មានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ប្រាសាទសម្បូណ៍ព្រៃគុក គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ដែលមានទីតាំងតាមបណ្តោយទន្លេស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេតុ្តកំពង់ធំ។ បើមើលទៅលើរចនាបទប្រាសាទ និងសិលាចារឹកនៅទីនោះ ប្រាសាទនេះត្រូវបានអ្នកស្រាវជា្រវសន្និដ្ឋានថា បានកសាងឡើងក្នុងសម័យចេនឡា ដើមសតវត្សទី៧ នៃរជ្ជកាលព្រះបានឥសានវរ្ម័នទី១។
ទីនេះគឺជារាជធានីចាស់ «ឦសានបុរៈ» របស់ប្រទេសកម្ពុជា និងជាទីសក្ការៈបូជាដល់ទេវៈព្រាហ្មណ៍សាសនាសម័យចេនឡា នៅចន្លោះសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៩។ ត្រូវបានកសាងនៅមុនសម័យអង្គរ ប្រាសាទសម្បូណ៍ព្រៃគុក គឺជារចនាបទដើមមួយ ដែលនាំទៅរកការបង្កើតប្រាសាទអង្គរវត្ត នៅសម័យមហានគរ។
តាមការបកស្រាយរបស់សាស្ត្រចារ្យ មីសែល ត្រាណេ បានពន្យល់ថា ពាក្យ «សម្បូណ៍ព្រៃគុក» ផ្សំឡើងដោយពាក្យ៣គឺ «សម្បូណ៍» «ព្រៃ» និងពាក្យ «គុក»។ គុក មានន័យថាជា គុហា ឬប្រាសាទ។ ជារួម សម្បូណ៍ព្រៃគុក មានន័យថាជា ព្រៃដែលស្តុកនិងសំបូរដោយប្រាង្គបា្រសាទ។
ប្រាសាទសម្បូណ៍ព្រៃគុក ត្រូវបានអង្គការ យូណេស្កូ ដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ នៅឯទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ រមណីយដ្ឋាននេះ បានក្លាយជាបេតិកភណ្ឌពិភពលោកទី៣ របស់កម្ពុជា ក្រោយពីការដាក់បញ្ជូលប្រាសាទ អង្គរវត្តនៅឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។
កាលពីថ្ងៃទី១០ ខែកក្កដា ក្រោយដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌបានចំនួន២ថ្ងៃ រដ្ឋាភិបាលបានអំពាវនាវឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមទូងស្គរ វាយគង និងគោះត្រដោក អបអរប្រាសាទសម្បូណ៍ព្រៃគុក បានដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧ ការអបអរការចុះបញ្ជីប្រាសាទសម្បូណ៍ព្រៃគុក ត្រូវបានធ្វើឡើង នៅពហុកីឡាដ្ឋានជាតិ ឬស្តាតអូឡាំពិក ដោយមានការប្រគុំតន្ដ្រី យ៉ាងអធិកអធម។
អ្នកចូលរួមទាំងនោះមានគ្រប់វ័យ ទាំងចាស់ ទាំងក្មេង ប្រុសស្រី និងមានឯកសណ្ឋានមិនខុសគ្នាប៉ុន្មានទេ គឺអាវពណ៌ស មានរូបដើមឈើនៅខាងមុខ ហើយរូបប៉មប្រាសាទសម្បូណ៍ព្រៃគុកនៅខាងក្រោយ។ ពួកគេភាគច្រើន មានទឹកមុខញញឹមញញ៉ែម អ្នកខ្លះក៏ដូចជាអស់កម្លាំង ហើយអ្នកខ្លះទៀត កំពុងជជែកគ្នាលេង។
កំពុងសំណេះសំណាលជាមួយមិត្តភក្ដិ កញ្ញា មាន សុធារ៉ា អាយុ១៨ឆ្នាំ ជានិសិត្សឆ្នាំទី១ នៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប។ កញ្ញាលើកឡើងថា កញ្ញារីករាយណាស់ ដែលបានមកចូលរួមកម្មវិធីនេះជាពិសេស គឺត្រង់ថា ប្រាសាទសម្បូណ៍ព្រៃគុករបស់កម្ពុជា ត្រូវបានដាក់បញ្ចូកជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយថា វានឹងអាចបង្ហាញ ពីកិត្តិស័ព្ទជាតិខ្មែរ នៅលើឆាកអន្ដរជាតិកាន់តែខ្លាំងជាងមុន។
