បទយកការណ៍៖ កម្មករនិយោជិតភាគច្រើនមិនយល់ថាអ្វីទៅជាតុលាការការងារ

កម្មកររោងចក្រ

នៅម៉ោងជិត៦ល្ងាច កម្មករ-កម្មាការិនី តាមបណ្ដារោងចក្រនានា ក្នុងរាជធានីភ្នំពេញ បានចាកចេញពីកន្លែងធ្វើការ ទៅកាន់លំនៅឋានរៀងៗខ្លួន។ ធ្វើដំណើរដល់រោងចក្រមួយកន្លែងឈ្មោះ អេស អិល ហ្គាមិន ប្រូសេសស៊ីង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យើងបានជួបសម្ភាសន៍ជាមួយកម្មការិនីម្នាក់ គឺអ្នកស្រី គង់ សុជា អាយុ៣៣ឆ្នាំ ជុំវិញនឹងសំណួថាតើអ្វីទៅជាតុលាការការងារ?​ ប៉ុន្ដែអ្នកស្រីបានឆ្លើយតបមកយ៉ាងខ្លីថា អ្នកស្រីមិនដឹងរឿងអ្វីនោះទេ ទាក់ទិននឹងការបង្កើតតុលាការងារ និងផលប្រយោជន៍របស់វា។ អ្នកស្រីថា៖ «អត់ ដែលមានអីផង និយាយរួមទៅ ឲ្យតែយើងមានហេតុផលត្រឹមត្រូវ អត់ដឹងដែរ ចំពោះគេ ខ្ញុំអត់ដឹង តែចំពោះខ្ញុំគឺអត់អីផង អត់ដឹង ហ៊ឹស ហ៊ឹស»។​

មិនមែនតែកម្មការិនីរូបនេះទេ ដែលមិនយល់ថាអ្វីទៅជាតុលាការការងារនោះ សូម្បីពលរដ្ឋចំនួន៤ផ្សេងទៀត ដែលយើងបានសម្ភាសន៍ ពួកគាត់សុទ្ធតែឆ្លើយថាមិនដឹងអ្វីទាំងអស់ ពីគម្រោងបង្កើតតុលាការការងារនេះ។

សំណុំរឿងមួយទាក់ទងនឹងវិវាទការងារ ត្រូវបានមេដឹកនាំសហជីពខ្លះលើកឡើងថា តុលាការបានទុកចោល​មិនចាត់ការឬខ្លះទៀតចាត់ការដោយភាពយឺតយ៉ាវ និងមិនផ្តល់​យុត្តិធម៌ដល់កម្មករនោះឡើយ។ ភាព​យឺតយ៉ាវនិងមិនផ្តល់យុត្តិធម៌ ដោយសារតែករណីខ្លះមន្រ្តីតុលាការមិនមានជំនាញពិតប្រាកដលើ​វិវាទ​ការងារនេះ។

កញ្ញា ជា សុគន្ធា ជាកម្មការរិនីរោងចក្រមួយកន្លែងទៀត ឋិតលើផ្លូវវែងស្រែង រាជធានីភ្នំពេញ។ កញ្ញាឲ្យដឹងថា កន្លងមក ពេលមានបញ្ហាក្នុងរោងចក្រ គឺសហជីពជាអ្នកជួយដោះស្រាយ ប៉ុន្ដែបើគ្មានលទ្ធផល ពួកគាត់នាំគ្នាទៅក្រសួងការងារ ឲ្យជួយអន្ដរាគមន៍។ កញ្ញាបន្ថែមថា តែបើរឿងខ្លះ ក្រសួងដោះស្រាយមិនចេញ ពួកគាត់ប្តឹងទៅតុលាការ ប៉ុន្ដែកញ្ញាថា យុត្តិធម៌ គឺពិបាកទទួលបាន។ កញ្ញារំពឹងថា តុលាការការងារ នឹងជួយដោះស្រាយ រកយុត្តិធម៌ដល់ក្រុមកម្មករ-កម្មការិនី បើមានករណីវិវាទការងារនៅពេលខាងមុខ។

កញ្ញាថា៖​ «ខ្ញុំគ្រាន់តែចង់ស្នើសុំថាបើសិនជាពេលដែលកម្មករកម្មាការិនីមានបញ្ហាទៅលើអ្វីមួយទាក់ទងការងារប្រាក់ខែ ឬការថែមម៉ោង ខ្ញុំស្នើសុំឲ្យតុលាការហ្នឹងនិយាយជាមួយថៅកែរោងចក្រទៅលើកប្រាក់ខែការថែមម៉ោងឲ្យមានភាពសុក្រឹត្យ ហើយផ្ដល់ប្រាក់រង្វាន់ទៅតាមឬក៏ប្រាក់វិវត្តន៍ទៅតាមលទ្ធភាព តាមឆ្នាំ តាមកម្លាំងពលកម្មរបស់ពួកខ្ញុំហើយខ្ញុំចង់បានយុត្តិធម៌មិនលំអៀងប៉ុណ្ណឹង»។

