លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យមន្ត្រីរបស់ខ្លួន ឲ្យពង្រឹងប្រសិទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។
ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ខែសីហានេះ លោក ហ៊ុន សែន បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលលោកថា ជួយកសាងបន្តិចបន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃនៅតាមខេត្តមួយចំនួនទៅវិញ។
លោក ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចបង្ក្រាបឧក្រិដ្ឋជន ជួញដូរគ្រឿងញៀននោះទេ។
លោកថា៖ «គ្រឿងញៀនចុះថាវាលំបាកក្នុងការត្រួតពិនិត្យ ដោយសារគេលួចលាក់ អាខ្លះលេបទៅក្នុងពោះ ខ្លះដាក់ក្នុងនេះ ខ្លះដាក់ក្នុងនោះ។ ប៉ុន្តែឈើរឿងស្អីទៅរួច ព្រោះវាដាក់លើឡានពេញៗហ្នឹង»។
លោក ហ៊ុន សែន ថ្លែងទៀតថា លោកស្អប់ជាទីបំផុតមនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រកក្រោមស្លាកជួយកសាងតិចតួចនេះ។ លោកបញ្ជាក់ថា មន្ត្រីដែលបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថាមិនខុសអីពីកាប់ក្បាលលោកនោះទេ។
លោកថា៖ «កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ។ អញ្ចឹងបានជាខ្ញុំករុណាខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស ខ្ញុំករុណខ្ញុំ តែងរំឭកហើយ ថាកុំឲ្យមានការអត់អោនជាមួយអ្នកប្រព្រឹត្តអំពើអាណាធិបតេយ្យ អំពីបញ្ហាកាប់បំផ្លាញព្រៃឈើ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។
សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះមួយរូប គឺលោក អ៊ូច ឡេង លើកឡើងថា លោកហាក់គ្មានជំនឿលើការប្តេជ្ញាចិត្តជាថ្មីទៀតរបស់ប្រមុខរដ្ឋាភិបាលនោះទេ ដោយលោកថា មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនេះ លោកថា ភាគច្រើនជាមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាល ដែលលោកថា ប្រព័ន្ធច្បាប់បច្ចុប្បន្នមិនហ៊ានកាត់ទោសពួកគេទេ។
លោកថា៖ «អ្នកដែលរកស៊ីឈើ សុទ្ធតែជាមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាឧកញ៉ា ដែលជាកូនចៅបង្កើតរបស់គាត់។ អាហ្នឹងហើយ ដែលយើងមានការព្រួយបារម្ភថា បញ្ជារបស់សម្តេចមិនមានប្រសិទ្ធភាពទាល់តែសោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ បានបង្កើតក្រុមការងារពិសេសមួយ ឲ្យបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងផ្តល់អំណាចដល់ក្រុមការងារនោះ អាចប្រើអាវុធស្វ័យប្រវត្តិបាញ់រះពីលើអាកាសទៀតផង ឲ្យតែការបង្ក្រាបនោះមានប្រសិទ្ធភាព។
ប៉ុន្តែច្រើនឆ្នាំមកនេះ គ្មានឧកញ៉ាណាម្នាក់ ត្រូចបានចោទប្រកាន់ពីបទល្មើសព្រៃឈើនោះទេ បើទោះបីលោក ហ៊ុន សែន ធ្លាប់និយាយចំឈ្មោះឧកញ៉ាមួយចំនួនថា ពួកគាត់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើក៏ដោយ។
ទោះជាយ៉ាងណា ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នៅថ្ងៃនេះ លោក ហ៊ុន សែន បានប្រកាសប្រាប់អ្នកចូលរួមថា រដ្ឋាភិបាលនឹងបន្តសហការជាមួយក្រុមអង្គការជាដៃគូ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះ ឲ្យមានប្រសិទ្ធភាពនិងផ្តល់កម្លាំងសហការ បើមានការស្នើសុំ។
បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