CNRP សុំសហគមន៍ជាតិនិងអន្តរជាតិ ជួយស្តារស្ថានភាពនយោបាយឡើងវិញ​

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

គណបក្សប្រឆាំងអំពាវនាវឲ្យសហគមន៍ជាតិនិងអន្តរជាតិ ជួយជំរុញស្ថានការណ៍នយោបាយនៅកម្ពុជាវិលទៅរកស្ថានភាពដើមវិញ ខណៈមានការចាប់ខ្លួនមេបក្ស លោក កឹម សុខា ហើយថាស្ថានភាពនយោបាយកំពុងតែតានតឹងខ្លាំង។​

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយធ្វើមកទុក្ខបុកម្និញលើសកម្មជន រួមទាំងថ្នាក់ដឹកនាំរបស់ខ្លួននោះ ធ្វើឲ្យស្ថានការណ៍នយោបាយកាន់តែតានតឹង និងធ្វើឲ្យការបោះឆ្នោតឆ្នាំ២០១៨ មិនប្រព្រឹត្តទៅដោយយុត្តិធម៌និងស្មើភាព។

សេចក្តីថ្លែងការណ៍ដដែល ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថា ខ្លួនមិនអាចទទួលបានទេ ចំពោះការចាប់ខ្លួន និងការចោទប្រកាន់ លោក គឹម សុខា ដោយថា មេបក្សប្រឆាំងរូបនោះ គឺជាអ្នកតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិការពារដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងមាត្រា៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ ចែងថា រាល់ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬឃុំបាន លុះត្រាតែរដ្ឋសភាប្រជុំអនុម័តតាមមតិភាគច្រើន គឺពីរភាគបី នៃចំនួនសមាជិកសភាទាំងមូល ដើម្បីលើកអភ័យឯកសិទ្ធិជាមុនសិន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលចំពោះការលើកឡើងថា បក្សកាន់អំណាចប្រើប្រាស់ជាឧបករណ៍នយោបាយ ដោយថា ការដែលតុលាការមានវិធាន ការលើមេបក្សប្រឆាំងនោះ គឺអនុវត្តតាមច្បាប់។

លោកបន្ថែមថា «ជាទូទៅ គាត់មិនដែលទទូលយកនូវចំណាត់ការផ្លូវច្បាប់ចំពោះសមាជិក និងសកម្មជនរបស់គាត់ទេ ហើយការចេញសេចក្តីថ្លែងការនេះ គ្រាន់តែជាការលាក់បាំងនូវកំហុសរបស់ថ្នាក់ដឹកនាំគាត់ ហើយធ្វើការចោទប្រកាន់មកលើរដ្ឋាភិបាល និងធ្វើសហគមន៍អន្តរជាតិភ័ណ្ឌច្រឡំ ប៉ុន្តែសម្រាប់អាជ្ញាធរមានសមត្ថកិច្ចនេះ គឺការអនុវត្តច្បាប់ធម្មតាដោយសារតែកើតបទល្មើសកើតឡើង ហើយវាក៏មិនប៉ះពាល់អីដល់ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតដែរ»។

ចំពោះការលើកឡើងថា ការចាប់ខ្លួនមេបក្សប្រឆាំងទាំងមានអភ័យឯកសិទ្ធិវិញ លោក ជិន ម៉ាលីន ប្រសាសន៍ថា ការលើកឡើងនោះគ្រាន់តែនិយាយឲ្យរួចផុតពីមាត់ប៉ុណ្ណោះ ដោយថា ការចាប់ខ្លួនគឺសមត្ថកិច្ចមានមូលដ្ឋានច្បាប់ច្បាស់លាស់ការអនុវត្ត។

បើទោះបីជា អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងបែបនេះក៏ដោយ ក្រោយការចាប់ខ្លួនមេបក្សប្រឆំាង ​លោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុបនិង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិនបានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា។

មេបក្សប្រឆាំង លោក កឹម សុខា ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ ថាបានឃុបឃិតជាសម្ងាត់ជាមួយបរទេសក្បត់ជាតិកម្ពុជា ខណៈមេបក្សរូបនេះ កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