សំឡេងស្រែកយំរបស់កុមារបានបន្លឺឡើងចេញពីផ្ទះពេទ្យឯកជនមួយកន្លែង ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
កុមារនេះមានអាយុជាង១ឆ្នាំ និងមានជំងឺ ក្អក ផ្តាសាយ ក្តៅខ្លួន រយៈពេលជិតមួយសប្តាហ៍មកហើយ។
អង្គុយលើគ្រែ ដៃបីចៅឲ្យអ្នកគ្រូពេទ្យ បន្តោងសេរ៉ូម នៅឃុំបឹងល្វា អ្នកស្រី ជឹម ឆន បានរៀបរាប់ថា កន្លងមកកូនរបស់គាត់ឈឺធ្ងន់ត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយថាត្រូវចំណាយពេលពេញមួយព្រឹក ទើបទៅដល់ទីនោះ។
អ្នកស្រី ឆន អះអាងថា ចៅរបស់គាត់ឈឺស្រាល ទើបគាត់យកទៅព្យាបាលនៅពេទ្យឯកជនក្បែរផ្ទះរបស់គាត់ ប៉ុន្តែអ្នកស្រីថា ការចំណាយថវិកាព្យាបាលនៅពេទ្យឯកជនអស់ច្រើនជាងពេទ្យរដ្ឋ។
អ្នកស្រីនិយាយថា «វាចេះតែក្អក រលាកបំពុងក ផ្តាសាយ ត្រូវយកមក…៧ម៉ឺនមិនដឹង ទំាងចាក់ ទំាងថ្នាំលេប»។
ប្រជាពលរដ្ឋរស់នៅឃុំបឹងល្វា ខេត្តកំពង់ធំ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ដើមចមដែលនាំឲ្យប្រជាជននៅក្នុងតំបន់ពួកគេ មានជំងឺ រាក ផ្តាសាយ ក្អក គ្រុនក្តៅ គ្រុនពោះវៀន ជាដើម ដោយថាពួកគេរាប់រយគ្រួសារប្រើទឹកអណ្តូង មិនស្អាត ហើយមិនយល់ច្បាស់ពីរបៀបថែទំាសុខភាព។
វ័យជាង៤០ឆ្នំា មានជំងឺក្រពះ ពោះវៀន ប្រចំាកាយ អ្នកស្រី ជាន ណេត ដែលអះអាងថារស់នៅឃុំបឹងល្វា បានឲ្យដឹងថា នៅពេលគ្មានមណ្ឌលសុខភាពនៅក្នុងឃុំ ធ្វើឲ្យប្រជាពលលរដ្ឋមិនបានយល់ដឹងបញ្ហាសុខភាព ទើបធ្វើឲ្យពួកគេងាយឆ្លងជំងឺ៖ «ប្រជាពលរដ្ឋអត់មានការយល់ដឹងពីការថែទំាសុខភាព បានឈឺគ្រប់គ្នាជាច្រើន អត់មានពេទ្យមកប្រាប់ អប់រំ ឲ្យប្រជាពលរដ្ឋប្រើប្រាស់យ៉ាងម៉េចទេ ប្រជាពលរដ្ឋចេះតែប្រើប្រាស់តែខ្លួនឯងទៅ មិនថាគេខ្ញុំប្រើទៅវាមានការប៉ះពាល់រាគរួស គ្រុនរល្ងា ក្រពះពោះវៀន ប្រើទឹកឆៅ ទឹកអណ្តូងធម្មតា»។
បើតាមពលរដ្ឋ ចំងាយផ្លូវធ្វើដំណើរពី ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ទៅមន្ទីរពេទ្យបង្អែក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មានចំងាយផ្លូវប្រហែល៥០គីទ្បូម៉ែត្រ។
