នេះជាការឡើងថ្លែងសារបង្ហាញពីបំណងប្រាថ្នារបស់កុមារមួយក្រុម ក្នុងទិវាសិទ្ធិកុមារអន្តរជាតិ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១ខែមិថុនានេះ។ ពិធីនេះធ្វើឡើងនៅភូមិព្រៃកតាគង់១ សង្កាត់ចាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរៀបចំដោយសមាគមធាងត្នោត ក្រោមប្រធានបទ ទីក្រុងសម្រាប់កុមារ។
ក្នុងពិធីនោះ កុមារដែលចូលរួមជាង១០០នាក់ បានបង្ហាញស្នាមញញឹមនិងការចាប់អារម្មណ៍ពីការរស់នៅរបស់ពួកគេទៅថ្ងៃមុខ។ ពួកគេចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍន៍តំបន់ដែលពួកគេរស់នៅបច្ចុប្បន្ន ឲ្យមានហេដ្ឋារចនាសម្ព័ន្ធ បែបទំនើប សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រព័ន្ធទឹកស្អាតជាដើម៖ «គំនូរបស់ខ្ញុំ គឺខ្ញុំចង់បាន ព្រះវិហារ មន្ទីពេទ្យ ផ្សារទំនើប មានផ្ទះរបស់ប្រជាជន នៅក្នុងភូមិរបស់ខ្ញុំមានផ្លូវថ្នល់ គ្មានការឆក់ប្លន់ គ្មានការរំលោភបំពានលើកកុមារ និងគ្មានការឈ្លោះប្រកែគ្នាអ្នកនៅជិតខាង»។
បើយើងក្រឡេកទៅមើលសហគន៍ដែលកុមាទាំងនោះកំពុងរស់នៅវិញ គេហាក់មិនឃើញមានសមិទ្ធផលអ្វីកើតឡើង ដូចអ្វីដែលកុមារទាំងនោះ បានឡើងថ្លែងក្នុងទិវាសិទ្ធិកុមារអន្តរជាតិនេះទេ។
ផ្ទះជាច្រើន ក្នុងសហគមន៍របស់ពួកគេ ត្រូវបានសាងសង់ឡើងដោយចម្រឹងឈើតូចៗខ្ពស់ៗ ទំនងជាខ្លាចទឹកលិច។ ផ្ទះខ្លះសង់នៅដាច់ដោយដុំ ខ្លះសង់ប្រជ្រៀតគ្នា ពេលខ្យល់បក់ម្តងៗហាក់ដូចមាន ក្លិនស្អុយដែលភាយចេញពីតំបន់ក្បែរៗនោះ។
ចំណែងវត្តអារាម សាលារៀន និងមន្ទីរពេទ្យ វិញហាក់មិនត្រូវបានសាងសង់នៅក្នុងសហគមន៍ នោះទេ បើគេមើលទៅហាក់ឃើញតែគ្រឿងចក្រ និងគំនរខ្សាច់ ស្ទើតែលិចដំបូងផ្ទះ ដែលក្រុមហ៊ុនកំពុងបូមចាក់បំពេញ បឹងធម្មជាតិដែលនៅជិតនោះ។
កុមារីអាយុ១០ ឆ្នាំម្នាក់ដែលបានចូលរួមក្នុងទិវាកុមារអន្តរជាតិនៅថ្ងៃនេះ បានលើកឡើងថា សព្វថ្ងៃពួកគេមិនចង់ឃើញសហគមន៍នេះ មានស្ថានភាពបែបនេះរហូតនោះទេ។ កុមាររូបនោះ ពួកគេចង់ឲ្យមានសាលារៀន មន្ទីរពេទ្យ មានបរិស្ថានល្អ ដូចតំបន់មួយចំនួនទៀត៖ «មានផ្ទះ មានសួនច្បារ មានដើមឈើ និងមានកន្លែងដាំផ្កា ហើយនៅក្នុងភូមិខ្ញុំមានរចនាសម្ព័ន្ធ គឺដាក់ធុងសំរាមតាមផ្លូវ ពេលដែលកុមារញុំអីហើយចឹង សំរាមយកមកដាក់ក្នុងធុងសំរាម»។
កុមារីម្នាក់ទៀតដែលចូលរួមក្នុងទិវានេះដែរ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេកំពុងប្រឈមនិងការបាត់បង់ការសិក្សានៅថ្ងៃខាងមុខនេះ ដោយសារ កន្លែងពួកគេរស់នៅរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។ កុមារីរូបនោះរៀបរាប់ថា សព្វថ្ងៃពួកគេ ខ្លាចអាជ្ញាធរបណ្ដេញចេញពីកន្លែងដែលរស់នៅបច្ចុប្បន្ន ឲ្យទៅរស់នៅទីតាំងឆ្ងាយដែលពុំមានសាលារៀន មិនមានទឹកភ្លើង គ្មានផ្លូវថ្នល់ដូចពេលនេះ៖ «ពេលគេអភិវឌ្ឍន៍កន្លែងហ្នឹងហើយគេឲ្យដេញខ្ញុំឲ្យទៅរស់នៅកន្លែងផ្សេង ហើយឆ្ងាយពីសាលា ពេលឆ្ងាយពីសាលាហើយឆ្ងាយពីមន្ទីពេទ្យទៀត ខ្ញុំចង់ឲ្យគេអភិឌ្ឍន៍នៅកន្លែងហ្នឹងមន្ទីរពេទ្យមានសាលា»។
