អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ថ្លែងបែបលើកទឹកចិត្តអ្នកគាំទ្រថា ពលករខ្មែរប្រហែល១លាននាក់ដែលធ្វើការនៅក្រៅប្រទេសនឹងវិលមកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨។
ក្នុងពិធីជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិកនិងបានបង្ហោះលើបណ្តាញសង្គមនាថ្ងៃទី២១ខែមិថុនា លោក សម រង្ស៊ី លើកឡើងថា ពលករចំណាកស្រុកនៅប្រទេសថៃ និងកម្មករកាត់ដេរនៅក្នុងស្រុក សរុប១លាន៧សែននាក់ ដែលមិនបានបោះឆ្នោតឃុំ-សង្កាត់ កន្លងមកនេះទេ។ លោក សម រង្ស៊ី អះអាងថា ការដែលអ្នកទាំងនោះមិនទៅបោះឆ្នោតកាលពីថ្ងៃទី៤មិថុនាដោយសារតែពួកគេគិតថា មន្ត្រីថ្នាក់ក្រោមជាតិ មិនអាចដោះស្រាយបញ្ហាធំៗ ជូនពួកគាត់បាន ដូចជាការតម្លើងប្រាក់ឈ្នួល ដល់កម្មករក្នុងវិស័យកាត់ដេរ ការបង្កើតទីផ្សារការងារ ដែលមានប្រាក់ឈ្នួលខ្ពស់ ទប់ស្កាត់ការធ្វើចំណាកស្រុកជាដើម។
ប៉ុន្តែលោក សម រង្ស៊ី រំពឹងថា ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ជាការបោះឆ្នោតជ្រើសរើសមេដឹកនាំ រដ្ឋាភិបាល ដូចនេះពលករនិងកម្មករទំាងអស់នោះនឹងចំណាយពេលវិលមកបោះឆ្នោត គាំទ្រគណបក្សសង្គ្រោះ ដែលលោកថា អាចជួយយដោះស្រាយបញ្ហាជូនពួកគេបាន។
លោកថា៖ «ឆ្នាំក្រោយបោះឆ្នោតជាតិ បើគេមិនឲ្យឈប់ កម្មករថាកាត់អីកាត់ទៅ។ ពីព្រោះបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ បានឡើងប្រាក់ខែអស់មួយជិវិត ហើយជីវភាពកម្មករច្បាស់ជារុងរឿងជាងមុនឆ្ងាយណាស់។ អញ្ចឹងកម្មករត្រៀមហើយ ៧សែននាក់ ដែលភាគច្រើនមិនបានទៅបោះឆ្នោត ឃុំ សង្កាត់នេះ ពួកប្តេជ្ញាចិត្តទៅបោះឆ្នោតឲ្យសង្គ្រោះជាតិនៅឆ្នាំក្រោយ ពលករខ្មែរនៅប្រទេសថៃ១លាននាក់អត់បានបោះឆ្នោតទេ ពួកគាត់ឈឺចិត្តណាស់»។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បាននៅឡើយទេ ដោយទូរសព្ទចូល តែគ្មានអ្នកទទួល។
កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ក្រសួងការងារមិនបានអន្តរាគមន៍ដូចអាណត្តិមុនៗឲ្យកម្មករឈប់ សម្រាប់ទៅបោះឆ្នោតទេ ធ្វើឲ្យកម្មករមួយចំនួនមិនបានទៅបោះឆ្នោត។
ករណីនេះ តំណាងរាស្ត្របក្សប្រឆាំងប្រាប់អ្នកសារព័ត៌ថា នឹងកោះហៅរដ្ឋមន្ត្រីក្រសួងការងារ និងប្រធាន គជប មកសួរដេញដោលពីមូលហេតុនេះ។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កង សាវាង្ស លើកឡើងថា រដ្ឋធម្មនុញ្ញបានធានាពីសិទ្ធិពលរដ្ឋ។ លោកជំរុញទៅរដ្ឋាភិបាលធ្វើអន្តរាគមន៍យ៉ាងណា ឲ្យកម្មករទាំងក្នុងស្រុក និងក្រៅស្រុក មានពេលគ្រប់គ្រាន់ សម្រាប់ទៅបោះឆ្នោតជ្រើសរើសមេដឹកនាំនៅឆ្នាំ២០១៨។
លោកថា៖ «អាសិទ្ធិដែលពលរដ្ឋអាចចុំឈ្មោះបោះឆ្នោតនៅកន្លែងណាមួយក៏បានហ្នឹងវាជាចំនុចល្អមួយហើយ។ប៉ុន្តែត្រូវធានាធ្វើម៉េចឲ្យគាត់មានលទ្ធភាព ដើម្បីឲ្យឱកាសគាត់ទៅបោះឆ្នោតបំពេញកាតព្វកិច្ចក្នុងនាមគាត់ជាប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការបោះឆ្នោត និងចុះឈ្មោះហ្នឹង ឲ្យគាត់អនុវត្តសិទ្ធិបាន»។
ទោះជាយ៉ាងណា គជប ប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤កន្លងទៅនេះពលរដ្ឋជិត៩០ភាគរយបានចេញទៅបោះឆ្នោត ក្នុងចំណោមអ្នកដែលបានចុះឈ្មោះជិត៨លាននាក់ ពោលចំនួនអ្នកចេញទៅបោះឆ្នោតបានច្រើនជាងអាណត្តិមុនៗ៕