សហជីពថាកម្មករទៅបោះឆ្នោតច្រើន បើទោះបីជាក្រសួងមិនផ្តល់ថ្ងៃឈប់ដូចលើកមុនៗ

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

សហជីពមួយចំនូនអះអាងថា កម្មករដែលជាសមាជិករបស់ពួកគេភាគច្រើនគឺបានទៅចូលរួមបោះឆ្នោត បើទោះបីជាក្រសួងការងារមិនឲ្យកម្មករឈប់សម្រាកចំនួន២ថ្ងៃបន្ថែមដើម្បីទៅបោះឆ្នោតក៏ដោយ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ឌ ឲ្យវីអូឌីដឹងថា សម្ព័ន្ធសហជីពកម្ពុជាមានកម្មករនយោជិតជាសមាជិកប្រមាណ១ម៉ឺននាក់ ក្នុងនោះលោកស្រីថាមានកម្មករប្រមាណជា៩០%គឺបានទៅបោះឆ្នោត។

លោកស្រីបន្តថា ការដែលកម្មករបានទៅចូលច្រើនបែបនេះដោយសារសហជីពរបស់លោកស្រីបានធ្វើការសម្របសម្រួសជាមួយភាគីរោងចក្រ។

លោកស្រីបន្ថែម «សម្រាប់សមាជិករបស់ខ្ញុំៗបានលើកទឹកឲ្យពួកគាត់បោះឆ្នោតទាំងអស់គ្នា ហើយខ្ញុំឃើញថាសម្រាប់សជិករបស់ខ្ញុំៗបានចរចាជាមួយបណ្តារោងចក្រសហគ្រាសដែលជាសមាជិករបស់យើងហ្នឹង គឺគាត់បានអនុញ្ញាត្តិឲ្យកម្មករបានទៅចូលរួមក្នុងការបោះឆ្នោតទាំងអស់គ្នា ដោយនៅក្នុងហ្នឹងយើងបានចរចាសុំឲ្យកម្មករបានឈប់សម្រាកនៅថ្ងៃសៅរ៍និងថ្ងៃចន្ទ ហើយនិយាយរឿងលុយវិញរោងចក្រខ្លះបើកប្រាក់ខែមុនចំនួន១៥០ដុល្លារ និងរោងចក្រខ្លះ ហើយខ្ញុំហ៊ានអះអាងសម្រាប់សមាជិករបស់ខ្ញុំនិយាយឲ្យចំទៅគាត់បានទៅបោះឆ្នោតទាំងអស់គ្នា»

ទីប្រឹក្សារសហព័ន្ធសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី មានប្រសាសន៍ថា បើទោះបីជាក្រសួងការងារមិនចេញសេចក្តីណែនាំកំណត់ពេលវេលាជាក់លាក់ឲ្យកម្មករបានទៅបោះឆ្នោតដូចលើកមុនៗក៏ដោយ លោកថា កម្មករនយោជិកដែលជាសមាជិករបស់សហជីពសេរីកម្មករ គឺទៅបោះឆ្នោតប្រហែលជា៨៥%ដែរ។

លោកបន្ថែមថា «ក្រសួងការងារអត់មានចេញជាលិខិតអីបញ្ជាក់អំពីការឲ្យកម្មករទៅបោះឆ្នោត ១ថ្ងៃ២ថ្ងៃ៣ថ្ងៃដោយមិនកាត់ប្រាក់បៀរវត្តនោះ គឺអត់មានចេញទេ ប៉ុន្តែបើទោះបីជាមិនមាន ការចេញក៏ដោយ ក៏យើងសង្កេតឃើញកម្មករកម្មាការនីរបស់យើងហ្នឹងមាន៨៥%ដែលចុះឈ្មោះបោះឆ្នោតហ្នឹងឃើញថាគាត់ទៅ ដោយគាត់មានចំណាយពេលវេលា ចំណាយថវិកា ផ្ទាល់ខ្លួនបោះគាត់ហ្នឹងដោយមិនចាំបាច់ខ្ចីពីថៅកែក្រុមហ៊ុន ហើយប្រាក់ខែរបស់ពួកគាត់ក៏ត្រូវបានក្រុមហ៊ុនកាត់ ប្រាក់រង្វាន់របស់គាត់ក៏ត្រូវបានកាត់ក៏ដោយ ហើយខ្ញុំមានការរីករាយ ព្រោះឃើញពួកគាត់ស្រាក់ស្រាំនាំគ្នាទៅបោះឆ្នោត ដូចនៅក្រុងព្រះសីហនុទោះភ្លៀងយ៉ាងណា ក៏ដោយក៏ពួកគាត់នៅតែនាំគ្នាទៅបោះឆ្នោត»

