អាជ្ញាធរថៃបើកយុទ្ធនាការដាក់ទោសអ្នកផ្សព្វផ្សាយគ្រឿងស្រវឹង

អាជ្ញាធរថៃបានបើកយុទ្ធនាការមួយ ដាក់ទោសលើជនណា ដែលផ្សព្វផ្សាយជំរុញ​ឲ្យមានការប្រើប្រាស់គ្រឿងស្រវឹង នៅក្នុងប្រទេសនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជាតិថៃ The Nation ឲ្យដឹងថា កាលពីខែកក្កដាឆ្នាំ២០១៧កន្លងទៅ អាជ្ញាធរថៃបានដាក់ចេញនូវយុទ្ធនាការថ្មីមួយ ក្នុងគោលបំណងហាមឃាត់មិនឲ្យតារាសម្ដែងល្បីៗ និងអ្នកដែលបង្ហោះសារ ឬរូបភាពជាសាធារណៈ ជំរុញ​ឲ្យមានការបរិភោគគ្រឿងស្រវឹង ហើយដែលបំពានច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង​ ឆ្នាំ២០០៨។

ប៉ុន្ដែច្បាប់នេះ មិនបានដាក់ទោសពន្ធនាគារលើអ្នកប្រព្រឹត្តខុសទេ ដោយគ្រាន់តែពិន័យជាប្រាក់ពី១០ទៅ​២០០០ដុល្លារ ករណីមិនរាងចាល​។

សារព័ត៌មានថៃ The Nation ឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ នគរបាលថៃក៏បានឃាត់ខ្លួនស្ដ្រីផ្សព្វផ្សាយស្រាបៀរចំនួន៣នាក់ ដែលសុទ្ធជានារីក្នុងវ័យ២០ឆ្នាំ កាលពីយប់ថ្ងៃទី៣១កក្កដា ក្នុងស្រុកមួង ខេត្តសារាបុរី។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្ដ្រីផ្សព្វផ្សាយស្រាបៀទាំងនោះ បានបង្ហោះវីដេអូឡាយលើហ្វេសប៊ុកប្រមាណជិត៥នាទី កាលពីថ្ងៃទី២៣កក្កដា ដោយថា ពួកគេបាននិយាយក្នុងវីដេអូនោះថា «ទិញស្រាបៀលីអូមួយដប ថែមជូនមួយឥតគិតថ្លៃ។ អ្នកអាចចូលមកញាំជាមួយពួកយើងឲ្យស្រវឹង។ ពួកយើងចង់ស្រវឹងប្រញាប់ឡើង មកទីនេះ»។

នគរបាលថៃចោទពួកគេថា បានបំពាននឹងច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង ដែលហាមមិនឲ្យមានការជំរុញ​ការប្រើប្រាស់គ្រឿងស្រវឹងជាសារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