នៅតាមមណ្ឌលប្រឡងទុតិយភូមិមួយចំនួនក្នុងរាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ និងមិនទាន់លេចឮព័ត៌មានបែកឯកសារប្រឡងដូចឆ្នាំកន្លងទៅនោះទេ។ ការស្ងប់ស្ងាត់នេះ ក្រោយពេលរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា។
សំឡេងសិស្សានុសិស្សជជែកគ្នាពីនេះ ពីនោះជុំវិញការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រឡងបាក់ឌុប។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានរបៀបរៀបរយ ដោយមិនមានប្រ៊ីយ៉ុង សរសេរលើក្រដាសយកចូលក្នុងបន្ទប់ប្រឡង ឬបោះចោលពាសវាលពាសកាល ទំាងក្នុងបរិវេណសាលា និងក្រៅរបងសាលា និងមិនទាន់ឭព័ត៌មានសិស្សនិយាយពីការបែកធ្លាយឯកសារប្រឡងដូចឆ្នាំមុនៗនោះទេ។
មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ ទំាងនោះរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ សន្ធម៉ុក ទួលស្វាយព្រៃ បាក់ទូក វិទ្យាល័យវត្តកោះ វិទ្យាល័យជាស៊ីមសាមគ្គី វិទ្យាល័យជីវិតថ្មី និងវិទ្យាល័យបឹងកេងកងជាដើម។
យុវតី វណ្ណ សិលា ដែលអះអាងថា រៀននៅវិទ្យាល័យជីវិតថ្មី ក្បែរសន្ធម៉ុក រាជធានីភ្នំពេញ បានរៀបរាប់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ អនុរក្ស និងមន្ត្រីនៅអង្គភាពប្រឆំាងអំពើពុករលួយ ដើរឃ្លំាមើលសិស្សដោយយកចិត្តទុកដាក់ ដោយថា មិនអោយងាកសួរគ្នា ឬ មើលប្រ៊ីយ៉ុងបានឡើយ។
សិស្សនិយាយថា៖ «ពេលដែលយើងចូលដល់បន្ទប់ប្រឡង ពេលដែលគេ [គ្រូ]គោះជួងឲ្យសរសេរវិញ្ញាសារប្រឡង សិស្សនីមួយៗស្ងៀមស្ងាត់ ហើយប្រឹងធ្វើតាមសមត្ថិភាពរបស់ខ្លួនឯង គាត់អត់អាច ងាកឆ្វេង ងាកស្តំា ឬក៏សួរពីអ្នកណាគេ ចម្លងពីអ្នកណាគេបានទេ បើសិនជាយើងលួចចម្លងពីគេឬមួយក៏យើងធ្វើខុស ដែលទៅនិងបទបញ្ជារបស់គេ[គ្រូ] អនុរក្ស ឬ ខាងប្រឆំាងអំពើពុករលួយគាត់អាចកត់ឈ្មោះរបស់ពួកយើង»។
អ្នកយកព័ត៌មានVOD បានចុះទៅសាកសួរសិស្សមួយចំនួននៅតាមមណ្ឌលប្រឡងប្រមាណ ១០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ ពួកគេបានលើកឡើងប្រហាក់ប្រហែលគ្នាថា ប្រឡងបាក់ឌុបឆ្នាំនេះ មានសង្ឃឹមជាប់ច្រើន បើទោះជា មានការរឹតបន្តឹងមិនឲ្យយកនិងមើលឯកសារផ្សេងៗ ឬប្រ៊ីយ៉ុងក៏ដោយ។
ដើរចេញពីច្រកទ្វារវិទ្យាល័យជាស៊ីមសាមគ្គី លោក កង ចាក់ក្រា ត្រៀមចេញទៅផ្ទះ បានឲ្យដឹងដែរថា ទោះជាការប្រឡងឆ្នាំនេះ មានការរឹតបន្តឹង យ៉ាងណាក៏ដោយ ក៏គាត់បង្ហាញជំនឿថា នឹងប្រឡងជាប់ដោយសមត្ថិភាពខ្លួនឯង។
