សកម្មជនដីធ្លីនៅតំបន់បឹងកក់បាននាំគ្នាដាក់ញត្តិទៅអង្គការសហប្រជាជាតិ (UN) នៅព្រឹកនេះ ដោយសុំជួយអន្តរាគមន៍ឲ្យដោះលែងតំណាងពួកគេ គឺអ្នកស្រី ទេព វន្នី ខណៈលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកទស្សនកិច្ចនៅកម្ពុជា។
ការរកិច្ចអន្តរាគមន៍នេះ ធ្វើឡើងស្របពេលដែលសាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់អ្នកស្រី ទេព វន្នី នៅថ្ងៃទី៨ ខែសីហា ស្អែកនេះ។
តំណាងសហគមន៍បឹងកក់អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិថា ពួកគាត់សុំជួបលោកស្រី រ៉ូណា ស្មីត នៅពេលដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ អ្នកស្រីបន្តថា ពួកគាត់ចង់ឲ្យលោកស្រី ស្មីត ជួយជំរុញទៅរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅពេលមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា។
តំណាងការិយាល័យឧត្ដមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញមកទទួលញត្តិដោយសន្យាប្រាប់ពីបញ្ហានេះ ទៅលោកស្រី ស្មីត ពាក់ព័ន្ធនឹងការស្នើសុំរបស់សហគមន៍បឹងកក់។
អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