គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថាទឹកថ្មាំជ្រលក់ដៃបម្រើឲ្យការបោះឆ្នោត ដែលកម្ពុជា ទិញពីក្រុមហ៊ុនធំមួយ នៅប្រទេសឥណ្ឌា ពិតជាលាងជ្រះ បើគេយកទឹកថ្នាំលាភសក់ មកដុះលាង។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា តាមការធ្វើពិសោធន៍ ទឹកថ្នាំដែលទិញពិប្រទេសឥណ្ឌានោះ ពិតជាលាងជ្រះមែន។ ប៉ុន្តែលោកថា បញ្ហានេះ គជប បានជូនដំណឹងទៅក្រុមហ៊ុននោះវិញហើយ ដើម្បីស្វែងរកដំណោះស្រាយ ធានាដល់ការទុកចិត្តលើការបោះឆ្នោតនៅកម្ពុជា ។
លោក ហង្ស ពុទ្ធា អះអាងទៀថា បើទោះបីជាបញ្ហានេះ ត្រូវបានរកឃើញក៏ដោយ លោកថា នឹងមិនធ្វើឲ្យប៉ះពាល់ ដល់លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្គាត់ នាពេលខាងមុខទេ ដោយលោកថា បញ្ជីបោះឆ្នោតថ្មី មានគុណភាព គ្មានឈ្មោះស្ទួន និងមានរូបថត សម្រាប់ផ្ទៀងផ្ទាត់ អ្នកទៅបោះឆ្នោត រួមទាំងមានប្រព័ន្ធគ្រប់គ្រង ទិន្ន័យច្បាស់លាស់ បែបបច្ចេកវិទ្យាទំនើបទៀតផង។
កាលពីអំឡុងបោះឆ្នោតជាតិ អាណត្តិទី៥ឆ្នាំ២០១៣ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ធ្លាប់បានប្រកាសថា ទឹកថ្នាំជ្រលក់ដៃ ដែលកម្ពុជាទិញពីប្រទេសឥណ្ឌានោះ អាចលាងជ្រះ បើគេយកសាធាតុគីមីម្យាង សម្រាប់លាភសក់មកលាងជម្រះ ។
ខុមហ្វ្រែលពេលនោះ ក៏បានជំរុញឲ្យ គជប ពិនិត្យមើលពីរណីនេះឡើងវិញ ដើម្បីទប់ស្កាត់កុំឲ្យជនខិលខូច បន្តំទៅបោះឆ្នោតបានលើសពីមួយដង ។
ប៉ុន្តែការប្រកាស របស់ខុមហ្វ្រែលនៅពេលនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ជាការធ្វើឲ្យរដ្ឋយល់ច្រឡំ ខណៈថ្ងៃបោះឆ្នោតជិតមកដល់ បើទោះបីជាអង្គការនោះ បានធ្វើពិសោធន៍បង្ហាញនៅចំពោះមុខ អតីតប្រធាន គជប លោក អ៊ឹម សួស្តី ក៏ដោយ។
ទោះជាយ៉ាងណា អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា លោកហាក់មិនព្រួយបារម្ភករណីរកឃើញនេះទេ ដោយលោកថា ពលរដ្ឋទៅបោះឆ្នោត មិនដែលបានដាក់ថ្នាំលាភសក់ទៅជាមួយឡើយ៕