សង្គមស៊ីវិលហៅការបន្តឃុំខ្លួនមន្ត្រីអាដហុកប៉ះពាល់មុខមាត់រដ្ឋាភិបាលកាន់តែខ្លាំង

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

មន្ត្រីសង្គមស៊ីវិលនិងអ្នកច្បាប់មួយចំនួនបានលើកឡើងថា ការបន្តឃុំខ្លួនអ្នកការពា​រសិទ្ធិ​ម​នុ​​ស្ស​នៅស​មា​គ​​មអាដហុក ធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកាន់តែខ្លាំង ខណៈកា​របោះឆ្នោ​តខិតជិ​តម​កដល់។

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកផ្លូវ ឲ្យបន្តឃុំខ្លួន មន្ត្រីអាដហុកនៅ​​៤​រូប និងមន្ត្រី គ.ជ.ប រយៈ​ពេល៦ខែបន្ថែមទៀត ដោយចៅក្រម សំអាងថា សំណុំរឿងនេះ​នៅមិនទាន់បិ​ទការស៊ើ​ប​​អ​ង្កេ​ត និង​ថា​សា​​ក្សី​មួយចំនួនមិនទាន់បានចូលបំភ្លឺនៅឡើយ។

គិតត្រឹមថ្ងៃទី២៨ខែមេសានេះ ការឃុំខ្លួនអ្នកការពា​រសិទ្ធិ​ម​នុ​​​ស្សទាំង៥រូបមានរយៈពេល១ឆ្នាំគត់ ហើយបើ​​បូ​​​​ក​​​និ​ងការម្រេចថ្មីនេះទៀត តុលាការអាចបន្តឲ្យឃុំខ្លួន អ្នកទាំងនោះ រហូត១៨ខែ។

កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន មន្ត្រីអាដហុក៤រូប មានលោក នី សុខា​ លោក យី សុខសាន លោក ណៃ វង់ដា លោកស្រី លឹម មន្នី និងមន្ត្រី គ.ជ.ប លោក នី ចរិយា។ ក្រោយមកតុលាការ បានចោ​ទអ្នកការពារសិទ្ធិមនុស្សទាំងនោះ ពី​បទសូកប៉ាន់សាក្សី តាមមាត្រា​៥៤៨ នៃ​ក្រ​មព្រ​ហ្មទណ្ឌ ខណៈដែលស​មាគមនោះបា​នឲ្យលុ​យ​ជាង​​២០០ដុល្លារ ទៅនារីអ៊ុតសក់ម្នាក់ ដែលម​កស្វែង​រកសេវាផ្លូវច្បាប់ ទាក់ទងនឹងការទម្លាយថាស្តី្ររូបនោះមានទំនាក់ទំនងស្នេហាលួចលាល់ជាមួយ​មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ។

ប៉ុន្តែប្រធានសមាគមអាដហុក លោក ធន សារាយ បានថ្លែងពីក្រៅប្រទេស តាម​រយៈ​វីដេអូឃ្លី​បថាកាល​ពីថ្ងៃទី២៧មេសាម្សិ​​លមិញថា ការ​ចោទប្រកាន់ ការចាប់ឃុំខ្លួន និងការបន្តឃុំខ្លួន អ្នកការពារសិទ្ធិមនុស្សទាំងនោះ លោ​កថា ជា​រឿង​អ​យុត្តិធម៌។

លោក ធន សារាយ ពន្យល់ថា ការដែលមន្ត្រីរបស់ខ្លួនឲ្យលុយទៅស្ត្រីរូបនោះ លោកថា ជាគោលការណ៍ របស់​​សមាគម ដើម្បីជួយដល់ជនរងគ្រោះគ្រប់រូប ដើម្បីឲ្យពួកគេមានលទ្ធ​ភាពបា​នប្រើប្រា​ស់​សិទ្ធិស្វែង​រក​យុ​​តិធម៌ ​នៅក្នុងតុលាការ ដូចជាសាហ៊ុយធ្វើដំណើរ ការធ្វើឯកសារ ​ដើម្បីបា​នដា​ក់ពា​​ក្យ​ប​ណ្តឹ​ង និង​ការហូបចុកជាដើម។

លោក ធន សារាយ លើកឡើងទៀតថា រដ្ឋាភិបាល បែរជាយកបញ្ហានេះ ចោទមន្ត្រីរបស់លោកថា បានប្រព្រឹត្តបទល្មើសទៅវិញ។

