អង្គការតម្លាភាពរកឃើញថាការបោះឆ្នោតឃុំសង្កាត់ ល្អប្រសើរជាងអាណត្តិមុន​

នាយក​ប្រិ​ត​បត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល

អង្គការតម្លាភាពកម្ពុជា​បានសង្កេត​ឃើញ​ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាន​ភាពល្អ​ប្រសើរជាងអាណត្តិមុន ដោយថាមកពី បក្សធំៗពីរ បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ គជប ថ្មី។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នៅថ្ងៃទី​៥​មិថុនា​នេះថា​ អង្គការតម្លាភាពបានដាក់ពង្រាយ​អ្នកសង្កេតការណ៍ចំនួន១០៥១នាក់ ទូទំាង២៥រាជធានី ខេត្ត ដែលជាតំណាងនៃសំណាកគំរូវិធីសាស្ត្រស្ថិតិ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់​ កាលពីថ្ងៃទី​៤​មិថុនា​ម្សិលមិញ។

លោក ព្រាប កុល ថ្លែងទៀត​ថាក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់ម្សិលមិញនេះ ការប្រមូលទិន្និន័យនិង​ការសង្កេត​ការណ៍របស់អង្គការតម្លាភាព បានរាយការណ៍ពីលទ្ធផលបោះឆ្នោតបឋ​មនៅតាម​ឃុំសង្កាត់​ក្នុង​រាជធានី ខេត្តមួយចំនួន​បានទាន់ពេលវេលា ដោយលោកថា ការបោះឆ្នោតឆ្នាំនេះ នៅការិយាល័យភាគ​ច្រើន​ បានប្រព្រឹត្តទៅ ដោយរលូន សុវត្ថិភាព និងសន្តិវិធី ក្រោយពីគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានព្រមព្រៀងកែទម្រង់ គជប ថ្មី។

លោកថ្លែងថា «គណបក្សទំាងពីរបានជជែកគ្នាវិសោធនកម្មច្បាប់មួយចំនួន ដើម្បីឲ្យមានភាពល្អប្រសើរឡើង​ ហើយក្នុងនោះក៏មានម្ចាស់ជំនួយសំខាន់ៗក៏បានផ្តល់បច្ចេកទេស និងថវិកា ដើម្បីគំាទ្រកំណែទម្រង់ការបោះឆ្នោត គឺមានសហគមន៍អ៊ឺរ៉ុប ហើយនិងរដ្ឋាភិបាលប្រទេសជប៉ុន រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការមួយចំនួនទៀតដែលជំនាញខាងកិច្ចការបោះឆ្នោត ដែលបានចូលរួមផ្តល់បច្ចេកទេសក្នុង​ការងារកំណែ​ទម្រង់ការបោះឆ្នោត»

លោក ព្រាប កុល លើកទឹកចិត្តទៅ គជប និងភាគីគ្រប់បក្សនយោបាយទំាងអស់​សហការ​គ្នា​ឲ្យ​ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុននេះ ទទួលបានលទ្ធផលវិជ្ជមានប្រសើរជាងការបោះឆ្នោត ឃុំ ​សង្កាត់​ ឆ្នាំនេះទៀត។

ដោយឡែក ភាពមិនប្រក្រតីមានតិចតូចតែប៉ុណ្ណោះ ដោយលោកថា នៅតាម​ការិយាល័យខ្លះខ្វះសម្ភារ និង រឹតត្បិតសេរីភាពខ្លះៗរបស់អ្នកសង្កេតការណ៍ជាដើម​។​​

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ អះអាងថា ​ប្រជាពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​​ចំនួន​៨៥.៧៤%​ បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណតិ្តទី៤ ក្នុង​ចំណោមពលរដ្ឋ​ចំនួន​ជាង ​៧ ៨៦៥ ០៣៣នាក់ ប្រាំពីលានប្រាំបីសែនប្រាំមួយម៉ឺនប្រាំពាន់សាមសិបបីនាក់) ខណៈការពីបោះឆ្នោតជាតិកាល​ឆ្នាំ ២០១៣ មានពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៦៨,៥%តែប៉ុណ្ណោះ​។

បើតាម​នីតិ​វិធី​របស់ គ.ជ.ប លទ្ធផល​ជាផ្លូវការ​នៃការ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ​សង្កាត់​នឹង​ត្រូវ​ប្រកាស​ជាផ្លូវការ​នៅ​ថ្ងៃទី២៥ ខែ​មិថុនាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