លោក កង ចាក់ក្រា ថា៖ «សង្ឃឹមជាប់…ព្រោះខ្ញុំរៀនតំាងពីដើមឆ្នាំមក តំាងពីទី១១មក រៀនគួរជាប់ជាមួយគ្រូៗ ខ្ញុំស្គាល់លក្ខណៈធ្វើលំហាត់ និងសំនួរច្បាស់ សម្រាប់ខ្ញុំ ខ្ញុំចេះស្រាប់ ខ្ញុំអត់ពិបាកទេ ប៉ុន្តែពិបាកសម្រាប់អ្នកអត់ចេះ ខ្ញុំប្តេជ្ញាចិត្តថានឹងយកសេ [និន្ទេសC] »។
បើតាមសិស្ស ដែលទៅប្រឡងបាក់ឌុប បានអះអាងស្រដៀងគ្នាថា ក្រោយពីរដ្ឋាភិបាលធ្វើកំណែទម្រង់វិស័យអប់រំប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរឹតបន្តឹងមិនឲ្យសិស្សយកសំណៅឯកសារ ម៉ាស៊ីនគិតលេខ និងទូរសព្ទ ចូលក្នុងបន្ទប់ប្រឡង ពួកគេថា ខិតខំសិក្សា ដើម្បីឲ្យវិស័យអប់រំនៅកម្ពុជាមានភាពល្អប្រសើរ។
យុវជន សាយ ដេវីត សិស្សមកពីវិទ្យាល័យវត្តកោះ មានឈ្មោះប្រឡងនៅវិទ្យាល័យ ហ៊ុន សែន បាក់ទូក អះអាងថា នឹងប្រឡងជាប់នៅក្នុងឆ្នាំនេះ តាមសមត្ថិភាពរបស់ខ្លួន។ សិស្សរូបនេះ បានផ្តាំទៅសិស្សជំនាន់ក្រោយៗទៀត ត្រូវខិតខំសិក្សាពីដើមឆ្នាំ ដោយថា ដើម្បីធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានភាពល្អប្រសើរប្រកួតប្រជែង ជាមួយប្រទេសសមាជិកអាស៊ាន។
យុវជន សាយ ដេវីត ថា៖ «ខ្ញុំក៏សំណូមពរដល់សិស្សានុសិស្សទំាងអស់គ្រប់ជំនាន់ទំាងអស់ មិនថាជំនាន់ណានោះទេ គ្រប់សាលាទៀតគួរតែខិតខំរៀនបន្ថែម ហើយនឹងពង្រឹងសមត្ថិភាពខ្លួន ដើម្បីប្រឡងជាប់បាក់ឌុបទំាងអស់គ្នា កុំឲ្យវិស័យអប់រំស្រុកខ្មែរយើងកាន់តែទាបទៅៗ ធ្វើយ៉ាងណាឲ្យវិស័យអប់រំស្រុកខ្មែរយើងមានលំនឹង ហើយកាន់តែឡើងឈានមុខលើឆាកអន្តរជាតិថែមទៀងត»។
អ្វីដែលគួរឲ្យកត់សំគាល់ជាងនេះទៀត នៅជុំវិញមណ្ឌលប្រឡងគេឃើញមានដាក់ពង្រាយកម្លាំងសមត្ថកិច្ចមិនតិចជាង ១០នាក់នោះទេ ដើម្បីការពារសុវត្ថិភាពសិស្ស ខណៈមានតែអាណាព្យាបាលសិស្ស សាច់ញាតិ និងមិត្តភ័ក្តិ តិចតួចតែប៉ុណ្ណោះ ដែលទៅឈរ និងអង្គុយចំាកូន ចៅ ឬក្មួយ ដែលទៅប្រឡង។
អង្គុយក្បែររបងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ អ្នកស្រី លឹម សុខហ៊ាង បានរៀបរាប់ទំាងទឹកមុខញញឹម ថា កាលពីថ្ងៃចន្ទម្សិលមិញ ក្មួយគាត់ប្រាប់ថា ប្រឡងបាក់ឌុបសរសេរត្រូវច្រើន ដោយសង្ឃឹមថា នឹងប្រឡងជាប់នៅឆ្នាំនេះ។ អ្នកស្រីបន្តថា កំណែទម្រង់រដ្ឋាភិបាលក្នុងវិស័យអប់រំនេះ ធ្វើឲ្យសិស្ស ដែលទៅប្រឡងទទួលបានលទ្ធផលតាមសមត្ថិភាពខ្លួនឯង និងកាត់បន្ថយ មិនឲ្យមានអំពើពុករលួយនៅកម្ពុជា។
អ្នកស្រីនិយាយថា៖ «តំាងពីឆ្នាំមុនៗ វិញ្ញាសារយើងបោះ ហើយមានទិញក្រៅ ទិញអីវារញ៉េរញ៉ៃ ឆ្នាំនេះវាល្អស្ងាត់ល្អ ឲ្យតែធ្វើត្រឹមត្រូវឲ្យក្មេងខំរៀនវាល្អ យុត្តិធម៌ កុំយើងថា ក្មេងខ្លះ អត់ចេញក៏ជាប់ដែរ យើងពិបាក ដ៏ក្មេងចេះ ទៅជាអត់ជាប់ ក្មេងអត់ចេះ ទៅជាជាប់វាពិបាកដែរ ដូចថាស៊ីសំណូកសូកប៉ាន់»។
