រាជរដ្ឋាភិបាលកម្ពុជា នឹងបើកសម្ភោធការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាតជាលើកដំបូង ខណៈដែលតម្រូវការប្រើប្រាស់ក្នុងស្រុកត្រូវពឹងផ្អែកការនាំចូលពីបរទេស។
ក្រសួងធនធានរ៉ែ និងថាមពល ឲ្យដឹងថា ការសម្ភោធការដ្ឋានសាងសង់រោងចក្រផលិតប្រេងកាត ដែលអាចមានសមត្ថភាពផលិតប្រេងកាតបាន ៥លានតោនក្នុងមួយឆ្នាំ ធ្វើឡើនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧នេះ។
រោងចក្រផលិតប្រេងកាតនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ខូអិលធីឌី (Cambodian Petrochemical Co, LTD) ហើយការសាងសង់ត្រូវបានចែកចេញជា២ដំណាក់កាល។
បើតាមក្រសួងរ៉ែ និងថាមពល ដំណាក់កាលទី១ នឹងត្រូវចាប់ផ្ដើមសាងសង់ពីថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបិទបញ្ចប់ការសាងសង់រហូតដល់កំឡុងពាក់កណ្ដាលឆ្នាំ២០១៩ ដោយចំណាយទុនវិនិយោគ៦២០លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតប្រេងកាតបាន២លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
ចំណែកដំណាក់កាលទី២ នឹងត្រូវចាប់ផ្ដើមការសាងសង់ពីឆ្នាំ២០២២ ដោយប្រើទុនវិនិយោគចំនួន១ពាន់លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតប្រេងកាតបាន៣លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ឲ្យ VOD ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់រោងចក្រផលិតប្រេងកាតនេះ នឹងអាចជួយឲ្យកម្ពុជាកាត់បន្ថយការប្រើប្រាស់ឥន្ធនៈពីបរទេស បញ្ចុះតម្លៃប្រេងឥន្ធនៈ និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាជាដើម។
លោកថា៖ «វាជាលទ្ធភាពមួយថ្មី ដែលអាចឲ្យយើងធ្វើពិសុទ្ធកម្មនៃថាមពលរបស់យើង ពីការនាំចូលប្រេងចម្រាញ់ហើយ ជាប្រេងឥន្ធនៈចម្រាញ់ហើយសុទ្ធមកជាការនាំចូលនូវប្រេងឆៅ ដែលអាចឲ្យយើងទទួលបាននូវ Added Values គឺជាតម្លៃបន្ថែម នៅក្នុងស្រុក។ អញ្ចឹងពីមុនយើងទិញរបស់ស្រាប់យកមក ហើយដែលបងប្អូនយើងចេះតែប្រកាន់ខឹងថាហេតុអីបានជាតម្លៃប្រេងចេះតែឡើង»។
បើតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល អត្រាប្រើប្រាស់ថាមពលបានកើនឡើង ៦,៩ភាគរយ ពី២ ៤៤៩ តោន នៅឆ្នាំ២០១០ ដល់៣៤១៣តោន នៅឆ្នាំ២០១៥។ មន្ដ្រីក្រសួងរ៉ែព្យាករណ៍ថា ការប្រើប្រាស់ថាមពលនេះ នឹងបន្ដកើនឡើងខ្ពស់នៅបណ្ដាឆ្នាំខាងមុខ៕