លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់មន្ត្រីទាំងអស់ត្រូវចេះធ្វើការជាមួយយុវជន ជាពិសេសត្រូវផ្ដល់ឱកាសសម្រាប់យុវជន ដើម្បីឲ្យពួកគេចូលរួមធ្វើការងារសង្គមជាតិ។
លោក ហ៊ុន សែន បន្តថា មន្ត្រីរាជការទាំងអស់ត្រូវចេះធ្វើការមួយយុវជន ដោយផ្ដល់ជាឱវាទដល់ពួកគេ ហើយចេះទទួលយកនូវគំនិតយោបល់ថ្មីៗពីយុវជន ទោះបីជាគំនិតនោះខុសឬត្រូវ និងទទួលយកមកគិតពិចារណា។ នេះបើតាមហ្វេសប៊ុក លោក ហ៊ុន សែន។
លោកថា៖ «ទន្ទឹមនឹងនេះដែរ មន្ត្រីរបស់យើងត្រូវចេះធ្វើការជាមួយយុវជន ជាពិសេសយើងអាចផ្ដល់នូវឱវាទដល់ពួកគេ ហើយក៏ត្រូវចេះទទួលនូវគំនិតយោបល់ថ្មីៗពីយុវជន ផងដែរ ទោះបីខុសឬត្រូវក្តីគឺត្រូវទទួលយកមកគិតពិចារណា ទោះបីមិនត្រូវពេលនេះមែន តែអាចត្រូវនៅពេលក្រោយ។ មានតែយុវជនទេ ទើបដឹងច្បាស់ថាពួកគេត្រូវការនិងចង់បានអ្វី»។
នាយកប្រតិបត្ដិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា YRDP លោក ជាង សុខា សារទចំពោះការផ្ញើរសាររបស់លោកនាយករដ្ឋមន្ត្រីដែលលើកទឹកចិត្តយុវជន ប៉ុន្តែបើតាមការកក់សម្គាល់របស់លោក រាល់គំនិតឬទស្សនៈលើកឡើងនេះមានការឆ្លុះបញ្ចាំតិចតូចជាមួយសកម្មភាពជាក់ស្ដែង ដោយសាររាល់ការបញ្ចេញមតិត្រូវបានរារាំងឬត្រូវទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។
កាលពីថ្ងៃទី២០ ខែកក្កដា សមាគមយុវជនមួយអះអាងថា ប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់ព្រំដែនវៀតណាម ថាពួកគេបានបាត់បង់ដីភូមិករណ៍ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើការដោះដូរទៅវិញទៅមក នូវភូមិចំនួន២របស់កម្ពុជាជាមួយវៀតណាម។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលចាត់ទុកការរកឃើញរបស់ក្រុមយុវជននោះថាជារបាយការណ៍ «ឡប់ឡែ»៕