តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិម្នាក់បានចូលឆ្លើយបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ ក្នុងនាមសាក្សី តាមដីកាកោះរបស់តុលាការ ករណីដែលរដ្ឋាភិបាលចោទ លោក ជុន ច័ន្ទបុត្រ ថាបន្លំខ្លួនចូលពន្ធនាគារ។
តំណាងរាស្ដ្រ លោក ឡុង រី បានចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក សំ សុគង់ ជាមេធាវីប្រឹក្សា ប៉ុន្តែតំណាងរាស្ត្ររូបនេះមិនបានជួបមុខអ្នកសារព័ត៌មានទេ។
លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា លោក ឡុង រី គ្រាន់តែអាចបំភ្លឺក្នុងនាជាសាក្សី ទោះបីលោកជាតំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភាក៏ដោយ។ ប៉ុន្ដែលោកថា សុំមិនធ្វើអត្ថាធិប្បាយពីខ្លឹមសារនៃការសួរនេះទេ ដោយថាព្រោះជាការសម្ងាត់ក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការ។
លោកថា៖ «ឯកឧត្តមមកក្នុងនាមជាសាក្សី ហើយមកបំភ្លឺនេះ គឺបំភ្លឺទៅតាមអ្វីដែលជាកាតព្វកិច្ចរបស់សាក្សី។ ការ ឬអត្ថន័យ ខ្លឹមសារនៃការឆ្លើយបំភ្លឺនេះ គឺខាងមេធាវីសុំមិនឆ្លើយទេ ដោយសារវាពាក់ព័ន្ធទៅនឹងការងារសម្ងាត់នៃការស៊ើបអង្កេត»។
នៅព្រឹកនេះដែរ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោក ហូរ វ៉ាន់ រួមនឹងសកម្មជនដីធ្លីជាច្រើននាក់បានប្រមូលផ្ដុំគ្នាមុខតុលាការក្រុងភ្នំពេញ។ លោក ហូរ វ៉ាន់ ឲ្យ VOD ដឹងថា លោកមកតុលាការនៅព្រឹកនេះ គឺដើម្បីឃ្លាំមើលការសាកសួរលើលោក ឡុង រី និងដើម្បីគាំទ្រមន្ដ្រីគណបក្សប្រឆាំងរូបនេះ។
លោកថា៖ «ធម្មតាសហសេវិករបស់យើង ដែលធ្វើការជាមួយគ្នា យើងត្រូវតែឈឺឆ្អាល យើងត្រូវតែមកឃ្លាំមើល។ ខ្ញុំអត់មានជំនឿថា ត្រូវការបង្វែរ ត្រូវការចោទប្រកាន់អីទេ ព្រោះលោក គាត់ គេអញ្ជើញមកក្នុងនាមជាសាក្សី ហើយគាត់គោរពតាមអ្វីដែលតុលាការអញ្ជើញ ហើយគាត់មកដើម្បីឆ្លើយបំភ្លឺ»។
ក្រសួងមហាផ្ទៃបានស្នើទៅតុលាការក្រុងភ្នំពេញឲ្យចោទប្រកាន់នាយករងវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ថាបានបន្លំខ្លួនចូលក្នុងពន្ធនាគារដោយគ្មានការអនុញ្ញាត និងចោទមន្ដ្រីបក្សប្រឆាំងទាំង២រូបទៀតពីបទសមគំនិត។ តាមគម្រោង នៅថ្ងៃសុក្រស្អែកនេះ តុលាការក៏បង្គាប់ឲ្យតំណាងរាស្ត្របក្សប្រឆាំងម្នាក់ទៀតគឺលោកស្រី មូរ សុខហួ ចូលបំភ្លឺក្នុងសំណុំរឿងដូចគ្នានេះ។
នាយករងវិទ្យុអាស៊ីសេរីលោក ជុន ច័ន្ទបុត្រ បានបដិសេធថាលោកមិនបានបន្លំខ្លួនចូលពន្ធនាគារដូចការចោទប្រកាន់ទេគឺគ្រាន់តែចង់ជួប លោក គឹម សុខ ជាអ្នកវិភាគដែលត្រូវបានរដ្ឋាភិបាលចាប់បញ្ជួនទៅឲ្យតុលាការឃុំខ្លួន បន្ទាប់ពីរិះគន់ករណីបាញ់សម្លាប់ លោក កែម ឡី៕