អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារបែបឌឺដងថាជា «កិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរឥតឈប់ឈរ» បើទោះជាលោកថា មានការព្យាយាមសម្លាប់លោកទាំងផ្នែករាងកាយនិងជីវិតនយោបាយ តាមរយៈប្រព័ន្ធតុលាការនិងស្ថាប័នរដ្ឋសភា រយៈពេល២០ឆ្នាំមកនេះក៏ដោយ។
កាលពីថ្ងៃចន្ទម្សិលមិញ តំណាងរាស្ត្ររបស់គណបក្សប្រជាជន ដែលមានសំឡេងភាគច្រើនក្នុងសភា បានអនុម័ត ច្បាប់គណបក្សនយោបាយ ដែលលោក ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្មជាលើកទី២ ដែលច្បាប់នេះ អ្នកតាមដានថា នឹងផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។
លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុក របស់លោកនាថ្ងៃទី១០ ខែកក្កដា លើកឡើងថា «២០ឆ្នាំកន្លងទៅនេះ លោកថាលោក ហ៊ុន សែន បានប៉ុនប៉ងតាមសម្លាប់លោកឥតឈប់ឈរ ទាំងរាងកាយ ទាំងជីវិតនយោបាយ»។
លោក សម រង្ស៊ី លើកឡើងទៀតថា ការប៉ុនប៉ងសម្លាប់លោក ផ្នែករាងកាយ ដោយលោកលើកយកករណី វាយប្រហារដោយគ្រាប់បែកដៃមុខអតីតមន្ទីររដ្ឋសភាឆ្នាំ១៩៩៧ និងថាការប៉ុនប៉ងសម្លាប់ជិវិតនយោបាយ តាមផ្លូវតុលាការរាប់សិបបណ្តឹង និងប្រើប្រាស់ស្ថាប័នរដ្ឋសភា តាមរយៈស្នើឲ្យកែច្បាប់ គណបក្សនយោបាយជាលើកទី២នេះជាដើម។
លោក សម រង្ស៊ី សរសេរបែបឌឺដងដូចនេះថា «ខ្ញុំមានកិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពជា លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់នេះ ដោយលោកថាលោក សម រង្ស៊ី ទៅវិញទេ ដែលជាអ្នកបញ្ចប់ជីវិតនយោបាយដោយខ្លួនឯង តាមរយៈធ្វើលិខិតសុំលាលែងពីប្រធានបក្សកាលពីខែកុម្ភៈឆ្នាំ២០១៧៖ «ខ្លួនឯងអ្នកធ្វើពាក្យសុំលាលែង ដោយបញ្ហាផ្ទាល់ខ្លួន មាននរណាផ្ញង់កាំភ្លើងឲ្យគាត់ស៊ីញ៉េ គឺគាត់ធ្វើខ្លួនឯង គ្មាននរណាបង្ខិតបង្ខំ គ្មាននរណាស៊ីញ៉េជំនួសគាត់ គឺគាត់ស៊ីញ៉េខ្លួនឯង។អញ្ចឹងគាត់ហ្នឹងហើយ ដែលជាអ្នកបញ្ចប់ជីវិតខ្លួនគាត់ហ្នឹង»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ល្បែងនយោបាយ ដែលមេដឹកនាំទាំងពីរកំពុងលេង លោកថាមិនបានផ្តល់ប្រយោជន៍ដល់ប្រទេសជាតិទេ ដោយថា សារឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ភាគច្រើនផ្តោតលើតែបញ្ហាបុគ្គល ដោយលោកប្រៀបធៀបថា មិនខុសពីគ្រូចាប់ពស់ និងពស់វែក ដែលអាងពិស។
លោកបន្ថែមថា៖ «ពស់វែកហ្នឹង ចាំឲ្យឮសំឡេងស្អីបន្តិច ពីគ្រូចាប់ពស់ គឺងើបឡើង បើកវែកដើម្បីការពារខ្លួនរហូតអញ្ចឹងទៅ ជួនកាលស្ទុះទៅចឹកអីអញ្ចឹងទៅ ពេលខ្លះក៏ចំមនុស្សខ្លះ ពេលខ្លះក៏ចំគ្រូពស់ខ្លះអីអញ្ចឹងទៅ ពេលខ្លះក៏ចំដុំថ្មី ហើយគ្រូពស់ ហ្នឹងក៏រុញដុំថ្ម មកពស់ក៏ចឹកចំដុំថ្ម អីអញ្ចឹងទៅ។ វាគ្រោតគ្រាត និយាយឲ្យចំទៅវាគ្រោតគ្រាត ហើយគ្រូចាប់ពស់ ហ្នឹងក៏នៅអត់ស្ងៀមទេ»។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួនបានរំឭកឲ្យមេដឹកនាំបក្សកាន់អំណាច គួរតែប្រើប្រាស់ពេលវេលា និងថាមពលរបស់ខ្លួន ជំរុញឲ្យរដ្ឋសភាធ្វើច្បាប់ ការពារប្រយោជន៍ជាតិ និង កែតម្រូវអ្វីដែលខុសឆ្គង៕