កញ្ញាថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនទែន ហើយមានមោទនភាពចំពោះជាតិខ្មែរយើងដែលបានបន្សល់ទុកប្រាសាទ ចុះជាបេតិកភណ្ឌពិភពលោក ដើម្បីឲ្យសាកលលោកដឹងថាកម្ពុជាអស្ចារ្យប៉ុណ្ណា ប្រទេសអច្ឆរិយៈ។ … ចង់ឲ្យដាក់ចូលទាំងអស់…»។
បុរសវ័យកណ្តាលម្នាក់ទៀត ដែលមានមាឌធំខ្ពស់ កំពុងឈរយ៉ាងស្ងៀមស្ងាត់ ហាក់ដូចជាសញ្ជឹងគិតអ្វីមួយតែម្នាក់ឯង ដោយភ្នែកសំលឹងទៅក្រុមមនុស្សម្នាឯទៀត ដើរទៅមកនោះ លោក វុទ្ធ វិបុល រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកយល់ថា ការដាក់ប្រាសាទសម្បូណ៍ព្រៃគុក ចូលជាបេតិកភ័ណ្ឌពិភពលោក នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា ហើយលោកក៏ចង់ឃើញ មានការដាក់បញ្ជូលសម្បត្តិផ្សេងៗ ជាបន្តបន្ទាប់ទៀតផងដែរ។
លោកថា៖ «ខ្ញុំសប្បាយណាស់ដែលប្រាសាទសម្បូណ៍ព្រៃគុកបានក្លាយជាបេតិកភ័ណ្ឌពិភព…ជាមោទនភាពថ្លៃថ្លាមួយរបស់ខ្មែរ។ វានឹងមានផលចំណេញដល់ខាងវិស័យទេសចរណ៍ច្រើន។ បើសិនជាអាច មានប្រាសាទផ្សេងទៀតអាចដាក់ចូលបេតិកភ័ណ្ឌបាន ក៏ជាការល្អច្រើនសម្រាប់កម្ពុជា»។
ប្រជាពលរដ្ឋដែលចូលរួមផ្សេងទៀត ក៏បានសំដែងអារម្មណ៍សប្បាយរីករាយដូចៗគ្នា ដោយថា ការដាក់បញ្ចូលប្រាសាទនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងធ្វើកម្ពុជា កើនប្រភពចំណូលសេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរជាតិនិងអន្ដរជាតិ មកទស្សនាប្រាង្គប្រាសាទក្នុងប្រទេសកម្ពុជា «ត្រេកអរ សប្បាយរីករាយណាស់ដែលរដ្ឋាភិបាលបានសម្រេចដាក់ប្រាសាទសម្បូណ៍ព្រៃគុកជាបេតិកភ័ណ្ឌពិភពលោក ក្នុងនាមជាប្រជាពលរដ្ឋមួយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេសដែលសប្បាយ។ …នឹងមានការរីកចម្រើនក្នុងប្រទេសកម្ពុជាយើងផ្នែកទេសចរណ៍។ នឹងបានយកប្រាសាទមកថែរក្សា និង អភិរក្សតទៅទៀត» ។ «មានអារម្មណ៍ថា សប្បាយ ព្រោះស្រឡាញ់ព្រៃគុកហ្នឹង អត់ដែលបានទៅដល់ទេ គ្រាន់តែខ្ញុំមើលទូរទស្សន៍ ចង់ទៅ តែអត់ដែលបានទៅ»។
ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា លើកឡើងថា ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយថា នេះជាមោទនភាពជាតិមួយ ដែលកូនចៅកម្ពុជាជំនាន់ក្រោយ ធ្វើការតបស្នងសងគុណ ដល់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទទាំងនេះឡើង។
លោកស្រីថា៖ «មោទនភាពជាតិដ៏ធំធេងនៅពេលនេះ គឺជាកិច្ចតបស្នងសងគុណដ៏ធំធេង ដល់ដល់បុព្វបុរសខ្មែរ និងវិញ្ញាណនក្ខន្ធអតីតព្រះមហាក្សត្រខ្មែរជាច្រើនរាជវង្សតំណមកហើយ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត បញ្ហាញាណ ទុកនូវស្នាដៃដ៏មានតម្លៃ កំពូលជាសាកល សម្រាប់កូនខ្មែរជំនាន់ក្រោយ»។
