាក្រសួងទេសចរណ៍អីហ្នឹង។ គេឆ្លើយ គឺឆ្លើយ ឲ្យតែរួចខ្លួនតើ គេថាគេបានអំពាវនាវហើយប៉ុន្តែស្ថាប័នមួយៗអត់ធ្វើ តើធ្វើយ៉ាងម៉េច។ អាហ្នឹងហើយ ដែលឆ្លុះបញ្ចាំឲ្យឃើញថា របៀបនេះ គឺរបៀបមិនទទួលខុសត្រូវ»។
អ្នកជំនាញអភិបាលកិច្ចនិងប្រជាធិបតេយ្យ លោក ចាន់ វិបុល មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំជាបុណ្យជាតិដែលធំ ដូចនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅតាមទីសាធារណៈសំខាន់ៗ ដោយសារ ព្រះមហាក្សត្រជានិមិត្តរូបនៃសេចក្ដីសុខរបស់សង្គមនិងប្រជាពលរដ្ឋ។
លោកបន្តថា ការមិនដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅទីសាធារណៈសំខាន់ៗនេះ ជាធ្វេសប្រហែលឬ មិនបានខ្វល់ខ្វាយដោយចេតនាណាមួយ៕