គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករជនបទទាំងអស់ ប្រគល់អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោតខាងមុខនេះ។
ការអំពាវនាវរបស់គជបនេះគឺដូចគ្នានឹងការអំពាវនាវរបស់ធនាគារជាតិដែរ។ ប៉ុន្តែធនាគារជាតិបានព្រមានដកហូត អាជ្ញាប័ណ្ណ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករឥណទានជនបទទាំងឡាយណាដែលនៅបន្តយកអត្តសញ្ញណប័ណ្ណឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់ពីពលរដ្ឋសម្រាប់ធានាលើការផ្ដល់កម្ចី។
ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប ឲ្យដឹងថា ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិ បោះឆ្នោត គណៈកម្មការជាតិរៀបចំការបោះឆ្នោត អំពាវនាវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករប្រគល់អត្តសញ្ញណប័ណ្ណឲ្យពលរដ្ឋវិញដើម្បីបានទៅបោះឆ្នោត។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហួត អៀងតុង មានប្រសាសន៍ថា លោកមិនមានតួលេខពីចំនួនប្រជាពលរដ្ឋប៉ុន្មានម៉ឺននាក់ យកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំនោះទេ ដោយសារ លោកមិនមានសិទ្ធិក្នុងការត្រួតពិនិត្យចំនួនទិន្និន័យនេះទេ គឺមានតែធនាគារជាតិប៉ុណ្ណោះទើបអាចដឹង។
បើតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពលរដ្ឋដែលមានឈ្មោះបោះឆ្នោតប្រមាណ៣០ម៉ឺននាក់ មិនមានអត្តសញ្ញាណប័ណ្ណ ដោយសារ ពួកគេយកអត្តសញ្ញណប័ណ្ណទៅដាក់បញ្ចាំដើម្បីខ្ចីប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី យល់ថា ការអំពាវនាវរបស់ គ.ជ.ប ហាក់ដូចជាយឺតពេលបន្តិច ដោយសារ ជិតដល់ថ្ងៃបោះឆ្នោតហើយ៕