គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ពលរដ្ឋជាថ្មីទៀត ចំពោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែគ្មានអត្តសញ្ញាណប័ណ្ណអាចទៅបញ្ជាក់ឯកសារបម្រើឲ្យការបោះឆ្នោតយ៉ាងយូរនៅម៉ោង២:៣០នាទីរសៀលទី៤មិថុនានេះ ទើបទទួលបានសិទ្ធិបោះឆ្នោត។
ក្នុងចេញសេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានខ្លឹមសារថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវយកឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតយក ទៅជួបមន្ត្រី រៀបចំការបោះឆ្នោតឃុំឬសង្កាត់ ដោយសុំឲ្យមន្ត្រីនោះបញ្ជាក់អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រា និងចុះកាលបរិច្ឋេទផ្តល់សុពលភាពលើឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីប្រើក្នុងការបោះឆ្នោត យ៉ាងយូរត្រឹមម៉ោង២.៣០នាទីរសៀល ថ្ងៃទី៤មិថុនានេះ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ចាប់ផ្តើមនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យទី៤ខែមិថុនា ហើយនឹងបិទបញ្ចប់នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនេះ៕