ប្រវត្តិសាស្ត្របានបង្ហាញថា ពេលមានការផ្លាស់ប្តូររបបដឹកនាំម្តងៗ ក្រុមអ្នកឈ្នះបានឡើងកាន់អំណាច តែងតែចាប់ក្រុមអ្នកចាញ់ យកទៅធ្វើទារុណកម្មឬសម្លាប់ចោល ដោយសំអាងពីហេតុផលផ្សេងៗ។
ទម្លាប់សងសឹកគ្នានេះ បានកើតឡើងច្រើនជំនាន់មកហើយនៅកម្ពុជា រហូតមានសុភាសិតខ្មែរមួយឃ្លា ពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
អ្នកឃ្លាំមើលលើកឡើងថា បញ្ហាចំបងមួយ ដែលជំរុញឲ្យមានវប្បធម៌សងសឹកនេះ ដោយសារតែមនុស្សមួយក្រុម ពេលមានអំណាច ហាក់មានអំនួតខ្លាំង ទៅលើសមត្ថភាពទៅលើយន្តការដឹកនាំក្រុមខ្លួន ហើយភ្លេចគិតទទួលយកមតិរិះគន់ពីមនុស្សមួយក្រុមទៀត ដែលគ្មានអំណាចឬពេលខ្លះពួកគេវាយយម្លៃថា មតិភាគតិច ជាមនុស្សអគិតទៀតផង។
ជិត៤០ឆ្នាំមកនេះ ថ្វីត្បិតតែកម្ពុជារក្សាបាននូវសន្តិភាព គ្មានសង្គ្រាមស៊ីវិលកើតឡើងក៏ដោយ ប៉ុន្តែបញ្ហាសង្គមមួយចំនួន ដែលរដ្ឋាភិបាលមិនទាន់បានដោះស្រាយនៅឡើយនោះ ហាក់បានបង្កប់នូវការព្រួយបារម្ភមួយថា ជម្ងឺប្រវត្តិសាស្ត្រ ឬវប្បធម៌សងសឹកនេះ អាចនឹងរើឡើងវិញ នៅពេលណាមួយនាថ្ងៃអនាគត។
បញ្ហាទាំងនោះដូចជា អ្នកការពារសិទ្ធិមនុស្ស ត្រូវចាប់ដាកពន្ធនាគារជាង១ឆ្នាំ ទើបដោះលែង អ្នកគាំទ្របក្សកាន់អំណាច វាយតំណាងរាស្ត្របក្សប្រឆាំង ជាប់ពន្ធនាគាររយៈខ្លី។ ក្រោយមក ត្រូវបានរដ្ឋាភិបាលលើកទឹកចិត្ត ដោយតម្លើងឋានៈ។
ឃាតកម្មបាញ់សម្លាប់មនុស្សល្បីៗមួយចំនួន ឃាតកពិតនិងអ្នកពាក់ព័ន្ធ មិនត្រូវវែកមុខមកផ្តន្ទាទោស ដូចជាករណីបាញ់សម្លាប់មេដឹកនាំកម្មករ ដ៏ល្បីឈ្មោះ លោក ជា វិជ្ជា បាញ់សម្លាប់តារាល្បីអ្នកស្រី ពិសិដ្ឋ ពីលីកា បាញ់សម្លាប់អ្នកការពារព្រៃឈើ លោក ឈុត ទុទ្ធី និងបាញ់អ្នកវិភាគនយោបាយលោក កែម ឡី ជាដើម។
ចំណែកការធ្វើច្បាប់របស់ស្ថាប័នរដ្ឋសភាវិញ ពេលខ្លះសំឡេងភាគតិចត្រូវបានច្រានចោល។
រីឯអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនវិញ បានជេរប្រមាថនិងលាបពណ៌គ្នា ដោយសារតែមាននិន្នាការនយោបាយផ្សេងៗគ្នា ។
បញ្ហាទាំងនេះ ត្រូវបានអ្នកតាមដានដាក់ការព្រួយបារម្ភថា កម្ពុជាអាចនឹងជាន់ដានប្រវត្តិសាស្ត្រ សងសឹកគ្នា ដូចពីអតីតកាល បើមានការផ្លាស់ប្តូរ របបដឹកនាំនៅថ្ងៃណាមួយ។
តើអ្វីជាគន្លឹះទប់ស្កាត់ កុំឲ្យកើតមានវប្បធម៌សងសឹកដូចពីអតីតកាល?