លោក ធន សារាយ ឲ្យដឹងទៀតថា បើមន្ត្រីសិទ្ធិមនុស្ស ទទួលស្គាល់ដោយស្ថាប័នជាតិ និង​អន្តរ​ជាតិ ត្រូវគេចោទប្រកាន់ ហើយចាប់ខ្លួនទាំងបំពានបែបនេះ លោកថា នឹងបង្កការភ័យខ្លាច ដល់អ្នករកស៊ី រួមទាំ​ងពល​រដ្ឋសា​​មញ្ញ​ផងដែរ។

លោ​​ក ធន សារាយ យល់ថា ការគ្មានជំនឿទៅលើប្រព័ន្ធច្បាប់នេះ នឹងជំរុញឲ្យអ្នកភ័យខ្លាចទាំងនោះ ស​ម្រេ​ច​ចិត្ត​ឈ​​​ប់​បោះឆ្នោតគាំទ្របក្សកា​ន់អំ​ណាច នៅ​ពេលខាងមុខ។

លោកថា៖ «កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អ្នកកាន់អំណាច​បច្ចុប្បន្ន នឹងត្រូវទទួលរងនូវ​ការទិសទាន និង​ថ្កោលទោសជាបន្តទៅទៀត ពីសំណាក់អង្គការតំបន់អន្តរជាតិ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ ពីប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនានា រួមទាំងពីម្ចាស់ជំនួយនានាផងដែរ។ ខ្ញុំសូមរំឭកថា ប្រទេសកម្ពុជា​ ជាប្រទេសមួយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខា និងឲ្យ​សច្ចា​ប័នលើក​តិការសញ្ញា និងអនុសញ្ញាស្តីពីសិទ្ធិមនុស្ស ច្រើនជាងគេបំផុតនៅក្នុងតំបន់នេះ ដូច្នេះយើងគួតែមា​ន​កា​រខ្មាស់​អៀ​ននិងខិតខំកែលំអនូវកំហុសឆ្គងនៃការគោរពសិទ្ធិមនុស្ស ឲ្យបាន​ល្អផង ដើម្បីឲ្យ​សាកស​មជា​ប្រ​ទេ​សដែលបានសន្យាគោរពសិទ្ធិមនុស្សខ្លាំងជាងគេនៅក្នុងតំបន់នេះ»។

ចំពោះលោកមេធាវី សុក សំអឿន ពន្យល់ថា បើតុលាការចោទប្រកាន់ មន្ត្រីសិទ្ធិមនុស្សទាំងនោះ ពីបទឧ​ក្រិដ្ឋ​លោ​កថា ចៅក្រមអាចឲ្យបន្តឃុំខ្លួន ជនជាប់ចោទរយៈ១៨ខែបាន។ ប៉ុន្តែលោកថា ច្បាប់នៅកម្ពុជា ហាក់​បានបើច្រកមួយ ធ្វើឲ្យជនជាប់ចោទបាត់ឱកាស ស្វែងរយកយុត្តិធម៌ បើចៅ​ក្រមមិនឯករាជ្យ។

លោកថា៖ «ការឃុំខ្លួនហ្នឹងគួរតែមានច្បាប់មួយច្បាប់លាស់ អត់មានទុកចំហស្រពេចស្រពិល ទុក​ឲ្យកា​រសម្រេ​ច ស្រេចលើចៅក្រមអញ្ចឹងទេ ហើយចៅក្រមគាត់អត់ឯករាជ្យ ស្រេចប្តោយ អាហ្នឹងដឹង​ថានៅក្នុងឃុំ​រហូ​ត​ហើយ។ប៉ុន្តែបើសិនជាមានច្បាប់ច្បាស់លាស់ ទោះបីចៅក្រមគាត់មិនឯករាជអីក៏ដោយ គាត់អាច​យោ​ងទៅលើ​ច្បាប់ហ្នឹងបាន។ ឧទាហរណ៍ថា បើចៅក្រមចង់ឃុំខ្លួនគេបន្ត ចៅក្រមត្រូ​វបង្ហាញភស្តុតាង សមហេតុសមផលមកន។ ហើយអាបង្ហាញភស្តុតាងហ្នឹងតុលា​ការខាងលើអា​ចវិនិច្ឆ័យបាន។ ព្រោះ​ធម្មតាបើកាលណា​ចង់ឲ្យឃុំខ្លួនប​ន្តទៀ​​ត​ត្រូវបង្ហាញភស្តុងតាង អញ្ចឹងជនជាប់ចោទយកភស្តុតាងហ្នឹង ដើម្បីប្តឹងតតាំងនៅសា​លាឧទ្ធរណ៍​។ ប៉ុន្តែ​ឥឡូវហ្នឹ​ងច្បាប់​វាអត់មានច្បាស់អញ្ចឹងទេ? ច្បាប់ដឹងថាកាលណាឧក្រិដ្ឋចៅក្រមមានសិទ្ធិបន្ត បើអ្ន​កឯង​ចង់​នៅក្រៅ​ឃុំ​បង្ហា​ញមក វាទៅជាអញ្ចឹងវិញ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា មន្ត្រីអាដហុ​កដែ​លកំពុង​ជាប់ឃុំ​នេះ ត្រូវបាន គេជ្រើសរើស ជាបេក្ខជនសម្រាប់ប្រ​កួតប្រជែងដណ្តើ​មពានរង្វាន់ពិ​ភព​លោ​កមួ​យ​នៅពេលថ្មី។

