បក្សអំណាចខ្មែរទាមទារឲ្យតុលាការចាត់ការលោក ហ៊ុន សែន​ និង​មនុស្ស៣នាក់ទៀត

ប្រធានស្តីទីគណបក្សអំណាចខ្មែរ លោក សួង សុភណ្ឌ

ប្រធានស្តីទីគណបក្សអំណាចខ្មែរទាមទារឲ្យតុលាការមានចំណាត់ការផ្លូវច្បាប់ លើបុគ្គលអ្នកនយោបាយ៤រូបបន្ថែមទៀត លោកថាបានប្រមាថដល់ប្រជាពលរដ្ឋ ជាតិ សាសនា និងព្រះមហាក្សត្រ ដែល​ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រធានបក្សនេះត្រូវបានចាប់ខ្លួន​។​

លោក សួង សុភណ្ឌ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខ​ស្នាក់ ការបក្សនៅព្រឹកថ្ងៃទី១៥ ខែសីហាថា ប្រធានបក្សរបស់លោក គឺ​លោក សួន សេរីរដ្ឋា ​​មិ​ន​មាន​កំហុស រហូតដល់ចាប់ខ្លួននោះទេ ដោយលោកថា នោះ​គ្រាន់តែ​និយាយ​ពី​ស្ថាន​​ភាព​របស់​កងទ័ព​ដែល​កំពុង​ជួប​ការ​លំបាក។

លោក សុភណ្ឌ បន្តថា ការនិយាយរបស់មេបក្សលោក​មិនបានធ្វើឲ្យប៉ះពាល់សន្តិសុខជាតិនោះ​ទេ ផ្ទុយ​ទៅវិញលោកថា លោក ហ៊ុន សែន​ ព្រមានពីសង្គ្រាមសម្លាប់ពលរដ្ឋ លោក ទៀ បាញ់ និងលោក​ វង សូត​ ប្រមាថ​វាយពលរដ្ឋ និង លោក ខឹម វាសនា ប្រមាថជាតិ​សាសន៍​ ទើបត្រូវតុលាការចាត់ការ។​

លោកថ្លែងថា «ករណីលោក វង សូត វាយក្បាលប្រជាពលរដ្ឋនិងគល់ឬស្សី លោក ទៀ បាញ់ ប្រមាថប្រជាពលរដ្ឋ​ខ្មែរ វាយបាក់ធ្មេញប្រសិនបើប្រជាពលរដ្ឋតវ៉ា[លទ្ធផលឆ្នោត]ករណីលោក ហ៊ុន សែន ខ្លួនឯងប្រមាថប្រជាពលរដ្ឋខ្មែរ បើចាញ់មានសង្គ្រាម​ អ្នកដែលប្រមាថព្រះមហាក្សត្រដឹងអ្នកណាទេ លោក ខឹម វាសនា ទៅចាប់ទៅ ហេតុអ្វីមិនព្រមចាប់ ឲ្យលោក ខឹម វាសនា ឆ្លើយមក ក្នុងនាមខ្ញុំជាអ្នក ន​យោបាយម្នាក់ ហើយលោក ហ៊ុន សែន ដូចគ្នា ឬចំណាត់ការតុលាការដូចគ្នា ព្រះរាជអាជ្ញាដែលមាន​យុត្ថាធិការបញ្ជាដោយផ្ទាល់​ចាប់ ឬឃាត់ខ្លួននណាម្នាក់មិនព្រមទៅចាប់ ទៅឃាត់ទៅ អ្នកដែល​ប៉ះពាល់ស្ថាប័ន​ព្រះមហាក្សត្រ​​ តែផ្ទុយទៅវិញមិនធ្វើ ហេតុអ្វីបានមក​ធ្វើចំណាត់លើលោក សួន សេរីរដ្ឋា​»

ភ្លាមៗ VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូង​រាជធានីភ្នំពេញ​ លោក លី សុផាណា បានទេ ខណៈនៅព្រឹកថ្ងៃព្រះរាជអាជ្ញាលោក សៀង សុខ និងក្រឡាបញ្ជី បានចុះទៅទីស្នាក់ការគណបក្ស​អំណាចខ្មែរនៅខណ្ឌទួលគក ដើម្បីស្រាវជ្រាវរកវត្ថុតាងបន្ថែមពាក់ព័ន្ធ សំណុំរឿង​លោក សួន សេរីរដ្ឋា​​។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា សាររបស់លោក ហ៊ុន សែន លោក ទៀ បាញ់ និងលោក វង សូត្រ មិនមែនជាការគំរាមកំហែងនោះទេ ដោយលោកថា គ្រាន់​តែជា​សារគ្រើ​នរំលឹកកុំឲ្យមានអ្នក​តវ៉ាប្រឆំាងលទ្ធផលឆ្នោតឆ្នាំ២០១៨តែប៉ុណ្ណោះ។

លោកនិយាយថា «មិនមែនជារឿងគំរាមទេ សម្តេចតេជោ ហ៊ុន សែន គឺលោកមានប្រសាសន៍ក្នុងករណី​ដែលមាន​ការតវ៉ា​លទ្ធផលបោះឆ្នោត ដូចមានច្បាប់ចែងគឺថាច្បាប់គណបក្សនយោបាយអ្នកណាតវ៉ាលទ្ធ​ផលបោះឆ្នោត អ្នកហ្នឹងត្រូវ​បាត់បង់អាសនៈហើយ គឺថាឆ្នាំ២០១៨ កាលណាតវ៉ា​ពីលទ្ធផលបោះឆ្នោត ត្រូវ​រំលាយ[គណបក្ស]ចោល ត្រូវ​បង្ក្រាបគឺបង្ក្រាប​ មិនអាចបណ្តែតបណ្តោយទុកឲ្យសភាពការ​ដូច​ឆ្នាំ​២០១៣​ ដែលមានអំពើអនាធិបតេយ្យក្នុងការតវ៉ាលទ្ធផលបោះឆ្នោតបាន នៅឆ្នាំ២០១៨ទៀត​ទេ​»។

លោក សុខ ឥសាន ឲ្យដឹងទៀត​ថា ករណីលោកសួន សេរីរដ្ឋា លោកថាទុកឲ្យតុលាការ​ចាត់វិធាន​ការតាម​នីតិវិធីច្បាប់ ដោយថាគណបក្សប្រជាជនមិនមានសិទ្ធិជ្រៀតជ្រែកិច្ចការរបស់តុលាការនោះទេ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ខែសីហា ក្រោយពេលដែលរិះគន់​ ករណីបញ្ជូនទ័ពទៅព្រំដែនត្រៀមបណ្តេញទ័ពឡាវចេញពីទឹកដីកម្ពុជាដោយថាអាចធ្វើឲ្យកងទ័ពរងគ្រោះ ​ចំណែកអ្នកបានផលគឺមន្ត្រីថ្នាក់លើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