សរុបមកវិញ សិស្សមួយចំនួន ដែលប្រឡងបាក់ឌុបឆ្នាំនេះ បានលើកឡើងថា ពួកគេរីករាយ និងសាទរចំពោះវិធានការតឹងរឹងរបស់ក្រសួងអប់រំ ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ពីសមត្ថិភាព ខណៈពួកគេមួយចំនួនអះអាងថា មានសង្ឃឹមជាប់៥០ភាគរយ និងខ្លះទៀតត្រៀមចាំតាមដានមើលនិន្ទេសថែមទៀតផង។
កាលពីព្រឹកថ្ងៃទី២១ ជាថ្ងៃទី១នៃការចាប់ផ្តើមប្រឡង រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានចូលរួមក្នុងពិធីបើកវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ រួចបន្តត្រួតពិនិត្យមើលដំណើរការប្រឡងនៅតាមមណ្ឌលផ្សេងៗទៀត។ លោកមានប្រសាសន៍ថា ស្តង់ដារនៃការរៀបចំប្រឡងដូចឆ្នាំមុនៗ គឺបានល្អប្រសើរ ដោយមានការសហការគ្នា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា កំណែទម្រង់ របស់រដ្ឋាភិបាលលើវិស័យអប់រំរយៈពេល៤ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យច្រើន ប៉ុន្តែលោកបង្ហាញការព្រួយបារម្ភពីសមត្ថិភាពប្រឡងរបស់សិស្ស ដែលសិក្សានៅតំបន់ដាច់ស្រយាល និងទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ។
លោកបារម្ភថា៖ «សម្រាប់ការប្រឡងឆ្នាំក្រោយទៀត ជាពិសេសគឺសម្រាប់ការពង្រឹងសមត្ថិភាពសិស្សនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀន បើសិនជាសាលារៀនដែលស្ថិតនៅទីប្រជុំជនមានបណ្ណាល័យភ្ជាប់ទៅដោយកុំព្យូទ័រ ភ្ជាប់ដោយអ៊ីនធើណេតសំរាប់ការរៀនអនឡាញ សាលាជនបទ ក៏ត្រូវតែមានស្តង់ដារបែបហ្នឹងដែរ ឬក៏ហៅថាស្តង់ដារប្រហាក់ប្រហែលធ្វើម៉េច ដើម្បីជាការផ្តល់ឱកាសឲ្យពួកគេ ឲ្យបានរៀនប្រហាក់ប្រហែលគ្នា ពីព្រោះការប្រឡងចេញវិញ្ញាសារតែមួយទេ ទូទំាងប្រទេស ប៉ុន្តែបើសិនជាឱកាសនៃការរៀនអត់ស្មើគ្នា ក៏ជាចំណុចប្រឈមមួយសម្រាប់សិស្សនៅទីជនបទដែរ»។
សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺ ថ្ងៃទី២១និង២២ ខែសីហា ឆ្នាំ២០១៧។ ចំនួនសិស្សប្រឡងឆ្នាំនេះ មានជាង១០ម៉ឺននាក់ កើនជាង១ម៉ឺននាក់ បើធៀបឆ្នាំមុន និងមាន១៧៨មណ្ឌល ក្នុង២៥ខេត្តក្រុង។ ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយបានដាក់អ្នកសង្កេតការណ៍ចំនួន ៤ ៥៨៧នាក់ ហើយចំណែកឯសហភាពសហព័ន្ធយុវជនកម្ពុជា ៥៨៦នាក់ នៅទូទាំងប្រទេស។
ការប្រឡងនេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី១២ខែកញ្ញា សម្រាប់នៅភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧សម្រាប់ទូទាំងប្រទេស៕