ក្រសួងវប្បធម៌ព្រមានចាត់វិធានការច្បាប់លើអ្នកបញ្ចូល[Upload]ស្នាដៃភាពយន្ត នៅលើបណ្តាញសង្គមជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់ស្នាដៃដើមនិងក្រសួង។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ដែលVODទទួលបាននៅថ្ងៃទី៦មិថុនានេះ មានខ្លឹមសារថា កន្លងមកក្រសួងសង្កេតឃើញសកម្មភាពនៃការដាក់បញ្ជូល[Upload]ស្នាដៃភាពយន្ត ចម្រៀងកាយវិការ លើបណ្តាញសង្គមហ្វេសប៊ុក[FACEBOOK]ឬតាមប្រព័ន្ធអ៊ិនធើណេត[YOUTUBE] និងបានធ្វើការផ្សព្វផ្សាយជាសាធារណៈដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ និងមិនមានទិដ្ឋការអនុញ្ញាតពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដោយថាករណីនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។
ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ព្រមានថា បើបុគ្គលរូបណា នៅតែបន្តដាក់បញ្ជូល[Upload]ស្នាដៃភាពយន្ត ចម្រៀងកាយវិការនៅលើបណ្តាញសង្គមនឹងត្រូវប្រឈមមុខច្បាប់។
សេចក្តីជូនដំណឹងឲ្យដឹងថា «ក្នុងករណីពីនិត្យឃើញមានការរំលោភបំពាន ក្រសួងវប្បធម៌និងចាត់វិធានការតាមច្បាប់ជាធរមាន»៕