អ្នក​វិភាគ ៖ការ​​ផ្តល់តំណែងថ្មីឲ្យអ្នកមិនជាប់ឆ្នោត ​​កាន់តែ​ធ្វើ​ឲ្យពលរដ្ឋអស់ជំនឿ

អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​ និង​សង្គម យល់​ឃើញថា​ការ​សម្រេច​នៅ​តែ​អោប​ក្រសោប​មន្ត្រី​​ខ្លួន​របស់​បក្សប្រជា​ជន ជា​មួល​ហេតុ​ដែល​ធ្វើ​ឲ្យ​បក្សនេះ​កាន់តែ​បាត់​បង់​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ​ទៀត។ ការ​យល់​ឃើញ​នេះ​គឺ​បន្ទាប់​ពី​បក្ស​ប្រជាជន​សម្រេច​ទទួល​យក​មេឃុំ​ចៅ​សង្កាត់​ ដែល​ចាញ់ការ​បោះ ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ មក​ធ្វើ​ជា​ជំនួយ​ការ​រដ្ឋមន្ត្រីឬជំនួយស្ថាប័នរបស់រដ្ឋ។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ មេឃុំ​ ចៅ​សង្កាត់របស់​បក្ស​ប្រជាជន​ដែលមិនជាប់​ឆ្នោត ជាង៤០០នាក់នឹង​ត្រូវ​បាន​បក្សនេះ​ជ្រើស​​យក​មក​ធ្វើ​ជា​ជំនួយ​ការ​ និង​ទី​ប្រឹក្សា​ រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋនានា ក្រោយ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​ចេញ​ជា​ផ្លូវ​ការ​។

កាលពីដំបូងឡើយ មានលិខិតរបស់លោកស្រី ម៉ែន សំអន ក្នុងនាមលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអ្នកចុះពង្រឹងបក្សនៅតាមខេត្តនីមួយត្រៀម​ខ្លួន ទំនុកបម្រុង​ថវិកា​ដល់​មេឃុំ និងចៅសង្កាត់​របស់​គណបក្សដែលមិនជាប់ឆ្នោត។ ប៉ុន្តែ​ក្រោយ​មកក៏​មាន​លិខិតថ្មី​មួយទៀត ដោយ​​​​គណបក្សប្រជាជនកម្ពុជា តម្រូវឲ្យ​រដ្ឋមន្រ្តីតាមក្រសួងនីមួយៗ​ត្រៀម​ទទួល​មេឃុំ និងចៅសង្កាត់ដែល​មិនជាប់ឆ្នោត​មកធ្វើជាជំនួយការឬទីប្រឹក្សាវិញម្តង។

អ្នក​ឯក​ទេស​ខាង​អភិបាល​កិច្ច លោក ឱក សេរី​សោភក្កិ៍ យល់ថា​អ្វី​ដែល​គណបក្សប្រជា​ជន​កំពុងតែ​ធ្វើ​ គឺ​បង្ក​ឲ្យ​មាន​ភាពច្រលូក​ច្រឡំ​រវាង​កិច្ចការ​គណបក្ស និង​កិច្ច​ការ​រដ្ឋ តែលោក​ថាការដែលផ្តល់តំណែងថ្មីដល់​មេឃុំ​ចៅសង្កាត់​ដែល​ចាញ់​ឆ្នោត​​នោះ ​គឺ​បង្កើន​លទ្ធភាព​ការងារផង ហើយក៏​ជា​ការ​បង្កឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់ដោយ​សារកិច្ចការ​បក្ស​កាន់តែ​​ចូល​មក​ក្នុង​កិច្ច​ការដឹកនាំ​រដ្ឋ​កាន់​តែ​ច្រើន​។