ឋិតក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូក ដោយមើលទៅមានកម្លាំងពលាំងជាងមុន ប៉ុន្ដែដំណើរដើរ ហាក់ត្រេតទ្រតបន្ដិច លោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីជាប្រវត្តិសាស្ដ្រមួយនេះ។
អមដំណើរជាមួយនឹងភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនទាំងពីរនាក់ ក៏បានបក់ដៃជាសញ្ញាស្វាគមន៍ និងគោរពដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយមានទាំងសំឡេងហ៊ោកញ្ជៀវ និងសាទរ ថ្ងៃប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក។
មានប្រសាសន៍នៅក្នុងពិធីដ៏មហោឡារិកនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា ដូនតាខ្មែរបានខិតខំកសាងប្រាង្គប្រសាទដ៏មហិមានេះមកហើយ ដូច្នេះក្នុងនាមជាកូនចៅខ្មែរជំនាន់ក្រោយ បើមិនអាចថែរក្សាបានទេ នោះយើងគឺជាកូនអកត្តញ្ញូហើយ។ លោកថា «យើងទាំងអស់គ្នា ត្រូវធ្វើជាកូនកត្ដញ្ញូ»។
លោកបន្ថែមថា ការដាក់បញ្ចូលប្រាសាទនេះ មិនត្រឹមតែបង្ហាញឲ្យឃើញពីវប្បធម៌ អរិយធម៌ និងអក្សរសាស្ដ្រប៉ុណ្ណោះទេ ប៉ុន្ដែលោកថា កម្ពុជានឹងអាចបង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ បង្កើនឪកាសការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោកថ្លែងថា៖ «នេះគឺជាតួនាទីនៃកូនខ្មែរ ដែលបានកើតលើទឹកដីនេះ សង្ឃឹមថា អ្វីដែលយើងបានធ្វើនេះ គឺដោយសារដូនតាយើង បន្សល់ទុកឲ្យយើង ដូនតាយើងបានប្រឹងប្រែងកសាង យើងជាអ្នកជំនាន់ក្រោយ គ្រាន់តែការពារ គឺការពារមិនបាន គឺជាកូនអកត្តញ្ញូ យើងទាំងអស់គ្ន ត្រូវធ្វើជាកូនកត្តញ្ញូ»។
លោកមានប្រសាសន៍ថា កម្ពុជា មានមុខមាត់ដូចសព្វថ្ងៃនេះ គឺដោយសាររដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់នៅក្នុងវិស័យវប្បធម៌និងអរិយធម៌ រួមទាំងនយោបាយក្នុងនិងក្រៅប្រទេស។ លោកនាយករដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក៏កំពុងរៀបចំស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌផ្សេងទៀតផងដែរ ដូចជា ប្រាសាទកោះកេរ្ដិ៍ ភ្នំគូលេន និងប្រាសាទបន្ទាយឆ្មារជាដើម។ល។
រដ្ឋាភិបាលបានកំណត់យកថ្ងៃទី១០កក្កដា ជាថ្ងៃអបអរការចុះបញ្ជីប្រាសាទសម្បូណ៍ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក រៀងរាល់ឆ្នាំ។
ក្រៅពីប្រាសាទសំបូរព្រៃគុក រដ្ឋាភិបាលកម្ពុជាក៏បានទទួលជោគជ័យ ដោយបានដាក់សម្បត្តិបេតិភ័ណ្ឌ៧ទៀត ចូលជាសម្បត្តិមនុស្សជាតិរួចហើយផងដែរ ដូចជាប្រាសាទអង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ប្រាសាទព្រះវិហារ គុកទួលស្លែង ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង៕
រាយការណ៍បន្ថែមដោយកញ្ញា ថាញ់ ចន្ទសុធារី និងកញ្ញា ហ៊ាង សុគន្ធារី