ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យទី៤ មិថុនា ចុងសប្តាហ៍នេះ។
ចំណែកកម្មករ និយោជិត និងបុគ្គលិកដែលបម្រើការនៅសហគ្រាស គ្រឹះស្ថាន សណ្ឋាគារ និងភោជនីយដ្ឋាន បើគ្មានអ្វីប្រែប្រួលទេ ពួកគេមានពេលតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់ធ្វើដំណើរទៅស្រុកកំណើត ដើម្បីបោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់ ដែលពួកគេពេញចិត្ត។
បញ្ហានេះ ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោល សំណើរ របស់ក្រុម អ្នកធ្វើការលើកកម្ពស់សិទ្ធិការងារ និងការជំរុញពីស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ កាលពីថ្ងៃទី៩ឧសភា សហភាពការងារកម្ពុជា បានដាក់លិខិតមួយច្បាប់ ទៅ គ.ជ.ប។
លិខិតនោះក្រុមសហជីព ស្នើឲ្យ គ.ជ.ប ជួយជំរុញទៅក្រសួងការងារ ណែនាំទៅថៅកែរោងចក្រ ម្ចាស់សហគ្រាស គ្រឹះស្ថាន រូមទាំងម្ខាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ការងារ ឲ្យកម្មករ និយោជិត បានឈប់សម្រាកពីរថ្ងៃបន្ថែមទៀត ដោយថាដើម្បីឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ ធ្វើដំណើរទៅបោះឆ្នោត។
ជាការឆ្លើយតប ក្រសួងការងារបានច្រានចោលកិច្ចអន្តរាគមន៍ របស់ គ.ជ.ប ដោយក្រសួងសំអាងហេតុផលជាច្រើន។
លិខិតចុះថ្ងៃទី២៣ខែឧសភា ក្រសួងការងារប្រាប់ គ.ជ.ប ថា គ្មានពេលដើម្បីពិភាក្សាករណីនេះជាមួយ គជប ទេ ហើយថា អំឡុងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក្រសួងក៏មិនបានចេញសេចក្តីជូនដំណឹងឲ្យកម្មករទៅចុះឈ្មោះនៅឯស្រុកកំណើតដែរ។
មួយវិញទៀតក្រសួងថា ច្បាប់បោះឆ្នោតថ្មី បានអនុញ្ញាតិឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ ណាអាចចុះឈ្មោះបោះឆ្នោតបាននៅទីនោះបានដែរ។
ករណីនេះក្រសួងការងារ បានការពារការថា បើក្រសួងចេញសេចក្តីណែនាំ ទៅម្ចាស់រោងចក្រ និងសហគ្រាស ទៀត ក្រសួងថា ទី១ ខុសច្បាប់បោះឆ្នោត និងទី២ អាចនឹងមានការចោទប្រកាន់ណាមួយដោយយថាហេតុ។
ក៏ប៉ុន្តែបើគេក្រឡេកមើលពីអតីតកាលវិញ ការបោះឆ្នោតច្រើនអាណត្តិមកនេះ ក្រសួងការងារ បានប្រកាសឲ្យកម្មករ និយោជិត ឈប់ សម្រាក៣ថ្ងៃ បូកនឹងថ្ងៃបោះឆ្នោត សម្រាប់អ្នកដែលរស់នៅបណ្តាខេត្តឆ្ងាយៗបានទៅបោះឆ្នោត។
មិនតែប៉ុណ្ណោះ ក្រសួងក៏បានស្នើទៅថៅកែរោងចក្រ សហគ្រាស ឲ្យបង្កលក្ខណងាយស្រួលដល់ការធ្វើដំណើរ របស់កម្មករ និយោជិត ទៀតផង ដូចជាការស្នើឲ្យបើកប្រាក់ឈ្នួលមុនថ្ងៃកំណត់ ឬឲ្យកម្មករខ្ចីប្រាក់មួយចំនួនជាដើម។
បញ្ហានេះ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនចោទសួរថា ហេតុអ្វីបានជាការបោះឆ្នោតពេលនេះ ក្រសួងការងារមិនផ្តល់ថ្ងៃឈប់សម្រាកឲ្យកម្មករ និយោជិត?
