រដ្ឋសភាបានឲ្យដឹងថា ស្ថាប័ននេះនឹងប្រជុំពេញអង្គ នៅដើមសប្តាហ៍ក្រោយ ពាក់ព័ន្ធសំណុំរឿងមេដឹកនាំបក្សប្រឆំាងលោក កឹម សុខា ដែលតុលាការចោទប្រកាន់ថា ក្បត់ជាតិ ដូចការចោទរបស់លោក ហ៊ុន សែន។
ក្នុងសន្និសីទកាសែតថ្ងៃទី៧ ខែកញ្ញានេះ អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងថា បន្ទាប់ពីសភាទទួលបានរបាយការណ៍ពីក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការថា លោក កឹម សុខា ក្បត់ជាតិនោះ។ លោកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាបន្ទាន់មួយ នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ ដោយថា គួរតែទុកឲ្យតុលាការបន្តចាត់ការតាមនីតិវិធីច្បាប់ ឬក៏ផ្អាកនិតិវិធី។
លោកថ្លែងថា «យើងប្រជុំថ្ងៃចន្ទ សម្រេចថា តើយើងផ្អាកនីតិវិធីតុលាការពាក់ព័ន្ធរឿងលោក កឹម សុខា ឬអត់ ហើយយើងធ្វើ ការផ្អាកមិនផ្អាក អាស្រ័យទៅលើខ្លឹមសារដែលតុលាការផ្ញើមក ហើយនិងខ្លឹមសារច្បាប់ដែលយើងមាននៅក្នុងដៃ»។
នៅពេលអ្នកសារព័ត៌មានព្យាយាមសួរលោក ឈាង វុន ថា តើសភានឹងប្រជុំដកអភ័យឯកសិទ្ធិលោក កឹម សុខាបានដែរឬទេ មុននឹងបញ្ជូនទៅតុលាការកាត់ទោស? លោកថា លោក កឹម សុខា ប្រព្រឹត្តបទល្មើសជាក់ស្តែង មិនបាច់ដកអភ័យឯកសិទ្ធិនោះទេ ដោយលោកថា យោងតាមមាត្រា១២នៃលក្ខន្តិកៈតំណាងរាស្ត្រ និងមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។
VOD មិនអាចសុំប្រតិកម្មភ្លាមៗ ពីមន្ត្រីគណបក្សសង្គ្រោះជាតិបានទេ នៅថ្ងៃនេះ។
កាលពីថ្ងៃ៦កញ្ញា ម្សិលមិញ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ថា មិនអាចទទួលបានទេ ចំពោះការចាប់ខ្លួន និងការចោទប្រកាន់ លោក កឹម សុខា ដោយថា មេបក្សប្រឆាំងរូបនោះ គឺជាអ្នកតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិការពារដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងមាត្រា៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ ចែងថា រាល់ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬឃុំបាន លុះត្រាតែរដ្ឋសភាប្រជុំអនុម័តតាមមតិភាគច្រើន គឺពីរភាគបី នៃចំនួនសមាជិកសភាទាំងមូល ដើម្បីលើកអភ័យឯកសិទ្ធិជាមុនសិន។
ករណីនេះ បក្សប្រឆំាងចាត់ទុកថា បក្សកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីធ្វើទុក្ខបុកម្និញលើសកម្មជន រួមទាំងថ្នាក់ដឹកនាំរបស់ខ្លួន។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលចំពោះការលើកឡើងថា បក្សកាន់អំណាចប្រើប្រាស់ជាឧបករណ៍នយោបាយ ដោយថា ការដែលតុលាការមានវិធាន ការលើមេបក្សប្រឆាំងនោះ គឺអនុវត្តតាមច្បាប់។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយគ្មានដីកាកាលពីយប់ថ្ងៃទី០២ ចូលដល់ថ្ងៃទី០៣ ខែកញ្ញានេះ។
ក្រោយពីចាប់ខ្លួនមេបក្សប្រឆំាងលោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញការចាប់ខ្លួនមេបក្សរូបនោះ ហើយពួកគេ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។ប៉ុន្តែប្រទេសកុំមុយនីស្តចិនបានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