ដោយជួបផលវិបាកបែបនេះ អ្នកស្រី ញឹម ផា រស់នៅឃុំបឹងល្វា ស្នើទៅរដ្ឋាភិបាលបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគាត់ ដោយថា ដើម្បីផ្តល់ភាពងាយស្រួល និងដោះស្រាយបញ្ហា ប្រឈម ផ្នែកសុខភាពជូនប្រជាជននៅក្នុងភូមិ។
លោកស្នើថា «ខ្ញុំចង់ឲ្យមានមណ្ឌលសុខភាពនៅកន្លែងហ្នងទៅ[ឃុំបឹងល្វា] វាស្រួលថាមនុស្សឈឺពោះ ឆ្លងទន្លេ យប់ ព្រលប់ ចាស់ទុំឈឺពិបាកទៅឆ្ងាយ ព្រោះទៅឆ្ងាយសោហ៊ុយវាអស់ច្រើន បើយើងនៅជិតនេះទៅ ដូចថាថវិកា ក៏វាមិនសូវអស់ប៉ុន្មាន អ្នកគ្រូធំៗមកអាចបានថាជួយប្រជាជននៅក្នុងភូមិវាបានខ្លំាងដែរ»។
ជំទប់ទីមួយឃុំបឹងល្វាដែលទើបជាប់ឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក សួន រតនៈ បានទទួលស្គាល់ថា ឃុំបឹងល្វាជាតំបន់ដាច់ស្រយាល និងងាយប្រឈមបញ្ហាសុខភាព។ ករណីនេះលោកថា នឹងធ្វើសំណើទៅស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍បង្កើតមណ្ឌលសុខភាពនៅក្នុងឃុំបឹងល្វាឲ្យបានឆាប់ ដោយថា ដើម្បីងាយស្រួលឲ្យពលរដ្ឋទៅរកសេវាសុខភាពនៅតំបន់នោះ។
លោកនិយាថា៖ «ខ្ញុំមើលឃើញភាពជាក់ស្តែងនៅតំបន់ក្នុងឃុំបឹងល្វានេះ ជាតំបន់ដាច់ស្រយាលឆ្ងាយពីមន្ទីពេទ្យ ហើយនិងមានសំណូមពរពីប្រជាពលរដ្ឋជាក់ស្តែងមកបន្ថែមទៀត ក្នុងនាមខ្ញុំជាសមាជិកក្រុមប្រឹក្សាឃុំថ្មី ខ្ញុំនិងព្យាយាមអន្តរាគមន៍ផ្នែកសេវា ស្នើសុំជាលាយលក្ខអក្សរបន្ថែមទៀតនៅ ថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ ជួយពិនិត្យឡើងវិញនូវតំបន់ចំកាត់មាត់ញ៉ក ពិសេសនៅក្នុងឃុំបឹងល្វាមួយនេះជាតំបន់ដាច់ស្រយាលហើយប្រឈមខ្លាំបំផុតនូវបញ្ហាសុខភាព»។
ឃុំបឹងល្វា មានភូមិជាផ្លូវការចំនួន១៣ ដែលមានចំនួនពលរដ្ឋជិត៥ពាន់គ្រួសារ (៤.១៤៦គ្រួសារ) ស្មើចំនួនប្រជាជនជិត២ម៉ឺននាក់ (១៧.០៤៧នាក់) ខណៈភូមិមិនទាន់ចុះបញ្ជីពីក្រសួងមហាផ្ទៃ ជាផ្លូវការ គឺមានចំនួន១១ភូមិទៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានពន្យល់ថា តាមលក្ខណ្ឌរបស់ក្រសួង គឺតំបន់ដែលអាចបង្កើតមណ្ឌលសុខភាពជូនប្រជាជនបាន ដរាបណាមានប្រជាជនរស់នៅចន្លោះពី៨០០០នាក់ ទៅ១០០០០នាក់។ ចំណែកតំបន់ដែលមានប្រជាជនក្រោមនេះ លោកថាក្រសួងអាចបង្កើតប៉ុស្តិ៍សុខភាព នៅក្នុងឃុំបាន ក្នុងករណីចំាបាច់ ដោយលោកលើកឧទាហារណ៍នៅខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី នៅតំបន់ដាច់ស្រយាលមិនគ្រប់៨០០០នាក់ទេ ប៉ុន្តែក្រសួងបានបង្កើតឲ្យមានប៉ុស្តិ៍សុខភាពនៅក្នុងឃុំមួយចំនួន រួចហើយ។