លោក​ថា៖ « បើ​សិន​ជា​យើង​គិត​ពី​បទ​ពិ​សោធន៍​រដ្ឋ​បាល​ ពួកគាត់​ប្រកដ​ជា​មាន​បទ​ពិសោធន៍​រដ្ឋ​បាល​ជាក់​ច្បាស់​មែន!​ បើ​សិន​ជា​ប្រើ​ក្នុងផ្លូវ​ល្អ​ផ្លូវ​ត្រូវ​ផ្លូវ​ដែល​ដើម្បី​បម្រើ​ការ​ពារ​ប្រជា​ពល​រដ្ឋ​ខ្ញុំ​គិតថា​វា​បែប​ជា​មិន​អា​ក្រក់​ទេ ក៏ប៉ុន្តែ​បើសិន​ជា​គាត់​ធ្វើ​ការ​ចូល​រដ្ឋាភិបាល​មែន​ដើម្បី​ទទួល​បាន​តំណែង តែ​ប្រើ​តួនាទី​របស់​បក្ស​ដែល​បែង​ចែកគ្នា​មិន​ដាច់ ខ្ញុំ​គិត​ថា​ប្រជា​ពល​រដ្ឋ​គាត់​មិន​ល្ងង់​ទៀត​ទេ។ លោក​នឹង​ពិនិត្យ​មើល​ឃើញ​ហើយ​នឹង​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ពេល​មួយ​ឆ្នាំ​ទៀតដូច្នេះ​ហើយ​នេះ​វាដូច​ជា​កាំបិត​មុខ​ពីរ​អញ្ចឹង​ » ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង​ មាន​ប្រសាសន៍​ថានេះ​ជាគោល​នយោបាយ​របស់​បក្សនីមូយៗ គ្មាន​អ្វី​ចម្លែក​នោះ​ទេ តែ​លោក​ថាគណបក្ស​កាន់​អំណាច​គួរ​​តែ​ពិនិត្យ​អំពីបញ្ហា​នេះ​ផង​ដែរ ដោយ​ថាការ​ជ្រើស​រើស​អ្នក​ដែល​ពល​រដ្ឋ​មិន​ពេញ​ចិត្ត​មក​ធ្វើ​ការ​ងារមានមុខ​ដំណែង​បែប​នេះវារឹត​តែ​ធ្វើ​ឲ្យ​បក្ស​ប្រជា​ជនបាត់បង់​សំឡេង​ឆ្នោ​ត​ឆ្នាំ​២០១៨​ទៅ​វិញ​ទេ។

លោកថា៖ « នេះ​ខ្ញុំ​គិត​ថា​វា​ជា​គោល​នយោបាយរបស់​បក្សនីមួយ​ៗ ក៏​ប៉ុន្តែទាំង​គណបក្សកាន់​អំណាច​ក្តី ទាំង​គណបក្សប្រឆាំង​ក្តីនៅពេល​ដែល​មេឃុំ​ចៅ​សង្កាត់​ខ្លួន​ឯង​នៅពេល​ដែល​អត់​ទទួលបាន​ការ​គាំទ្រ គួរតែ​ពិភាក្សា​ពីមូល​ហេតុ​ដែល​ថា​ប្រជា​ជន​គេ​អត់​ចូល​ចិត្ត​ឬ​ក៏​ប្រជា​ជន​គេចូល​ចិត្ត កាល​ណា​ប្រជា​ជន​គេ​មិន​ចូល​ចិត្ត​កាល​ណា​យើង​ខំព្យាយាម​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ថែម​ទៀត អាហ្នឹង​គឺ​វា​មិន​បាន​ផ្តល់​ផល​ចំណេញ​អី​ដល់​គណបក្ស​ទេ » ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​លោក សន ជ័យ យល់​ថាការ​តែង​តាំងអ្នក​ទាំង​នេះ​មក​ជា​ជំនួយ​ការ​​នៅ​ស្ថាប័ន​រដ្ឋ​នេះ វា​អាច​នឹង​​ប៉ះពាល់​ដល់​ប្រសិទ្ធិភាព​ការ​ងារ​របស់​អ្នក​ទាំង​នោះ​។ លោក​ពន្យល់​ថា​បើ​សិន​ជា​ខ្លួន​មិន​អាច​ធ្វើការ​ងារ​រក្សា​ទំនុក​ចិត្ត​ប្រជាពល​រដ្ឋឲ្យ​ពេញ​ចិត្ត​នឹង​ខ្លួន​ផង​នោះ​ ការ​តែង​តាំង​នេះ​​វា​មិន​ត្រឹម​តែ​​​បន្ថែម​នូវ​បរិមាណ​មន្ត្រី​កាន់​តែ​ច្រើន​លើសលប់ក្នុង​ជួរ​រដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​ទេ ​វា​រឹត​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋកាន់​តែ​មិន​ពេញ​ចិត្ត​ទៅ​នឹង​រដ្ឋាភិបាល​នេះ​បន្ថែ​ម​ទៀត។

លោក​ថា៖ « ការ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅមាន​ការ​មន្ទិល ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​គាត់​អស់​ជំនឿ​ វា​បាន​បង្ហាញនូវ​ភស្ភុតាង​យ៉ាង​សំខាន់​​នៅ​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧​នេះ​រួច​ទៅ​ហើយ អញ្ចឹង​ជំហាន​បន្តទៀតប្រសិន​ជានៅ​តែ​​មាន​ការ​សម្រេច​ចិត្ត​ណាមួយ​ដែល​មាន​ពាក់​ព័ន្ធ​នូវ​ចំណុច​ដែល​ពល​រដ្ឋ​គាត់​មិន​ពេញចិត្ត​ហ្នឹងខ្ញុំគិត​ថាវា​ជា​លទ្ធផល​មួយ​ដែល​បង្ហាញ​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុ​ខ​ហ្នឹង!  » ។