អ្នកតាមដានសង្គមមួយចំនួន បានបង្ហាញទស្សនៈ ប្រហាក់ប្រហែលគ្នាថា ការផ្លាស់ប្តូរជំហរ របស់ក្រសួងពេលនេះ ពួកគេយល់ថា អាចជាយុទ្ធសាស្ត្រ ជួយទប់ស្កាត់សំឡេងធ្លាក់ចុះ របស់បក្សកាន់អំណាច នៅថ្ងៃបោះឆ្នោត ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា អ្វីដែលក្រសួងការងារ បកស្រាយប្រាប់ គ.ជ.ប លោកយល់ថា គ្រាន់តែជាលេសមួយ ដើម្បីបិទបាំងការពិតប៉ុណ្ណោះ។
សម្រាប់លោក មឿន តុលា ការប្តូរជំហរ របស់ក្រសួងការងារនេះ លោកថា អាចជារឿងនយោបាយច្រើនជាង។
លោក មឿន តុលា ពន្យល់ថា បើគេមើលរដ្ឋធម្មនុញ្ញ ដែលចែងពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លោកថា ក្រសួងការងារ ដែលជាសេនាធិការ របស់រដ្ឋាភិបាល មិនបានបំពេញតួនាទី តាមរដ្ឋធម្មនុញ្ញទេ។
លោក មឿន តុលា លើកឡើងថា បើក្រសួងប្រៀបធៀបការចុះឈ្មោះ ទៅនឹងការបោះឆ្នោត លោកថា ជារឿងខុសឆ្គងមួយទៀត ដែលលោកថាធ្វើឲ្យសារធាណជនមិនអាចទទួលយបាន។ លោកថា ការចុះឈ្មោះ គ.ជ.ប ផ្តល់ពេលវេលាដល់ទៅ៣ខែ ដែលលោកថាពេលវេលានោះ កម្មករ និយោជិត មានពេលច្រើនសម្រាប់ធ្វើដំណើរ ទៅចុះឈ្មោះ នៅស្រុកកំណើតដែលពួកគេរស់នៅ។
ប៉ុន្តែលោកថា សម្រាប់ថ្ងៃបោះឆ្នោតវិញ គ.ជ.ប កំណត់ពេលតែមួយថ្ងៃប៉ុណ្ណោះ ករណីនេះលោកថាក្រសួងការងារគួតែពិចារណាឡើងវិញ ដើម្បីឲ្យកម្មករ និយោជិត មានពេលគ្រប់គ្រាន់ សម្រាប់ប្រើសិទ្ធិ ទៅបោះឆ្នោត។
លោក មឿន តុលា វិភាគទៀតថា ការបាត់បង់២២អាសនៈ របស់គណបក្សកាន់អំណាច កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍បាញ់សម្លាប់កម្មករ នៅលើផ្លូវវ៉េងស្រេង ការបង្ក្រាបអ្នកតវ៉ាទាមទារលក្ខខណ្ឌការងារ និងការដែលរដ្ឋាភិបាល ធ្វើច្បាប់សហជីពដ៏ចម្រូងចម្រាសទៅវិញទេ ដែលលោកគិតថា ជារនាំងរារាំងដល់ការសម្រេចចិត្ត របស់ក្រសួងនៅពេលនេះ។
លោកថា៖ «ប្រហែលជាគណបក្សកាន់អំណាចហ្នឹងខ្លាចស្រមោលខ្លួនឯង។ មានន័យថាអ្វីដែលជាកំហុសឆ្គង អ្វីជាអំពើអាក្រក់កន្លងមកហ្នឹង ខ្លាចកម្មករ ឬប្រជាពលរដ្ឋហ្នឹង មិនបោះគាំទ្រខ្លួនឯង ដល់អញ្ចឹងទៅវាទៅជារឿងស្ទាក់ស្ទើរដល់ការអនុវត្តកិច្ចការហ្នឹង»។
បើតាមលោក មឿន តុលា បើទោះបីជាក្រសួងការងារ មិនផ្តល់ថ្ងៃឈប់សម្រាកក៏ដោយ លោកជំរុញឲ្យសហជីពទាំងអស់ គួប្រើសិទ្ធិចរចាជាមួយក្រុមហ៊ុន ឲ្យកម្មករបានឈប់២ថ្ងៃបន្ថែមទៀត សម្រាប់ទៅបោះឆ្នោត តាមរយៈធ្វើការសងថ្ងៃណាមួយឬកាត់ចេញពីបំណាច់ឆ្នាំដែលលោកថាមាន១៨ថ្ងៃក្នុង១ឆ្នាំនោះ។