កុមារី រុន វណ្ណារី បន្តថា កន្លងមក ពួកគេធ្លាប់ដើរតវ៉ាជាមួយឪពុកម្ដាយនៅតាមស្ថាប័ននានា ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ដោយកុំឲ្យអាជ្ញាធរបណ្ដេញពួកគេចេញ និងសូមឲ្យរដ្ឋាភិបាលធ្វើប្លង់កម្មសិទ្ធិផងដែរ។
សហគមន៍ព្រែកតាគង់១និងសហគមន៍ខ្វាវត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមមួយឈ្មោះ ING ស្ថិតនៅក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរណប។
យ៉ាងណាក៏ដោយ ពេលនិយាយរឿងសិទ្ធិវិញ កុមារីនេះ ហាក់មិនបានដឹងច្បាស់ទេថា រាល់ថ្ងៃពួកគេមានសិទ្ធអ្វីខ្លះនោះទេ។ គ្រប់ប្រទេសទាំងអស់បានកំណត់យកថ្ងៃទី១ មិថុនា ធ្វើជាទិវាចងកំហឹងឈឺចាប់ពុះពារ ហើយក៏ជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលឲ្យយកចិត្តទុកដាក់សុខុមាលភាពកុមារទាំងឡាយនិងជាទិវាសាមគ្គីអន្តរជាតិ របស់កុមារលើពិភពលោក។
ទាក់ទងនឹងរឿងនេះដែរ ប្រធានកម្មវិធីបច្ចេកទេសសមាគមធាងត្នោត លោក សៅកុសល ដែលជារៀបចំកម្មវិធីសិទ្ធិកុមារនៅក្នុងសហគមន៍ព្រែកតាគង់១នៅថ្ងៃនេះ បានលើកឡើងថា ការរៀបចំទិវាសិទ្ធិកុមារ គឺចង់ឲ្យពួកគេបង្ហាញពីគោលដៅទៅថ្ងៃអនាគតថាពួកគេចង់ធ្វើអ្វីខ្លះ និងជាការលើកទឹកចិត្តកុំឲ្យពួកគេបោះបង់ការសិក្សា។ លោកបន្តថា ប្រសិនបើកុមារមិនបានសិក្សានោះ វាមិនប៉ះពាល់តែអនាគតរបស់ពួកគេនោះទេ វាប៉ះពាល់សង្គមជាតិផងដែរ។
លោកថា «កុមារកាលណាវាអត់បានចូលសាលា ឱកាសណាដែលវាចាប់បានគឺវាទៅនឹងហើយ ក្នុងនោះដូចប្រើគ្រឿងញៀន អាចទៅធ្វើការបម្រើតាមផ្ទះទៅជាក្មេង សុំទានឬរើសអេតចាយអីផ្សេងៗ បើមិនជំរុញវិស័យអប់រំទេ ឲ្យកុមារបានចូលរៀនទេ កុមារនឹងមានឱកាសទៅធ្វើការប្រកបដោយគ្រោះថ្នាក់»។
លោកបន្តថា បើទោះបីជាកន្លងមក រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកុមារក៏ពិតមែន ប៉ុន្តែលោកថា ការយកចិត្តទុកដាក់នោះវាហាក់នៅមានកម្រិតនៅឡើយ ដោយសារ កុមារមួយចំនួនកំពុងប្រឈមនឹងការបោះបង់ការសិក្សា និងអ្នកខ្លះត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និងត្រូវបានគេជួញដូរជាដើម។
លោកថា «យើងឃើញថាកុមារកម្ពុជារាល់ថ្ងៃនេះក៏កំពុងជួបបញ្ហាផ្សេងៗដែរ ឧទាហរណ៍មួយចំនួនមិនបានសិក្សា កុមារមួយចំនួនត្រូវបានគេជួញដូរ កុមារមួយចំនួនត្រូវបានធ្វើពលកម្ម កុមារមួយចំនួនត្រូវការបម្រើតាមផ្ទះអីផ្សេងៗ។ ក្នុងនោះយើងឃើញថាកុមារទាំងនោះមិនមានសិទ្ធិចូលរួមដូចក្នុងកម្មវិធីនេះទេ ចឹងយើងធ្វើយ៉ាងម៉េចដើម្បីឲ្យកុមារមានសិទ្ធិស្មើរគ្នា»។
លោក សៅ កុសល បន្តថា ភាគច្រើននៃកុមារដែលបោះបង់ការសិក្សា ដោយសារគ្រួសាររបស់គេមានជីវភាពខ្វះ និងមានកត្តាជាច្រើនដែលធ្វើឲ្យពួកគេឈប់រៀនទៅធ្វើការឬទៅធ្វើចំណាកស្រុកតាមឪពុកម្ដាយរបស់ពួកគេជាដើម។
យ៉ាងក៏ដោយមិនមានតួលេខជាក់លាក់ណាមួយបង្ហាញពីចំនួនកុមារ ដែលបោះបង់ការសិក្សាបច្ចុប្បន្ននេះថាមានប៉ុន្មាននាក់នោះទេ។ ពួកគេអំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ព្រែកតាគង់នោះ ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង៕