ការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ រំពឹងថា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូនដូចការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីម្សិលមិញ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានហៅការបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនាថា ប្រព្រឹត្តទៅប្រកបដោយសណ្ដាប់ធ្នាប់ល្អនៅទូទាំងប្រទេស។ អង្គការនេះ បានសាទរចំពោះប្រជាពលរដ្ឋដែលបាននាំគ្នាទៅបោះឆ្នោតក្នុងចំនួនច្រើន ដោយមិនមានពលរដ្ឋណាត្រូវបានរារាំងមិនឲ្យបោះឆ្នោតដូច កាលពីពេលកន្លងមកនោះទេ។
ទោះជាយ៉ាងណា ការិយាល័យសិទ្ធិមនុស្សមួយនេះកត់សម្គាល់ថា មុនពេលបោះឆ្នោត មានអ្នកនយោបាយគណបក្សប្រឆាំងមួយចំនួន ត្រូវរងការគំរាមកំហែង និងរារាំងមិនឲ្យធ្វើយុទ្ធនាការបោះឆ្នោត ហើយអ្នកឃ្លាំមើលការបោះឆ្នោតមួយចំនួនមកពីសង្គមស៊ីវិលបានទទួលរងការបំភ័យនិងការយាយីផងដែរ។
អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា សម្ដែងការគាំទ្រ ចំពោះការលើកឡើងរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមហែងអ្នកការពារសិទ្ធិមនុស្ស។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល នៅតែគំរាមកំហែង ប្រជាពលរដ្ឋបន្តទៀតនោះ នៅឆ្នាំ២០១៨ រដ្ឋាភិបាលនឹងធ្លាក់សន្លឹកច្រើនជាងនេះ ។
លោកថា «ជាបទពិសោធន៍មួយហើយចំពោះរដ្ឋាភិបាលដែលបានប្រើការគំរាមកំហែងកន្លងមក ហើយការគំរាមកំហែងនេះវាដូចជាមិនបានផលវិជ្ជមានប៉ុន្មានទេ ដោយសារប្រជាពលរដ្ឋខ្មែរ លោកបានយល់ដឹងអស់ហើយ លោកហ៊ានប្រើសិទ្ធិ ដូច្នេះហើយការគំរាមកំហែងវាមិនអំណោយផលដល់គណបក្សកាន់អំណាចទេ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យគណបក្សកាន់អំណាចកាន់តែខាតបង់ប្រជាប្រិយភាពធ្ងន់ៗទៅ បើសិនជានៅតែគំរាមកំហែង ហើយបើសិននៅបន្តឃុំខ្លួន ឬបន្តគាបសង្កត់លើសង្គមស៊ិវិលនោះប្រជាពលរដ្ឋខ្មែរនិងដក់សេចក្ដីទុកចិត្តធ្ងន់ជាងនេះទៅជាងនៅអាណត្តិក្រោយៗ»។
នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ មានលក្ខណៈប្រសើរច្រើន បើប្រៀបធៀបទៅនឹងបោះឆ្នោតឆ្នាំ២០១២។ លោកបង្ហាញក្ដីសង្ឃឹមថា ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខនេះ នឹងមានលក្ខណៈប្រសើរជាងនេះទៀត។
លោកបន្តថា «ល្អច្រើនមែនទែនសូម្បីអ្នកបោះឆ្នោតឆ្នាំ២០១២ ក៏គាត់មិនសូវចូលរួមដែរ អ្នកបោះឆ្នោតបានជាង៦០ % …។ ចឹងសូម្បីបោះឆ្នោតក៏គាត់ចូលរួមច្រើនដែរ សហគមន៍អន្តរជាតិក៏បានឃ្លាំមើលច្រើនដែលលើកនេះ ចឹងហើយបានដំណើរការបោះឆ្នោតវារលូន។ ខ្ញុំគិតថា មានភាពប្រសើរជាងនេះផង ព្រោះអីខ្ញុំបានជួបសហគមន៍ជាច្រើនគេថា គេចាប់នៅពេលបោះឆ្នោតនៅឆ្នាំក្រោយ ជ្រើសរើសតំណាងរាស្ត្រគេនឹងចូលរួមឲ្យបាន ច្រើនដែលអាចធ្វើទៅបាន ដូច្នេះកាលណាមានសហគមន៍ជាតិ អន្តរជាតិគាត់ចូលរួមច្រើនដំណើរការវាកាន់តែប្រសើរឡើង»។
អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានទទួចឲ្យបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយ និងការចាប់ខ្លួនបុគ្គលិកអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំង ដើម្បីឲ្យពួកគេអាចបន្តធ្វើការស្របច្បាប់ នៅក្នុងប្រទេសកម្ពុជាតាមបែបប្រជាធិបតេយ្យជាពិសេសមុនការបោះឆ្នោត ឆ្នាំ២០១៨។
ការិយាល័យសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៥ និងដោះលែងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ដោយថាជាវិញ្ញាសាសំខាន់ ដើម្បីដាក់ពិន្ទុពីការបើកសេរីភាពបញ្ចេញមតិ៕