បើតាមមន្រ្តីគណបក្ស​ប្រជា​ជន​គឺ​​លោក ​ហ៊ុន សែន​ មិនដែលបោះបង់មន្ត្រីរបស់​ខ្លួនចោលនោះទេ​បើ​ទោះ​បី​ជា​មន្ត្រីនោះ ពលរដ្ឋមិនពេញចិត្តក៏ដោយ សំខាន់ឲ្យតែស្មោះត្រង់នឹងគណបក្ស។ ជាក់​ស្តែង​ប្រធាន​នាយក​ដ្ឋាន​តម្រង់​ទិសនៃ​ក្រសួង​អប់​រំ​ លោក គ្រី ស៊ាង​ឡុង​ ដែល​មាន​រឿង​អាស្រូវ​ផ្លូវភេទនៅប្រទេស​កូរ៉េ​ខាង​ត្បូងបន្ទាប់​ពី​ដក​បញ្ឃរ​ជើងមួយ​រយៈ​ នាពេល​ថ្មីៗ​នេះ ត្រូវបាន​ក្រសួង​អប់​រំ​តម្លើង​ឋានៈឲ្យ​បន្ថែម​ទៀត។ មួយ​វិញ​ទៀតកង​អង្គរក្សរបស់​លោក​ ហ៊ុន សែន ដែល​បានវាយ​សមាជិក​សភាបក្ស​ប្រឆាំង​ពីរ​នាក់​នោះ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លោក ​ហ៊ុន សែន តម្លើង​ឋានៈឲ្យ​បន្ថែម​ទៀត​ដែរ​បន្ទាប់​ពីអនុវត្តន៍​ទោស​ជាប់​ពន្ធ​នា​គារ​តែ១ឆ្នាំរួច​មក។

ករណី​ទាំង​នេះ​ត្រូវ​បាន​លោក​ យង់​ គិមអេង​ យល់​ថាវា​ជា​អ្វី​ដែលធ្វើ​ឲ្យ​​ពល​រដ្ឋ​មិនពេញ​ចិត្ត​នោះ​ទេ ហើយ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គាំទ្រ​ទៅ​លើ​បក្ស​កាន់​អំណាច​ផង​ដែរ។​

លោកថា៖ « ចំពោះ​បញ្ហា​នេះ​កាល​ណា​ដែល​នៅ​តែ​អោប​ក្រសោប​អ្នក​ដែល​ធ្វើ​ទង្វើ​មិនល្អចំពោះ​ប្រជា​ពល​រដ្ឋអាហ្នឹង​ប្រជា​ពល​រដ្ឋ​គេ​មិន​ពេញចិត្ត​ទេ កាលណាប្រជាពល​រដ្ឋ​គេ​មិន​ពេញចិត្ត​អាហ្នឹង​វា​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​គណបក្សហ្នឹង​ហើយ​នេះ​ជារឿង​សំខាន់ ក៏​ប៉ន្តែ​រឿង​ដែល​គួរសម្រេច​ចិត្តអាស្រ័យ​លើ​នយោបាយរបស់​គណបក្ស បើគិត​ថា​រឿង​ហ្នឹង​ចំណេ​ញ​គួរ​តែ​គណបក្ស​ហ្នឹង​គេ​ធ្វើ​ទៅយើង​ជា​អ្នក​វិភាគ​យើង​គ្រាន់​តែ​វិភាគ​ថា​រឿង​ខាត​រឿង​ចំណេញ​នោះ​វា​យ៉ាង​មិច » ។

ទោះជាយ៉ាងនេះក្តី ​ប្រធាន​គណ​បក្ស​ប្រជាជនកម្ពុជាលោក ហ៊ុន សែន ថាបក្សខ្លួននៅតែខ្លាំងដដែល​នឹងទទួលបានអ្នកគាំទ្រកើន​ឡើង​ថែម​​ទៀត​ នឹង​ថានៅឆ្នាំ២០១៨ខាងមុខគណបក្សលោកនឹងនៅតែឈ្នះដឹកនាំរដ្ឋបន្តទៀត ខណៈ​​គណ​បក្ស​ប្រឆាំង​ថា​ខ្លួនត្រូវការសំឡេងតែបន្តិចទៀតប៉ុណ្ណោះ​ដើម្បីឈ្នះការបោះឆ្នោតឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