លោកថា៖ «វាជារឿងមួយសំខាន់ សម្រាប់អាយុជីវិតយើង។ យើងសុខចិត្តចំណាយលុយ ឬបាត់បង់បួនដប់ដុល្លារ ជាជាងកុំឲ្យបាត់បង់អនាគតដ៏ភ្លឺស្វាយសម្រាប់កូនចៅយើងជំនាន់ក្រោយ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា អ្នកវិនិយោគទាំងអស់នៅកម្ពុជា ពួកគេចាំបាច់ត្រូវគោរពច្បាប់កម្ពុជា បើរដ្ឋាភិបាលអះអាងថា ខ្លាចមានការចោទប្រកាន់ ពេលខ្លួនចេញសេក្តីណែនាំ ឲ្យពលរដ្ឋ របស់ខ្លួន បានឈប់សម្រាក សម្រាប់ទៅបោះឆ្នោតនោះ លោកថា នេះបង្ហាញថា អ្នកវិនិយោគនៅកម្ពុជា មានឥទ្ធិពលលើរដ្ឋាភិបាល។
លោក មាស នី វិភាគថា កត្តារារាំងអាចមកពីការសាងកំហុសច្រើន ទាក់ទិននឹងព្រឹត្តិការណ៍ប៉ះទង្គិច នៅលើផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤កន្លងទៅ។
លោកថា៖ «ពលរដ្ឋនិងសាធារណជនគេនិយាយគ្រប់តែគ្នាហ្នឹង គេថាវាអត់មានអីក្រៅពីការភ្ជាប់ទៅនឹងការមិនឲ្យពេលគ្រប់គ្រាន់[ទៅបោះឆ្នោត] ទៅនឹងព្រឹត្តិការណ៍នៅនឹងវិបត្តិនៅផ្លុវវ៉េងស្រេងទេ អាហ្នឹងដែលសាធារណជនគេនិយាយគ្រប់គ្នា។ ប៉ុន្តែបំណងយ៉ាងម៉េចរបស់រដ្ឋាភិបាលយើងមិនដឹងទេ។ ប៉ុន្តែឥឡូវហ្នឹងសាធារណជន គេនិយាយថា ដោយសារតែរដ្ឋាភិបាលបារម្ភទៅលើសំឡេង របស់កម្មករមិនបានគាំទ្រសន្លឹកឆ្នោត របស់ខ្លួន»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការសម្រេចចិត្តរបស់ក្រសួងការងារនៅពេលនេះ លោកវិភាគថា អាចជាផលប្រយោជន៍នយោបាយច្រើនជាង។
ការវិភាគបែបនេះ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ដោយសារកន្លងទៅលោកសង្កេតឃើញថា ក្រុមកម្មករក្នុងវិស័យកាត់ដេរ បាននាំមុខគេ ក្នុងចំណោមស្ថាប័នផ្សេងទៀត ចេញតវ៉ា ទាមទារលក្ខខណ្ឌការងារ រហូតមានការប៉ះទង្គិច ឬមានការចាប់ខ្លួនជាដើម។
ករណីនេះលោក ឯម សុវណ្ណារ៉ា វិភាគថា ទំនងជាក្រសួងជាសេនាធិការ របស់រដ្ឋាភិបាលមួយនោះ គិតថាកម្មករភាគច្រើននឹងមិនបោះឆ្នោតឲ្យគណបក្សដែលកំពុងគ្រប់គ្រងអំណាចទេ។
លោកថា៖ «តាមការយល់និន្នាការដែលយើងគិតឃើញ ជាទូទៅគាត់[កម្មករ និយោជិត]គ្មាននិន្នាការគាំទ្របក្សកាន់អំណាចទេ។ អញ្ចឹងបើកម្មករ និយោជិតភាគច្រើនទៅបោះឆ្នោត គឺសំឡេងគណបក្សប្រឆាំងឬគណបក្សក្រៅរដ្ឋាភិបាលកើនឡើង។ អញ្ចឹងរដ្ឋាភិបាលមិនចំណេញទេ។ អញ្ចឹងហើយជាយន្តការមួយ ដែលយើងមិនដឹងថា ជាការរៀបចំឬស្អីពីក្រោយទេ ប៉ុន្តែបើបាត់សំឡេង ឬការចួលរួមបោះឆ្នោតពីកម្មករ និយោជិត គណបក្សក្រៅរដ្ឋាភិបាល បាត់ការគាំទ្រច្រើនជាង»។
ទោះជាយ៉ាងណា ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង រួមទាំងសហជីពផង សុទ្ធតែបានអំពាវនាវឲ្យកម្មករ នយោជិត ទៅបោះឆ្នោត ដើម្បីចូលរួមសម្រេចជោគវាសនាជាតិទៅថ្ងៃអនាគត ខណៈកម្មករក្នុងវិស័យកាត់ដេរមានប្រមាណជាង៧០ម៉ឺននាក់៕