អតីតបុគ្គលិក នៅក្រុមហ៊ុនមួយកន្លែង និងជានិស្សិត សាកលវិទ្យាល័យមួយនៅភ្នំពេញ កញ្ញា មួង មីលីលី បានចូលរួមបញ្ចេញមតិដែរថា​ នេះជាការល្អ ដែលរដ្ឋាភិបាលរៀបចំ ឲ្យមានតុលាការការងារ ក្នុងប្រទេសកម្ពុជា។​ កញ្ញាយល់ឃើញថា កម្មករនិយោជិកមួយចំនួន មិនសូវមានសិទ្ធិ ហ៊ានតតាំងជាមួយថៅកែ ឬនិយោជករបស់ពួកឡើយ​ បើសិនមានវិវាទកើតឡើង។

កញ្ញាលើកជាឧទាហរណ៍ថា ក្នុងក្រុមហ៊ុន ដែលកញ្ញាធ្លាប់ធ្វើការ បើមានបញ្ហាការងារ គឺបុគ្គលិក មិនហ៊ានជជែកដេញដោល រកខុសត្រូវជាមួយម្ចាស់ក្រុមហ៊ុននោះទេ។

កញ្ញាថា៖ «យើងយល់ថា បើសិនមានបញ្ហា គឺយើងយកមកនិយាយគ្នាសិន គេយកបញ្ហាមកដោះស្រាយជាមួយរដ្ឋបាល ខាងធនធានមនុស្ស អញ្ចឹងគេមានការដោះស្រាយពីបញ្ហាអស់ហ្នឹង ប៉ុន្ដែគាត់ប្រើលក្ខខណ្ឌការងារមកនិយាយជាមួយយើង ប៉ុន្ដែបើសិនសាមីខ្លួនផ្ទាល់ហ្មង ជួនកាល គាត់ប្រើគាបសង្កត់ អាងអំណាច រាងធំជាងទៅ គាត់រំលោភសិទ្ធិយើង ហើយជួនកាលយើងចង់និយាយអី ក៏វាពិបាកដែរ វាពាក់ព័ន្ធអ្នកជុំវិញខ្លួនយើងដែរ»។

នារីវ័យ២៦ឆ្នាំរូបនេះ សង្ឃឹមថា ការបង្កើតតុលាការការងារ អាចនឹងជួយកាត់បន្ថយវិវាទការងារ និងជម្រុញការគោរពសិទ្ធិកម្មករនិយោជិកមួយកម្រិតថែមទៀត។ កញ្ញាជឿថា វាក៏អាស្រ័យលើម្ចាស់ក្រុមហ៊ុន និងនិយោជក ថាតើពួកគេនឹងគោរពសិទ្ធិបុគ្គលិកឬអត់។

ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១២៨ថ្មី អនុញ្ញាតឲ្យស្ថាប័នតុលាការ សម្រេចសេចក្ដីលើករណីទាំងអស់ រួមទាំងរឿងព្រហ្មទណ្ឌ រដ្ឋបាល រដ្ឋប្បវេណី ពាណិជ្ជកម្ម និងវិវាទការងារ។ ប៉ុន្ដែនៅប្រទេសធំៗលើពិភពលោក គេបែងចែកដាច់ដោយឡែកពីគ្នា ដូចជា តុលាការពាណិជ្ជកម្ម តុលាការការងារ តុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋបាល។

អស់រយៈជាង១០ឆ្នាំហើយ ដែលក្រុមអង្គការសង្គមស៊ីវិល និងសហជីពបានទទូចឲ្យបង្កើតតុលាការការងារ ឡើង ក្នុងគោលបំណងការពារសិទ្ធិកម្មករនិយោជិត និងជម្រុញការគោរពច្បាប់ការងារ ក្នុងប្រទេសកម្ពុជា។

កាលពីខែកក្កដាឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានប្រកាសថា ក្រសួងការងារ និងអង្គការពលកម្មអន្ដរជាតិ (ILO) បាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ ដើម្បីបង្កើតតុលាការការងារឡើង ដោយថា ក្រសួងនឹងបញ្ចប់សេចក្ដីព្រាងច្បាប់ ដើម្បីឲ្យតុលាការនោះ ចេញជារូបរាងនៅឆ្នាំ២០១៧។

រដ្ឋមន្ដ្រីក្រសួងការងារ លោក អ៊ិត សំហេង បញ្ជាក់ថា ការធ្វើសេចក្ដីព្រាងច្បាប់ បង្កើតតុលាការការងារ គឺត្រូវការពេលជាង១ឆ្នាំ គិតចាប់ពីខែកក្កដាឆ្នាំ២០១៦ ដោយថា តុលាការនេះនឹងជួយពង្រីកនីតិវិធីដោះស្រាយវិវាទការងារ និងពង្រឹងការអនុវត្តច្បាប់សហជីព ច្បាប់ការងារ និងច្បាប់ផ្សេងទៀត។

