បើទោះបីជាពេលនេះ គ.ជ.ប មិនទាន់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី៥ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៤នេះ គណបក្សប្រជាជនបាននាំមុខគេ។
ក្រោយបិទបញ្ចប់នៃការបោះឆ្នោតមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក របស់លោកថា សម្លេងឆ្នោតគណបក្សប្រជាជន មានការកើនឡើង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ និងថាបាននាំមុខបក្សផ្សេងទៀតនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា «តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត ជិត៧លានសម្លេង(៦៧៤៣៣២៩) គណបក្សប្រជាជន ទទួលបានជាង ៣លានសំឡេង(៣៥២៩៤០០) ស្មើជាង៥១ភាគរយ(៥១,៣៩%) កើនឡើងជាង ៣០ម៉ឺនសំឡេង ធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣»។
លោក ហ៊ុន សែន លើកឡើងទៀតថា គណបក្សប្រជាជននឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ទៀត បើប្រៀបធៀបចំនួនអ្នកគាំទ្រនៅពេលនេះ ទៅនឹងចំនួនអាសនៈរបស់គណបក្សលោកនៅក្នុងសភា។
បើតាមការអះអាងរបស់គណបក្សធំៗទាំងពីរគឺ គណបក្សប្រជាជនកម្ពុជាដណ្តើមបានតំណែងជាមេឃុំនិងចៅសង្កាត់ បានចំនួន១១៥៨ និងគណបក្សសង្គ្រោះជាតិទទួលបានតែជិត៥០០អាសនៈ។
ប៉ុន្តែបើពិនិត្យមើលពីតួរលេខ ដែលបានចុះផ្សាយនេះ ថ្វីត្បិតតែ បក្សកាន់អំណាចពេលនេះទទួលបានអាសនៈ ឃុំ សង្កាត់ ច្រើនជាងគណបក្សដទៃ ក៏ពិតមែន ប៉ុន្តែបើគេពិនិត្យពីចំនួនអាសនៈឃុំសង្កាត់ ដែលគណបក្សប្រជាជនមានកាលពីឆ្នាំ២០១២ គណបក្សនេះបានថយចុះអាសនៈទៅវិញទេ។ ដោយសារតែឆ្នាំ២០១២គណបក្សប្រជាជនគ្រប់គ្រងអាសនៈឃុំ សង្កាត់ ចំនួន១៥៩២ ដល់ឆ្នាំ២០១៧នេះ គណបក្សប្រជាជនគ្រប់គ្រងបានតែ១១៥៨ ពោលគឺបាត់អស់ជាង៤៤០អាសនៈ។
ចំណែកបក្សប្រឆាំងវិញ បានកើនឡើងជិត៥០០អាសនៈ ដែលកាលពីឆ្នាំ២០១២គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បូកបញ្ចូលគ្នា មានតែ៤០អាសនៈ។
តើលទ្ធផលបោះឆ្នោតឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច ដល់ការបោះឆ្នោតជាតិឆ្នាំ២០១៨?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា បើពិនិត្យពីលទ្ធផលបឋម ដែល គជប ប្រកាសនឹងលទ្ធផល អះអាងពីអ្នកនយោបាយ លោកវិភាគថា គណបក្សធំៗទាំងពីរនេះ មិនទាន់សម្រេចគោលដៅដូចគ្នា នូវអ្វីដែលពួកគេអះអាងពីភាពរឹងមាំថា នឹងឡើងទៅដឹកនាំប្រទេសនៅឆ្នាំ២០១៨នោះ បើទោះបីជាជាលទ្ធផលនេះបង្ហាញថាបក្សប្រឆាំងបានចាក់ឫសកែវនៅថ្នាក់មូលដ្ឋានក៏ដោយ។