អ្នកប្រឹក្សាឯករាជ្យផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ លើកឡើងថា គន្លឹះ៣ អាចទប់ស្កាប់បញ្ហានេះ។លោកថា ទី១ រដ្ឋាភិបាលត្រូវធ្វើច្បាប់ការពារប្រយោជន៍សាធារណ រដ្ឋសភាត្រូវជាស្ថាប័នមិនចំណុះឲ្យរដ្ឋាភិបាល និងតុលាការត្រូវតែជាស្ថាប័នឯករាជ្យ។
លោកថា៖ «សរុបទៅត្រូវធ្វើកំណែទម្រង់ធ្វើយ៉ាងម៉េចឲ្យច្បាប់នោះល្អ ដែលមានន័យថាច្បាប់នោះ ត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស ហើយតុលាការហ្នឹងក៏ត្រូវឯករាជ្យ។ ឯករាជ្យហ្នឹងត្រូវមានធនធានគ្រប់គ្រាន់ដើម្បីធ្វើការតាមឆន្ទៈរបស់គាត់ដែលផ្អែកតាមគោលការណ៍ច្បាប់នេះឯង។ នេះឯករាជ្យភាពរបស់តុលាការគឺមានន័យអញ្ចឹង»។
លោកបន្ថែមដូចនេះទៀតថា៖ «ឧបមាថាមនុស្សម្នាក់ត្រូវបានគេរំលោភ ខ្ញុំសុំឧទារណ៍ថា ដូចលោកបណ្ឌិត កែម ឡី ត្រូវបានគេដកជីវិតគាត់ សម្លាប់គាត់។ ហើយចុះបើសិនជាយើងទៅរកយុត្តិធម៌ជូនគាត់ ទៅរកប៉ាឡាំ ប៉ាកូវៗ ឧទារណ៍ទេណា ខ្ញុះឮថាកាម៉េរ៉ាដែលត្រូវច្បាស់លាស់ទេ ដើម្បីឲ្យមានយុត្តិធម៌។ ប៉ុន្តែយកកាម៉េរ៉ាភ្លឹបភ្លេតៗ អាទ្រនាប់ជើងជនល្មើសអញ្ចះ ដល់ទ្រនាប់ជើងជនសង្ស័យអញ្ចុះ មិនព្រមមើលឲ្យម្ចាស់ ដែលគេមើលតាមហ្វេសប៊ុក មិនព្រមធ្វើឲ្យស្រួលបួល។ បានសេចក្តីថាដំណើរការរកយុត្តិធម៌ហ្នឹងអត់ស្រួលបួលទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគដូចនេះដែរថា៖ «បញ្ហាសំខាន់ដើម្បីកុំឲ្យបញ្ហាហ្នឹងវាកើតទី១គឺកម្ពុជា ត្រូវបណ្តុះធនធានតាមប្រព័ន្ធអប់រំ ទី២ប្រព័ន្ធផ្សព្វផ្សាយត្រូវបើកឲ្យទូលាយ ទោះបីមិនឈរជំហរបានអព្យាក្រិត្យ ឲ្យបានមកជិតអធ្យាក្រិតហ្នឹងទៅ ពលរដ្ឋអាចងាយស្រួលក្នុងការងាកមកជជែកគ្នា។ ប៉ុន្តែបើរក្សាជំហរដូចបច្ចុប្បន្ននេះទេ ពិបាកនឹងស្រុះស្រួលគ្នាណាស់»។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា វប្បធម៌សងសឹកនេះទំនងជាពិបាកលុបបំបាត់ទៅថ្ងៃអនាគត ដោយថាបើមិនបណ្តុះធនធានមនុស្សជំនាន់ក្រោយជាអ្នកស្នងតំណែង។
លោកថា៖ «ខ្ញុំគិតថាអ្នកនយោបាយបច្ចុប្បន្នពិបាក ដោយសាររតែគាត់ដុះស្លែ ដុះស្នឹមពិបាកកែទម្រង់បន្តិច រឿងទាល់តែក្មេងៗស្រកក្រោយមានការបើកទូលាយទៅលើការយល់ដឹងទស្សនៈហ្នឹង ទើបងាយស្រួលធ្វើការជាមួយគ្នា។ យើងមើលបញ្ហាសង្គមដែលកើតឡើងពីចាស់ៗភាគច្រើនដែលឈរនៅឃុំ សង្កាត់ដែលគាត់ចាញ់ហ្នឹងគាត់មានសុខចិត្តឲ្យ កន្លែងធ្វើការ ប្រគល់សោរការិយាល័យ ប្រគល់អីឲ្យឯណា គាត់សុខចិត្តក្រាញ គាត់ថាអាហ្នឹងជារបស់គាត់ គាត់មិនមែនថាអាហ្នឹងជារបស់ជាតិឯណា