យ៉ាងណាក៏ដោយលោក សូវ៉ាន់ លើកទឹកចិត្តឲ្យពលរដ្ឋធ្វើសំណើរជាលាយលក្ខអក្សរ ទៅអាជ្ញាធរដែនដីដោយថាបើក្រសួងសុខាភិបាលទទួលបាន នោះនឹងពិចារណាដោះស្រាយបញ្ហាជូនប្រជាជននៅតំបន់នោះ។
លោកមានប្រសាសន៍ថា «នៅហ្នឹងគាត់មានឃុំ គាត់អាចធ្វើការស្នើសុំតាមរយៈឃុំ មកស្រុក មកមន្ទីរសុខាភិបាលទៅ ឲ្យជជែកគ្នារឿងហ្នឹង ដូចខ្ញុំនិយាយចឹង គឺថាប្រជាពលរដ្ឋចាប់ពី៨០០០នាក់ ដល់មួយម៉ឺននាក់ យើងនិងរៀបចំបណ្ឌលសុខភាពមួយនៅទីនោះ ក្រោមហ្នឹងយើងអាចពិចារណារៀបចំប៉ុស្តិ៍សុខភាពសិន ដល់ពេលអនាគត់ទៅយើងគ្រប់លក្ខណៈ យើងនិងរៀបចំជាមណ្ឌលសុខភាព»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថា រដ្ឋាភិបាលផ្តល់ថវិកាជាតិប្រហែលជា៥ភាគ សម្រាប់វិស័យសុខាភិបាល ខណៈជំនួយបរទេសប្រហែល២៥ភាគរយ។ ករណីនេះលោកថា ពលរដ្ឋត្រូវចំណាយថវិកាផ្ទាល់ខ្លួនប្រហែល៦០ទៅ៧០ភាគរយ ដើម្បីព្យាបាលជំងឺ។
លោក មាស នី យល់ថា រដ្ឋាភិបាលគួរតែទំលាក់ថវិកាជាតិទៅស្ថាប័នពាក់ព័ន្ធឲ្យបង្កើតមណ្ឌលសុខភាពជូនប្រជាជននៅក្នុងភូមិ-ឃុំ ទូទំាងប្រទេស ជាពិសេសតំបន់ដាច់ស្រយាល ដោយថាប្រជាជន១៥លាននាក់ មានសុខភាពល្អ ទើបធ្វើឲ្យប្រទេសជាតិក៏រីកចំរើន ដើរទាន់សម័យកាលទំនើប។
លោក មាស នី បានបញ្ជាក់ថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយពីទុកកង្វល់របស់ប្រជាជន ជាពិសេសការផ្តល់សេវាសុខភាពឲ្យបានល្អទេ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ លោកថាគណបក្សកាន់អំណាចនឹងបាត់បង់ប្រជាប្រិយភាពបន្ថែមទៀត ដូចកាលបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧។
លោកនិយាយថា «វាត្រូវតែប៉ះពាល់ដល់ប្រជាប្រិយភាព ប្រសិនបើគណបក្សនយោបាយមួយទៀត[គណ បក្សសង្គ្រោះជាតិ] គេចង់យកប្រៀបលើហ្នឹង គេយកគោលនយោបាយសុខភាពជាក់លាក់ណាមួយ មក ប្រើ គេក៏អាចទទួលបានប្រជាប្រិយតាមរយៈហ្នឹងដែរ ដូចរឿងថវិកាក្រុមប្រឹក្សាឃុំ-សង្កាត់»៕