លោកថា៖ «គណបក្សប្រជាជនក៏ត្រូវទទួលស្គាល់ថា យុទ្ធសាស្ត្រដែលខ្លួនបានធ្វើរយៈពេល៤ឆ្នាំមកនេះមិនទាន់អាចជួយឲ្យគណបក្សនេះវិលទៅរកជ័យជម្នះដូចពីមុនវិញបានទេ។ រីឯសង្គ្រោះជាតិដែលតែងតែគិតថា ខ្លួននឹងឈានទៅកាន់អំណាចនោះ ក៏បានបង្ហាញច្បាស់ថាមិនទាន់អាចទៅរួចទេមកដល់ពេលនេះ។ គឺ៤ឆ្នាំក្រោយមក។ យើងធ្លាប់ឮហើយថាសង្គ្រោះជាតិធ្លាប់ថាឈ្នះទៅកាន់អំណាចអី ក៏យើងអត់ទាន់ឃើញមានសញ្ញាស្រួចស្រាវអីទៅរកកន្លែងហ្នឹងនៅឡើយទេ។ អាហ្នឹងបើវិភាគទៅលើចំនួនសន្លឹកឆ្នោត។ អញ្ចឹងពីថ្ងៃនេះ រហូតដល់ឆ្នាំ២០១៨ វាជាឱកាសមួយទុកឲ្យអ្នកនយោបាយទាំងពីរហ្នឹង ត្រូវរៀបចំខ្លួនហ្នឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចធ្វើការជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿឲ្យបានខ្ពស់បន្ថែមទៀត អាហ្នឹងបានយើងអាចឈានទៅឈ្នះតែម្នាក់ឯងបាន។ បើមិនអីចឹងទេវានៅតែស្ថិតក្នុងភាពប្រទាញប្រទុងគ្នា ប្រហាក់ប្រហែលគ្នាហ្នឹងទៀតដដែល»។
បើទោះបីជាលោក មាស នី មិនបានបញ្ជាក់ថា អ្វីជាយុទ្ធសាស្ត្រគ្មានប្រសិទ្ធភាពរបស់គណបក្សប្រជាជន ក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា ជិត៤ឆ្នាំមកនេះ មន្ត្រីបក្សប្រឆាំង អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅសមាគមអាដហុក មន្ត្រី គជប អ្នកវិភាគនយោបាយ សកម្មជនដីធ្លី ត្រូវចាប់ឃុំខ្លួន។
អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវគេបាញ់សម្លាប់ រួមទាំងការយាយីមេដឹកនាំបក្សប្រឆាំងជាដើម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា គណបក្សដែលខ្លាំង អាចទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតបាននោះ លោកថាទាល់តែមានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។
លោក សូ ចន្ថា វិភាគថាការដែលគណបក្សកាន់អំណាច ធ្លាក់ចុះប្រជាប្រិយភាពបោះឆ្នោតជាតិឆ្នាំ២០១៣ និងថយអាសនៈឃុំ សង្កាត់នៅឆ្នាំ២០១៧នេះ លោកថា ជាសញ្ញាណធ្លាក់ចុះប្រជាប្រិយភាព ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនោះ វិភាគទៀតថា នៅឆ្នាំ២០១៨ បក្សប្រឆាំងទំនងជាមានប្រៀបឈ្នះការបោះឆ្នោតច្រើនជាងបក្សកាន់អំណាច តាមរយៈឫសលកែវនៅថ្នាក់មូលដ្ឋាននេះ ដោយថាបើបក្សកាន់អំណាចធ្វើកំណែទម្រង់ រយៈពេលមួយឆ្នាំទៀតនេះ មិនឆ្លើយតបនឹងការចង់បាន របស់ម្ចាស់ឆ្នោត ។
លោកថា៖ «លទ្ធផល២០១៧ឆ្លុះបញ្ចាំងថា គណបក្សសង្គ្រោះជាតិទទួលបានតួនាទីជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលតំណាងឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានច្រើន។ អញ្ចឹងធ្វើឲ្យគណបក្សនេះមានលទ្ធភាពធ្វើកិច្ចការនេះបានច្រើនជាងមុន។ អញ្ចឹងវាជាមូលហេតុមួយដែលអាចជំរុញឲ្យគណបក្សនេះ នឹងបន្តទទួលបានការគំាទ្របន្ថែមទៀត»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា លើកឡើងថា បើលទ្ធផលបោះឆ្នោត នៅថ្នាក់ក្រោមជាតិឆ្នាំ២០១៧នេះ ដូចអ្នកនយោបាយអះអាងមែន លោកវិភាគថា ឥទ្ធិពលរបស់បក្សប្រឆាំង ចាប់ផ្តើមពង្រីកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកថា៖ «អញ្ចឹងអាកន្លែងហ្នឹងជាសន្ទុះមួយដែលគណបក្សប្រជាជនត្រូវរៀបចំខ្លួនឲ្យល្អ បើមិនអីចឹងទេគណបក្សសង្គ្រោះជាតិគេអាចដណ្តើមបានហើយនៅអាណត្តិ២០១៨។ ព្រោះបើតាមកំណើនគាំទ្រ វាកើនដូចគ្នាមែន ក៏ប៉ុន្តែសង្គ្រោះជាតិគេកើនច្រើនជាង។ហើយហិរញ្ញវត្ថុគេក៏កើនច្រើន ហើយការឃោសនានយោបាយ របស់បក្សគេហ្នឹងអាចទៅដល់គ្រប់ឃុំ សង្កាត់ ហើយព្រោះអាណត្តិមុនគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សអាណត្តិមុន អត់មានតំណាងរបស់គេនៅថ្នាក់មូលដ្ឋាន គ្រប់ឃុំសង្កាត់ទេ ដែលអាណត្តិនេះ ទោះបីឃុំ សង្កាត់ដែលចាញ់ហ្នឹង ក៏គណបក្សសង្គ្រោះជាតិមានតំណាងរបស់ខ្លួនមាននៅគ្រប់មូលដ្ឋានទាំងអស់។ អាហ្នឹងហើយដែលជាភាពខ្លាំងមួយមិនអាចមើលរំលងបាន»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ការចាប់ផ្តើមចាក់គ្រឹះនៅថ្នាក់ក្រោមជាតិរបស់បក្សប្រឆាំងនៅពេលនេះ លោកថាគណបក្សប្រជាជន អាចនឹងបាត់បង់ឱកាសបន្តគ្រប់គ្រងអំណាចនៅឆ្នាំបាត់បង់២០១៨ បើបក្សនោះ មើលស្រាលពីការធ្វើកំណែទម្រង់ដ៏ពេញលេញមួយ ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋរយៈពេលមួយឆ្នាំនេះ។
លោកថា៖ «អាគោលនយោបាយដែលគណបក្សសង្គ្រោះជាតិលើកឡើង៥០ម៉ឺនដុល្លារ ដែលអ្នកខ្លះមិនជឿថាអាចធ្វើបានហ្នឹង ប៉ុន្តែវាអាចចងឲ្យពលរដ្ឋនៅឃុំ សង្កាត់ មួយចំនួនបើទោះបីគណបក្សកាន់អំណាចឈ្នះក៏ដោយ ក៏ប៉ុន្តែពលរដ្ឋនៅឃុំ សង្កាត់ហ្នឹងចង់បាន៥០ម៉ឺនហ្នឹងអភិវឌ្ឍក្នុងឃុំ សង្កាត់ដែរ អញ្ចឹងអាគោលនយោបាយហ្នឹងវាមុតស្រួចណាស់ អាហ្នឹងទី១។ ទី២ អារឿងសកម្មជន ឬក្រុមប្រឹក្សាឃុំ សង្កាត់ របស់បក្សប្រឆាំងឡើងជាង៤ពាន់ បើយើងគិតទៅជិត៥ពាន់អាសនៈហ្នឹង វាជួយជាហិរញ្ញវត្ថុដែរ សម្រាប់ជួយសកម្មជនបក្សហ្នឹងអាចធ្វើសកម្មភាពនយោបាយផ្សេងៗ រួមផ្សំទាំងក្រុមប្រឹក្សាឃុំ សង្កាត់ដែលគណបក្សប្រឆាំងឈ្នះជិត៥០០ទៀតហ្នឹង អាចធ្វើសកម្មភាពបានច្រើន។ អញ្ចឹងចរន្តហ្នឹងអាចជំរុញឲ្យគណបក្សសង្គ្រោះជាតិហ្នឹងអាចផ្សព្វផ្សាយគោលនយោបាយ របស់ខ្លួនហ្នឹងបានច្រើនទៅដល់មូលដ្ឋាន វាអាចធ្វើឲ្យបក្សកាន់អំណាចហ្នឹង មានការព្យាយាមទប់ទល់ ឬក៏ប្រយ័ត្នប្រយែងកាន់តែខ្លាំង បើមិនដូច្នោះទេ វាធ្នើឲ្យពលរដ្ឋហ្នឹងងាកទៅគាំទ្រគណបក្សផ្សេង»។
សរុបជារួម អ្នកវិភាគលើកឡើងថា លទ្ធផលបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០១៧នេះ នឹងជំរុញកាន់តែខ្លាំង ពីភាពមិនច្បាស់លាស់នៃការបន្តគ្រប់គ្រងអំណាច របស់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៨ បើការធ្វើកំណែងទម្រង់ ប្រព័ន្ធតុលាការ សេវាសាធរណៈ អំពើពុករលួយ ការរំលោភដីធ្លី ប្រាក់ខែមន្ត្រីរាជការ ប្រាក់ឈ្នួលសមរម្យ របស់កម្មករ ទីផ្សារសម្រាប់លក់កសិផលកសិករជាដើម រយៈពេលមួយឆ្នាំទៀតនេះគ្មានប្រសិទ្ធភាព៕