បណ្ដាគណបក្ស អ្នកជំនាញសេដ្ឋកិច្ច និងនយោបាយ បង្ហាញទស្សនៈផ្សេងគ្នាអំពីសារសង្គ្រាមរបស់គណបក្សកាន់អំណាច ខណៈការបោះឆ្នោតឃុំសង្កាត់នឹងមកដល់នៅដើមខែមិថុនាខាងមុខនេះ។
ក្នុងកិច្ចពិភាក្សាសួរដេញដោលស្ដីពី «គោលនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧» ក្រោមប្រធានបទមួយស្ដីអំពី «សង្គ្រាម» នៅវិទ្យាស្ថានរាជបណ្ឌិតសភា នាថ្ងៃចន្ទ ទី២៩ឧសភានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា សារព្រមានសង្គ្រាមរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជារឿងត្រឹមត្រូវ ដោយថា រដ្ឋាភិបាលនឹងធ្វើសង្គ្រាម ដើម្បីរក្សាសន្ដិភាពនៅកម្ពុជា។
លោកមានប្រសាសន៍ថា គណបក្សប្រជាជនជាស្ថាបនិកនៃសន្ដិភាពនៅកម្ពុជា ដោយលោកលើកឡើងពីកត្តាប្រវត្តិសាស្ដ្រ ដែលកម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃតាំងពីឆ្នាំ១៩៧០ រហូតដល់ទទួលបានសន្ដិភាពពិតប្រាកដនៅឆ្នាំ១៩៩៨ បន្ទាប់ពីដាក់ចេញនយោបាយឈ្នះៗ របស់រដ្ឋាភិបាល។
លោកថា សង្គ្រាមអាចកើតឡើង ដោយសារពាក្យសម្ដីញុះញង់នាំឲ្យមានរើសអើង ការដឹកនាំបាតុកម្មក្រោយការបោះឆ្នោត ឆ្នាំ២០១៣ និងនយោបាយ បោកប្រាស់ប្រជាពលរដ្ឋ។
លោកថា៖ «ក៏ប៉ុន្ដែមានសន្ដិភាពហើយ ដើម្បីធានា រក្សាសន្ដិភាពហ្នឹងបាន វាទាមទារក្នុងករណីចាំបាច់ ក៏ត្រូវប្រើសង្គ្រាមដែរដើម្បីរក្សាសន្ដិភាព ហើយបាតុភាពបាតុកម្មកើតឡើងនៃការតវ៉ានៃលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ យើងឃើញហើយ បើសិនណាជាគ្មានការទប់ទល់ របស់គណបក្សប្រជាជន របស់រាជរដ្ឋាភិបាល សង្គ្រាមនឹងអាចកើតមាននៅក្នុងប្រទេសកម្ពុជាឡើងវិញ»។
ការលើកឡើងនេះត្រូវបានគាំទ្រដោយប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែនរាជបណ្ឌិត្យសភាលោក សុខ ទូច។ លោកពន្យល់ថា សង្រ្គាមអាចកើតមានដោយសារកត្តាមួយចំនួន ដូចជា ការប្រើពាក្យសម្ដីញុះញង់បង្កជាបាតុកម្ម ការមិនផ្ទេរអំណាចដោយសន្ដិវិធី ផលប្រយោជន៍អំណាច និងគម្លាតអ្នកមាន និងអ្នកក្រ ជាដើម។
តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម ស៊ុនឌឿន ច្រានចោលការលើកឡើងនេះ ដោយថា សង្គ្រាមមិនអាចកើតមាននោះទេ និងថាបើបោះឆ្នោតហើយ គង់តែមានសង្គ្រាមនោះ លោកសួររដ្ឋាភិបាលថា តើចាំបាច់រៀចំឲ្យមានការបោះឆ្នោតធ្វើអ្វី។
លោកថា៖ «បើសិនណាយើងថា ធ្វើការបោះឆ្នោតហើយ មានសង្គ្រាម ដូច្នេះចាំបាច់បោះឆ្នោតធ្វើអី បើដឹងមុនហើយ បើដឹងមុនហើយ មិនចាំបាច់បោះឆ្នោតទេ ធ្វើសង្គ្រាមហ្មងទៅ កុំឲ្យខាតពេលបោះឆ្នោត ខាតពេលអស់ថវិកា»។
តំណាងគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ និងតំណាងគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ផាន់ សិទ្ធី យល់ឃើញដូចគ្នាថា សង្គ្រាមមិនអាចកើតឡើងបានទេ ដោយថា នៅកម្ពុជា មិនមានកម្លាំងទ័ពពីរប្រឈមមុខដាក់គ្នា ពោលគឺកម្លាំងទ័ពស្ថិតក្នុងដៃរបស់គណបក្សកាន់អំណាចម្នាក់ប៉ុណ្ណោះ។
មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែលលោក យឿង សុធារ៉ា បានទទូចឲ្យមេដឹកនាំគណបក្សទាំងអស់គោរពឆន្ទៈពលរដ្ឋ តាមរយៈការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងលទ្ធផលបោះឆ្នោត។ លោកថា កម្ពុជានឹងមិនមានសង្គ្រាមទៀតទេ បើគណបក្សដែលចាញ់ឆ្នោត ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយផ្ទេរអំណាចដោយសន្ដិវិធី។
ក្នុងព្រះរាជសារមួយ ដែលព្រះមហាក្សត្រចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ២០១៧ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដោយគ្មានការភិតភ័យ ឬទទួលគំនាបពីគណបក្សណាមួយឡើយ៕