លោកមានប្រសាសន៍ថា៖ «នីតិវិធីតុលាការការងារ និងយន្តកាមួយចំនួន ដែលយើងបង្កើតនេះ មិនបានដាក់បន្ទុកដល់ ភាគីណាមួយទេ។ គឺសំខាន់បំផុត ជួយជាយន្តការ ដើម្បីផ្តល់យុត្តិ ធម៌បន្ថែមដល់ភាគី ពាក់ព័ន្ធទំាងអស់ ក្នុងការដោះស្រាយ និងវិវាទផ្សេងៗ ដែលកើតឡើង។ ពិសេសនោះកាត់បន្ថយវិវាទ និងបង្កើតសុខដុមរមនីយកម្ម នៃសង្គម។ ផ្ទុយទៅវិញបើគ្មាន និតិវិធីនេះ វានឹងធ្វើមានភាព ពិបាកថែមទៀត»។

ខណៈមិនទាន់មានតុលាការការងារ នីតិវិធីដោះស្រាយវិវាទ រវាងម្ចាស់ក្រុមហ៊ុន និងកម្មករនិយោជិត គឺធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលដើរតួនាទី ដោះស្រាយវិវាទការងារ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ពេលបច្ចុប្បន្ន។

តាមរបាយការណ៍ក្រសួងការងារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណុំរឿងវិវាទការងារជាង ២៥០០ករណី ក្នុងនោះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយជោគជ័យជាង៧៥ភាគរយ។ ដំណោះស្រាយជាច្រើន ត្រូវបានធ្វើឡើងតាមរយៈការផ្សះផ្សា មជ្ឈក្ដកម្ម ហើយជាមធ្យម ចំណាយពេលចំនួន១៥ថ្ងៃ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថាលោកក៏មិនទាន់ដឹងថា តុលាការការងារ អាចលេចជារូបរាងនៅឆ្នាំ២០១៧នេះឬអត់ទេ ដោយថា រដ្ឋាភិបាលតែងតែពន្យារពេល។ លោកអះអាងថា ដោយសារគ្មានតុលាការការងារ គឺក្រុមកម្មករនិយោជិត ត្រូវបង្ខំចិត្ត ដោះស្រាយជំទាស់ការងារ តែជាមួយនិយោជិក និងថៅកែរោចក្រ ហើយពេលខ្លះ ត្រូវរត់ទៅរកក្រសួងពាក់ព័ន្ធ និងប្រព័ន្ធតុលាការ និងអាចធ្វើកូតកម្មតែម្ដង បើនៅតែគ្មានដំណោះស្រាយ។

លោកបន្ថែមថា តុលាការងារនឹងជួយពង្រឹងការគោរពសិទ្ធិមនុស្ស និងការពារផលប្រយោជន៍អ្នកធ្វើការ ដោយលោកថា ទាល់តែតុលាការនេះ មានភាពឯករាជ្យ កាត់ក្ដីលឿនរហ័ស មិនចំណាយប្រាក់ច្រើន និងមានតម្លាភាពពិតប្រាកដ។

លោកថា៖ «តាមផែនការរបស់រដ្ឋាភិបាល គេនឹងបង្កើតតុលាការការងារ ប៉ុន្ដែថា លទ្ធភាពថា ឆ្នាំហ្នឹង ឬឆ្នាំក្រោយ យើងអត់ទាន់ច្បាស់ទេ ព្រោះធម្មតា បទពិសោធនកន្លងមក វាតែងតែមានការពន្យារពេលអីអញ្ចឹង។ ហើយរាល់ថ្ងៃ យើងដោះស្រាយ តាមប្រព័ន្ធ ដែលមានស្រាប់ គឺពេលមានវិវាទកើតឡើង យើងជជែកជាមួយក្រុមហ៊ុន បើជជែកមិនបាន យើងប្ដឹងមកក្រសួង បើផ្សះផ្សាមិនបាន ហើយពាក់ព័ន្ធវិវាទបុគ្គល យើងទៅតុលាការ តែបើពាក់ព័ន្ធវិវាទរួម គឺយើងរុញទៅអាជ្ញាកណា្ដល ហើយអាជ្ញាកណា្ដលចប់ទៅ គឺទៅតុលាការដូចគ្នា។ វាអាស្រ័យទៅតុលាការហ្នឹងដែរ បើតុលាការហ្នឹង បង្កើតឡើងមក ទី១ មានឯករាជ្យ ទី២ កាត់ក្ដីមានភាពយុត្តិធម៌ វិជ្ជាជីវៈ ខ្ញុំគិតថា អាចដោះស្រាយបាន…»។

ស្របពេលតុលាការការងារ នឹងចេញរូបរាងនាពេលខាងមុខ ក្រុមកម្មករ-កម្មាការិនី និងប្រជាពលរដ្ឋ ទទូចដូចគ្នាថា ស្ថាប័នតុលាការថ្មីមួយនេះ ត្រូវមានឯករាជ្យភាពពេញលេញ មិនស្ថិតក្រោមអំណាចនីតីប្រតិបត្តិនិងអាចរកបានយុត្តិធម៌ពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