សកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ ដែលរងបណ្តឹងនៅតុលាការករណី លោក កឹម សុខា និងម្នាក់ទៀតដែលកំពុងជាប់ឃុំ សុទ្ធតែបានជាប់ឆ្នោតជាមេឃុំ និងចៅសង្កាត់ តាមរយៈការដាក់ភរិយាឲ្យឈរឈ្មោះជំនួស។
អតីតមេឃុំមកពីគណបក្សប្រឆាំង លោក ស៊ាង ចែត ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ភរិយារបស់លោក បានឈរឈ្មោះជាមេឃុំ ស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជំនួសរូបលោកដោយសារតុលាការបានឃុំខ្លួនគាត់កន្លងមក។ លោកន្តថាលទ្ធផលនៃការបោះឆ្នោតគឺពលរដ្ឋបោះឆ្នោតឲ្យភរិយារបស់លោកជាប់ជាមេឃុំ។
លោក ស៊ាង ចែត អតីតមេឃុំរបស់គណបក្ស សម រង្ស៊ី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា ។ ប៉ុន្តែលោកត្រូវព្រះមហាក្សត្រលើកលែងទោស កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦។
ដោយឡែក លោក ចៅ វាសនា ដែលជាចៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពីគណបក្សសម រង្ស៊ី ក៏ត្រូវបានពលរដ្ឋបោះឆ្នោតឲ្យលោកជាប់ជាចៅសង្កាត់បន្តទៀត តាមរយៈការឈរឈ្មោះរបស់ភរិយាលោក ខណៈដែល លោក ចៅ វាសនា ត្រូវបានតុលាការឃុំតាំងពីចុងខែកុម្ភៈឆ្នាំ២០១៧ទាក់ទងនឹងការតវ៉ារបស់កម្មករតាំងពីឆ្នាំ២០១៤។
អតីតមន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី ដែលត្រូវបានតុលាការឃុំខ្លួន ដោយសារតែនគរបាលឈ្មោះ ឈាន ពិសិដ្ឋ ធ្វើជាផ្តួលខ្លួនឯងនៅមុខរថយន្តរបស់លោកនោះ យល់ថា បានជាប្រជាពលរដ្ឋបោះឆ្នោតឲ្យ លោកចៅ វាសនា ដោយសារ កន្លងមកលោកតែងតែជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
លោក ឌិន ពុទ្ធី ចាត់ទុកការឃុំខ្លួនលោក ចៅ វាសនា ថាជារឿងអយុត្តិធម៌ ដោយថា លោកមិនបានញុះញង់ឲ្យពួកកម្មទៅគប់ទីស្នាក់ការគយ ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៕