ក្រុមប្រឹក្សាធម្មនុញបានសម្រេចគំាទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈមជ្ឈដ្ឋានជាច្រើន រួមទាំងគណបក្សប្រឆាំងអះអាងថាច្បាប់នេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលស្គាល់សំណើវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី ដោយឥតកែប្រែចំណុចណាមួយឡើយ បន្ទាប់ពីតំណាងរាស្ត្រគណបក្សកាន់អំណាច ស្នើកែប្រែជាលើកទី២ តាមការចង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈច្បាប់នេះបង្កើតឡើងត្រូវបានគេមើលឃើញថា បង្កើតឡើង ដើម្បីផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាសភាព៩រូប ដែលតំណាងឲ្យព្រះមហាក្សត្រ៣រូប ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៣រូប និង៣រូបទៀតមកពីរដ្ឋសភា។
សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា យល់ឃើញថា សមាសភាពក្រុមប្រឹក្សាធម្មនុញ្ញដែលសម្រេចគំាទ្រ ដោយឥយកែប្រែលើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ តាមការចង់បានរបស់លោក ហ៊ុន សែន ថាសុទ្ធសឹងតែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច។ ករណីនេះលោកថា ពេលច្បាប់នេះចូលជាធរមាន នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។
លោកនិយាយថា«យើងនិយាយពីស្ថាប័នរដ្ឋធម្មនុញ្ញជាស្ថាប័នកំពូល យើងឃើញថាសមាជិកភាគច្រើនគឺជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច។ ដូច្នេះចង់មិនចង់ចំាបាច់ត្រូវតែសម្រប ឬសម្រេចទៅតាមអ្វីដែលចង់បានរបស់គណបក្សកាន់អំណាច បើយើងនិយាយពីមុខងាររបស់ស្ថាប័នជាតិ ស្ថាប័នដែលឯករាជ្យ ប៉ុន្តែសមាសភាពបុគ្គលដែលទៅកាន់កិច្ចការហ្នឹងមកពីគណបក្សនយោបាយ ខ្ញុំគិតថាចង់មិនចង់គឺត្រូវតែស្ថិតនៅក្រោមឥទ្ធិពល ឬការសម្រេចបែបនយោបាយ ធ្វើឲ្យការប្រកួតប្រជែងនយោបាយក្នុងសង្គម ប្រជាធិបតេយ្យជួបបញ្ហា»។
ខណៈដែលច្បាប់ដ៍ចម្រូងចម្រាស់នេះ ត្រូវបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខាប្រកាសឲ្យប្រើនោះ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានយាងចេញទៅប្រទេសចិន ក្រោមហេតុផលពិនិត្យព្រះរាជសុខភាព។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី មានប្រសាសន៍ថា រដ្ឋធនុញ្ញកម្ពុជាចែងថា អំណាចចំនួន៣ធំៗត្រូវចែកដាក់ពីគ្នា រួមមានអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ ករណីនេះលោកថា បើមន្ត្រីមិនបែងចែកការងារឲ្យដាច់ពីគ្នាទេ ដោយលោកលើឧទាហរណ៍ថា ករណីវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីៗនេះ នឹងធ្វើឲ្យប៉ះពាល់ដល់អតីតមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី និងបក្សនយោបាយតូចៗផ្សេងទៀត។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើធ្វើវិសោធនកម្មឡើងវិញម្តងហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និងត្រូវបានចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនា ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន។
ខ្លឹមសារសំខាន់ក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺមិនអនុញ្ញាតិឲ្យប្រធាន ឬអនុប្រធានគណបក្សនយោបាយណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មានសិទ្ធិដឹកនាំបក្សបាននោះទេ។ លើសពីនេះទៀត បើប្រធាន អនុប្រធានបក្សណាមួយ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងទៅតុលាការកំពូល ដើម្បីរំលាយបក្សនោះ៕