គាត់គិតថាប្រទេសហ្នឹងជារបស់គាត់ម្នាក់ឯង មានថារបស់ជាតិឯណាដល់អញ្ចឹងទៅបញ្ហាវាកើតឡើង។ រឿងហ្នឹងយើងមើលត្រឹមឃុំសង្កាត់វាកើតឡើងហើយ អញ្ចឹងចាស់ៗគាត់នៅប្រកាន់អានិន្នាការហ្នឹងនៅឡើយ គាត់មិនទទួលស្គាល់ថាអាហ្នឹងជាប្រយោជន៍រួមទេ»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បញ្ហាផុយស្រួយមួយទៀត ដោយថាបច្ចុបប្បន្ននេះ ពលរដ្ឋដែលមាននិន្នាការគាំទ្របក្សកាន់អំណាច ពួកគេតាមដាន ព័ត៌មាននៅតាមកញ្ចក់ទូរទស្សន៍ ដោយថា ទូរទស្សន៍ស្ទើរតែទាំងអស់ ផ្សព្វផ្សាយពីសកម្មភាពបក្សកាន់អំណាច។ លោកថា ចំណែកអ្នកដែលមិនចូលចិត្ត រដ្ឋាភិបាលវិញ ពួកគេមិនស្តាប់ព័ត៌មាននៅតាមកញ្ចក់ទូរទស្សន៍នោះទេ តែងាកមកស្តាប់វិទ្យុមួយចំនួនដែលផ្សាយបែបកណ្តាលទៅវិញ។
លោក ឯម សុវណ្ណារ៉ា វិភាគថា បញ្ហានេះ ជាការផុយស្រួយមួយទៀតនៃការផ្ទុះឡើងវិញ នូវវប្បធម៌សងសឹក ទៅថ្ងៃអនាគត បើអ្នកនយោបាយ មិនបណ្តុះស្មារតីជាតិនិយម។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងថា គន្លឹះនៃការទប់ស្កាត់កុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រនៃការសងសឹកគ្នានេះ លោកថា មានគន្លឹះ៣។ គន្លឹះទី១ អាចបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រី ដូចដែលក្រុមអ្នកនយោបាយជើងចាស់ធ្លាប់លើកឡើង គន្លឹះទី២ ធ្វើកំណែទម្រង់យុត្តិធម៌សង្គម និងគន្លឹះទី៣ អាចយកគំរូតាមប្រទេសភូមា ដែលលោកថាគេប្តូរមេដឹកនាំ តែគ្មានបង្ហូរឈាម។
លោកថា៖ «ភូមាគាត់ធ្វើហ្នឹងឃើញថា មេដឹកនាំយោធាដែលមានបាតដៃប្រលាក់ឈាមខ្លះដែលខ្លួនបានបង្ក្រាបទៅលើចំណោមប្រជាជនដែលខ្លួនបានបង្ក្រាបពីអតីតកាលហ្នឹង គាត់បង្វែអំណាចហ្នឹងទៅមនុស្សម្នាក់ទៀត ដោយឲ្យមនុស្សម្នាក់ទៀតហ្នឹងសន្យាកុំឲ្យធ្វើទុក្ខបុកម្នេញគាត់ នៅពេលដែលគាត់ដកខ្លួនចេញពីអំណាចអីហ្នឹង ហើយម្នាក់ហ្នឹងឯងគាត់ដើរតួជាអន្តរការរីមួយទៀត ដើម្បីផ្ទេរអំណាចទៅអ្នកឈ្នះមួយទៀត ដល់អញ្ចឹងទៅអត់មានឃើញធ្វើទុក្ខបុកម្នេញសើរើ រឿងរាងអតីតកាលអីដើម្បីសងសឹកគ្នាទេ។ ហើយគំរូហ្នឹងប្រហែលជាល្អដែរសម្រាប់ប្រទេសកម្ពុជា បើសិនជាយើងមិនចង់ឲ្យមានការកាប់សម្លាប់គ្នា នៅពេលដែលក្រុមមួយដែលចាញ់ទៅ ហើយក្រុមដែលឈ្នះហ្នឹងធ្វើដូចពីអតីតកាលទៀត»។
បើតាម អ្នកវិភាគ គន្លឹះដ៏សំខាន់មួយទៀត ដែលអាចទប់ស្កាត់កម្ពុជា កុំឲ្យឈានទៅប្រើប្រាស់វប្បធម៌សងសឹកឡើងវិញនោះ លុះណាតែអ្នកនយោបាយខ្មែរ លះបង់ការក្រាញអំណាច ដោយមិនបង្ហូរឈាមខ្មែរគ្នាឯង ហើយងាកមករៀបចំខ្លួន ថានឹងដើរឲ្យឆ្លាយពីកាំប្រវត្តិសាស្ត្រដែលបានកើតឡើងពីអតីតកាល។