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា កម្មករទូទាំងប្រទេសប្រមាណ៨០%គឺទៅ ចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាខេត្តដែលពួកគេរស់នៅ ប៉ុន្តែលោកថា ក្នុងចំណោម៨០% នោះមានកម្មករតែ៦០%ប៉ុណ្ណោះបានទៅបោះឆ្នោត។

លោកបន្តថា កម្មករដែលមិនបានទៅបោះឆ្នោតនោះដោយសាររោងចក្រសហគ្រាសមួយ ចំនួនមិនអនុញ្ញាតច្បាប់ ខ្លះទៀតត្រូវថៅព្រមានកាត់លុយ និងមួយចំនួនទៀតខ្វះថវិកាធ្វើ សម្រាប់ធ្វើដំណើរជាដើម។

លោកបន្ថែមថា «ជាទូទៅកម្មករចុះឈ្មោះនៅកន្លែងដែលធ្វើការងាររបស់ខ្លួនបច្ចុប្បន្នប្រហែល ជា១០ទៅ២០ភាគរយប៉ុណ្ណោះ អញ្ចឹងប្រហែលជា៨០ភាគរយ ទៅចុះឈ្មោះបោះឆ្នោតនៅ ស្រុកហើយក្នុងចំណោមអ្នកដែលទៅចុះនៅស្រុកកំណើតហ្នឹង ខ្ញុំគិតថាបានទៅបោះឆ្នោតប្រហែល៦០ភាគរយទេ នៅសល់ប្រហែល៤០ភាគរយទៀតអត់បានទៅទេ មូលហេតុដែលខ្ញុំហ៊ាននិយាយបែបនេះ ព្រោះមានសហគ្រាស រោងចក្រ គ្រឹះស្ថានមួយចំនួនហ្នឹងអត់បានឲ្យច្បាប់ អ្នកកាត់លុយនិងអ្នកខ្លះទៀតអត់លុយ អ្នកខ្លះទៀតស្រុកនៅឆ្ងាយពេក ហើយអ្នកខ្លះទៀតបាត់អត្តសញ្ញាណដែលបង្កការរំខានមិនឲ្យទៅបោះឆ្នោតកើត ហើយដែលខ្ញុំទទួលបាន នោះបញ្ហាធំគឺការមិនអនុញ្ញាតច្បាប់ និងខ្វះលុយធ្វើដំណើរ»

យោងតាម​សេចក្តី​ប្រកាសរបស់គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប)​ ចេញផ្សាយ នៅថ្ងៃនេះអះអាងថា ​ពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​​បានចូលរួមទៅ​បោះឆ្នោត​ជ្រើ​សរើស​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៤ ​មានចំនួន ៧ ០៤០ ៥៩៤នាក់(ប្រាំពីរលាន ប្រាំបីសែន ​បួនម៉ឺន ប្រាំរយកៅសិបបួននាក់) ក្នុង​ចំណោមពលរដ្ឋ​ចំនួនជាង​៧ ៨៦៥ ០៣៣នាក់(ប្រាំពីលានប្រាំបីសែនប្រាំមួយម៉ឺនប្រាំពាន់សាមសិបបីនាក់)ពោលអ្នកចេញទៅបោះឆ្នោតមានជាង៨៩%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