ទស្សនៈរបស់គណបក្សនយោបាយចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

បន្ទាប់ពីដឹងលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សនយោបាយមួយចំនួនមានទស្សនៈថា លទ្ធផលការបោះឆ្នោតកាលថ្ងៃទី៤ខែមិថុនា ម្សិលមិញគឺបង្ហាញជំនឿថា ខ្លួននឹងឈ្នះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រសសាសន៍ថា លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិទី៤នេះ ជាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ដែលបង្ហាញប្រជាពលរដ្ឋនៅតែចង់ឲ្យគណបក្សនេះដឹកនាំប្រទេសដដែល។  លោកបង្ហាញជំនឿថា នៅឆ្នាំ២០១៨ខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត។

លោកថា «ខ្ញុំយល់ថាជាជ័យជំនះ​របស់គណបក្សប្រជាជនដែលឆ្ពោះទៅបោះឆ្នោតសកលឆ្នាំ២០១៨ យើងសង្ឃឹមនិងមានសុទិថិនិយមនឹងទទួលបានជោគជ័យថែមទៀត ពីព្រោះប្រជាពលរដ្ឋមានសន្ទះគាំទ្រ ទោះបីគណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈមេឃុំ-ចៅសង្កាត់មួយចំនួនក៏ពិតមែន ក៏ប៉ុន្តែចំនួនសំឡេងឆ្នោតគឺកើនឡើងជាង៣សែនសំឡេង បើប្រៀបធៀបកាលបោះឆ្នោតកាលពីឆ្នាំ២០១៣ យើងកើនជាង៣ សំឡេងថែមទៀត»។

អ្នកនាំពាក្យគណបក្យសង្គ្រោះជាតិលោក យឹម សុវណ្ណ ​ថ្លែងទៅកាន់អ្នក​យកព័ត៌មាននៅ​ថ្ងៃអាទិត្យទី៤មិថុនា ​ម្សិលមិញថា គណបក្ស​សង្គ្រោះជាតិ​ដណ្តើម​បានសំឡេង​ប្រមាណ៤៦%​ នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិទី៤នេះ។ លោកបន្តថា លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅថ្ងៃអាទិត្យម្សិលមិញបង្ហាញថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​ឈ្នះការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅឆ្នាំ២០១៨ខាងមុខនេះ។

លោកថា «និន្នាការក្នុងការបោះឆ្នោតនៅប្រទេសកម្ពុជាពីឃុំទៅថ្នាក់ជាតិ គឺខុសពី១៥%ទៅ១៦%កាលពីបោះឆ្នោតឆ្នាំ២០០២ ប្រៀបធៀបទៅឆ្នាំ២០០៣ គឺខុសគ្នា ២០១២ទៅ២០១៣ ក៏ខុសគ្នា ហើយយើងខ្ញុំរំពឹងថា ជាមួយសំឡេងដែលយើងទទួលបាន៤៦%​នៅក្នុងឆ្នាំ២០១៧ ហើយនៅក្នុងឆ្នាំ២០១៨ យើងប្រាកដជាទទួលបានសំឡេងយ៉ាងតិច៦០%​។ ​ចឹងយើងសន្និដ្ឋានថានៅឆ្នាំ២០១៨ គណបក្ស​សង្គ្រោះជាតិឈ្នះឆ្នោតកាន់កាប់អំណាច​រដ្ឋាភិបាល»។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក កូវ គា លើកឡើងថា ចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គឺ គ.ជ.ប បានប្រកាសហើយ។ លោកបន្តថា គណបក្សដែលឈ្នះការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅអាណត្តិនេះ ដោយសារគណបក្សទាំងនោះបានយកលុយទៅសូកប៉ាន់អ្នកគាំទ្រដើម្បីឲ្យបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន។

លោកថា «កាលណាយើងនិយាយពីប្រជាធិបតេយ្យ យើងនិយាយពីគុណភាពនៃសន្លឹកឆ្នោត ពេលយើងសង្កេតឃើញប្រជាពលរដ្ឋរបស់យើងនៅពេលគាត់ទៅចូលរួមបោះឆ្នោតជាក់ស្ដែង មិនមានការយល់ដឹងទេ មិនថាតែខ្ញុំ មិនថាតែប្អូនអ្នកខលមកទេ។ ជាទូទៅមុនបោះឆ្នោត គេធ្វើអីខ្លះ មានអាសូកផង មានអាសម្លុតផង គំរាមផង។ នៅពេលបែបចឹង តើសន្លឹកឆ្នោតបែបហ្នឹង ខ្ញុំសួរថា តើវាមានខ្លឹមយ៉ាងម៉េចទៅចំពោះអត្ថន័យក្នុងការចូលរួមក្នុងសង្គមប្រជាធិបតេយ្យ។ សម្រាប់យើងគិតអំពីខ្លឹមនៃការចូលរួម ដូច្នេះសម្រាប់លទ្ធផលដែល​ LDP ទទួលបានមិនច្រើនទេ មួយឃុំៗ យើងអាចទទួលបាន១០០សម្រាប់រឿងទូទៅ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ»។​

បើតាមលទ្ធផលបឋមក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបានមេឃុំ-ចៅសង្កាត់ចំនួន១១៥៨។ ចំណែកគណបក្សសង្គ្រោះជាតិឈ្នះបាន៤៨៧ឃុំ-សង្កាត់ និងគណបក្សខ្មែររូបរួមជាតិទទួលបាន១ឃុំ។

យោងតាម​សេចក្តី​ប្រកាសគណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប)​អះអាងថា ​ពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​ ​បានចូលរួមទៅ​បោះឆ្នោត​ជ្រើ​សរើស​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៤ ​មានចំនួន៦ ៧៤៣ ៣២៩នាក់(ប្រាំមួយលានប្រាំពីរសែន​បួនម៉ឺនបីពាន់បីរយម្ភៃ​ប្រាំបួននាក់) ក្នុង​ចំណោមពលរដ្ឋ​ចំនួនជាង​៧ ៨៦៥ ០៣៣នាក់(ប្រាំពីលានប្រាំបីសែនប្រាំមួយម៉ឺនប្រាំពាន់សាមសិបបីនាក់)ពោលអ្នកចេញទៅបោះឆ្នោតមានជាង៨៦%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