លោក សម រង្ស៊ី៖ លោក ហ៊ុន សែន បញ្ជាអាម៉ីអាថោងក្នុងរដ្ឋសភាទីងមោងបង្កើតច្បាប់មួយសំដៅបុគ្គលតែម្នាក់

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចំអកទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា បានបញ្ជាឲ្យក្រុមរបស់ខ្លួន កែច្បាប់គណបក្សនយោបាយម្ដងទៀត ដើម្បីរារាំងកុំឲ្យលោកចូលប្រលូកក្នុងឆាកនយោបាយនៅកម្ពុជា។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យម្សិលមិញ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហោះសារនយោបាយឌឺដងទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា កំពុងភ័យខ្លាចតាំងតែពីស្រមោល និងសំឡេងរបស់លោកឡើង ខណៈដែលលោកនៅក្រៅប្រទេសហើយនោះ។

លោកថា ការភ័យខ្លាចនេះហើយធ្វើឲ្យលោក​ ហ៊ុន សែន នៅមិនសុខក្នុងចិត្ត និងបានបញ្ជាឲ្យសមាជិករដ្ឋសភាមកពីគណបក្សប្រជាជន ខិតខំកែច្បាប់គណបក្សនយោបាយឡើងវិញ ដើម្បីរាំរាំងលោក មិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

បើតាមហ្វេសប៊ុក លោក សម រង្ស៊ី សរសេរថា៖ «គួរឲ្យអស់សំណើច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអាម៉ីអាថោង ក្នុងរដ្ឋសភាទីងមោង ឲ្យបង្កើត “ច្បាប់” មួយ ដែលសំដៅមកលើបុគ្គលម្នាក់តែប៉ុណ្ណោះ គឺរូបខ្ញុំតែម្តង។ សាធារណមតិឃើញច្បាស់ហើយឥលូវនេះ ថា ហ៊ុន សែន ខ្លាចខ្ញុំណាស់ ដោយសារតែខ្ញុំជាសត្រូវដ៏ជិតស្និតជាងគេរបស់គាត់ ហើយគ្រាន់តែឈ្មោះខ្ញុំ រូបថតខ្ញុំ សម្លេងខ្ញុំ ស្រមោលខ្ញុំ ឬអ្វីដែលរម្លឹកពីវត្តមានខ្ញុំ ធ្វើឲ្យ ហ៊ុន សែន ដេកមិនលក់»។

ទោះជាយ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ រដ្ឋសភាបាន​ប្រជុំ​ពេញអង្គ ​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយគ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ គឺ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​៦៦​រូប​ប៉ុណ្ណោះ​។​

លោក សម រង្ស៊ី បន្ថែមថា លោកក៏បារម្ភខ្លាំងពីសុខទុក្ខអតីតសហការីលោក នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដោយថា អាចនឹងត្រូវបានរដ្ឋាភិបាលផ្ដាច់ការចាប់ជាចំណាប់ខ្មាំង ដើម្បីបំបិតមាត់លោក។ លោកថា នឹងព្រមធ្វើគ្រប់បែបយ៉ាង ដើម្បីការពារអ្នកទាំងនោះ ដោយថា សុខចិត្តឲ្យគេដាក់ទោស លើរូបលោកតែម្នាក់ប៉ុណ្ណោះ។

បើតាមហ្វេសប៊ុក លោក សម រង្ស៊ី សរសេរថា៖ «តែខ្ញុំនឹងតស៊ូប្រឆាំងការគំរាមកំហែងរបស់គេយ៉ាងថោកទាបបែបនេះ ហើយខ្ញុំនឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យគេថ្កោលទោសតែរូបខ្ញុំម្នាក់ ហើយចង់ដាក់ទណ្ឌកម្មមកលើតែរូបខ្ញុំម្នាក់»។

ការកែច្បាប់គណបក្សនយោបាយជាលើកទី២នេះធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែមិថុនាកន្លងទៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន អះអាងថា ច្បាប់នេះនឹង​រា​រាំង​​មិនឲ្យមានការដាក់តាំងរូបលោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទេ ដោយលោកចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ លោក ឈាង វុន បង្ហើបថា ច្បាប់នោះក៏នឹងទប់ស្កាត់មិនឲ្យមហាអំណាចណាមួយប្រើឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