លោក អំ សំអាត គិតថា ការជ្រើសរើសមន្ត្រីការពារសិទ្ធិម​នុស្សនៅកម្ពុជា ដែលកំពុងជាប់ឃុំ ដាក់ជា​បេក្ខ​ភា​ព ដើម្បីពានរង្វាន់បែបនេះ លោកថា ​អន្តរជាតិ​កំពុង​​​​យ​កចិ​ត្តទុកដាក់ពីបញ្ហា​អ្នកការពា​រសិទ្ធិមនុ​ស្ស ​នៅ​ក​ម្ពុជា ។

បើតាមលោក អំ សំអាត ការបន្តឃុំខ្លួនមន្ត្រីអាដហុក នឹងធ្វើឲ្យប៉ះពាល់​ដល់មុខមា​ត់រដ្ឋា​ភិបាល​កាន់​តែ​ខ្លាំង​ ពិសេសការការបណ្តើមប្រជាប្រិយភាព សម្រាប់ប្រកួតប្រជែងការបោះឆ្នោតខាងមុខ។

លោកថា៖ «ការរិះគន់និងការថ្កោលទោសពីសហគមន៍អន្តរជាតិនៅតែមានបន្ត ទៅលើការឃុំខ្លួននេះ នឹងវានាំឲ្យមានការខាតបង់ធ្ងន់ធ្ង។ហើយយើងមើលទៅបរិយាកាសនៃការបោះឆ្នោតជិតមកដល់ ហើយ​បើ​យ​​​​យើ​​ងមើលពីផលចំណេញ វាចំណេញ បើសិនជាដោះលែង វាចំណេញទៅ​លើប​ក្សកាន់​អំណាចវិញទេ»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាង ការចាប់ខ្លួនមន្ត្រីអាដហុកនិងមន្ត្រី គ.ជ.ប លោ​កថា​ ជាអំណាចរបស់តុលាការ ហើយគ្មានការជ្រែតជៀតជ្រែកណាមួយពីរដ្ឋាភិបាលនោះទេ។ លោកធ្លាប់​លើ​ក​ឡើ​​​ងដែរថា រដ្ឋាភិបាល អាចពិចារណា​លើ​ក​លែ​ងទោសមន្ត្រីទាំងនោះ បានលុះណាសំណុំរឿងនេះ ផុតពីដៃ​តុលា​​​​ការ។

ប៉ុន្តែសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch វិញ បានចេញសេ​ចក្តីឲ្យថ្លែ​ង​កា​​​​រណ៍​​កា​លពីថ្ងៃទី២៦ខែមេសា ដោយអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា គួរតែដោះលែង អ្នកការពារសិ​ទ្ធិមនុស្សទាំ​ង​​​​​នោះជាបន្ទាន់ ដោយចា​ត់ទុកថា ​ការឃុំខ្លួនអ្នកទាំង៥រូបមួយឆ្នាំមកនេះ ថាជាហេតុ​ផលនយោ​បា​យ​។

សេ​ច​ក្តី​ថ្លែង​ការណ៍ដដែល ក៏បានដកស្រង់សម្តី លោក Brad Adams នាយកប្រចាំតំបន់អាស៊ីបាន មក​ចុះ​ផ្សាយថា ការចា​​​​​ប់​ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំងនោះ ត្រូវបានបញ្ឆេះដោយលោ​កនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន និងថាដើម្បីបំ​ភិតបំភ័យគាបសង្កត់ការងារសិទិ្ធមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