រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញ ដោយស្នើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពិចារណាទណ្ឌកម្មផ្នែកទិដ្ឋាការឡើងវិញ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្អាកការចេញទិដ្ឋាការ ដោយហាមមិនឲ្យមន្ដ្រី ក្នុងក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ ធ្វើដំណើរទៅប្រទេសលោកខាងលិចមួយនេះបន្ដទៀត។
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃពុធទី១៣ខែកញ្ញាម្សិលមិញ ក្រសួងការបរទេសកម្ពុជា អះអាងថា ការដែលខ្លួនមិនបាននាំយកជនជាតិដើមខ្លួន ដែលមានទោសលើទឹកដីអាមេរិក ត្រឡប់មកមាតុភូមិវិញនោះ គឺជាវិធានការមនុស្សធម៌មួយរបស់រដ្ឋាភិបាលកម្ពុជា និងធ្វើតាមការស្នើសុំរបស់ពួកគេ ដែលថា ចង់បន្ដរស់នៅជាមួយគ្រួសារនៅទីនោះ។
ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្ដាយ ដែលរដ្ឋាភិបាលអាមេរិក សម្រេចផ្អាកលែងចេញទិដ្ឋាការដល់មន្ដ្រីក្រសួងការបរទេសកម្ពុជា ដោយថា នេះជាការបំពានស្មារតីកិច្ចសហប្រតិបត្តិការណ៍ក្នុងកម្មវិធីមាតុភូមិនិវត្ត រវាងប្រទេសទាំងពីរ។
ទណ្ឌកម្មផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងចំពេល រដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា នៅពីក្រោយនិងគាំទ្របក្សប្រឆាំង ក្នុងគោលបំណងដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ហើយ ករណីនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ត បានចេញសេចក្ដីថ្លែងការណ៍ច្រានចោល ដោយថា ជាការចោទប្រកាន់គ្មានមូនដ្ឋាន និងប្រាស់ចាកពីការពិតទាំងស្រុង។
ទូតអាមេរិកប្រចាំកម្ពុជា អះអាងថា ចាប់ពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ ស្ថានទូតនេះ នឹងលែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និង B1/B2 ដល់មន្ត្រីក្នុងក្រសួងការបរទេសកម្ពុជា ដែលមានឋានៈចាប់ពីថ្នាក់អគ្គនាយកដ្ឋាន រហូតដល់ថ្នាក់ដឹកនាំកំពូល រួមទាំងសមាជិកក្នុងក្រុមគ្រួសារ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៣កញ្ញា។
ការផ្អាកចេញទិដ្ឋាការនេះ ទូតអាមេរិកលើកហេតុផលថា «មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬ ប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋ នៃប្រទេសរបស់ពួកគេវិញនោះ»។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន សំដែងការខកចិត្ត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការនេះ ប៉ុន្ដែលោកថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានចំណាត់បែបណានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក សង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាទិដ្ឋាការនេះឲ្យលឿន តាមដែលអាចធ្វើទៅបាន តាមរយៈមធ្យោបាយការទូត ដើម្បីបង្កើនកិច្ចសហប្រតិ្ដការជាមួយប្រទេស ដែលរងទណ្ឌកម្មនេះ។
បើតាមលោកស្រី Heather Nauert ការដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការប្រភេទ B ដែលមានលក្ខខណៈអចិន្ដ្រៃយ៍នេះ គឺសំដៅលើមន្ដ្រីក្នុងក្រសួងការបរទេសកម្ពុជា ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក ជាលក្ខណៈជំនួញ ឬដំណើរកម្សាន្ដ។
លោកស្រីថា៖ «ខ្ញុំចង់ឲ្យយើងទាំងអស់គ្នាយល់រឿងនេះ ឲ្យបានត្រឹមត្រូវ។ ជាការពិត ជាបញ្ហារសើប ដូច្នេះ ខ្ញុំសូមអានវា ចេញពីសៀវភៅតែម្ដង។ កម្ពុជា៖ ទូតអាមេរិកប្រចាំនៅកម្ពុជា នឹងផ្អាកលែងចេញទិដ្ឋការប្រភេទ B ដែលជាប្រភេទទិដ្ឋការអចិន្ដ្រៃយ៍ សម្រាប់អ្នកធ្វើដំណើរ ដើម្បីធ្វើពាណិជ្ជកម្ម និងការកម្សាន្ដ។ បុគ្គលិក ក្នុងក្រសួងការបរទេសកម្ពុជា ពីថ្នាក់អគ្គនាយក និងថ្នាក់លើ រួមទាំងក្រុមគ្រួសាររបស់ពួកគេ។ អ្នកទាំងនេះហើយ ដែលប៉ះពាល់នៅប្រទេសកម្ពុជា»។
កាលពីខែសីហាឆ្នាំ២០១៧ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើកម្ពុជា និងប្រទេស ៣ផ្សេងទៀត រួមមាន អេរីទ្រា ហ្គីណេ និងសេរ៉ាឡេអូន បន្ទាប់ពីប្រទេសទាំងនេះ បានបដិសេធទទួលយកជនជាតិខ្លួន ដែលមានទោសលើទឹកដីអាមេរិក ឲ្យត្រឡប់ទៅមាតុភូមិកំណើតវិញ។
ទំនាក់ទំនងអាមេរិក-កម្ពុជា ហាក់កាន់តែតានតឹងឡើង ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៣កញ្ញាម្សិលមិញនេះដែរ បានចេញសេចក្ដីប្រកាសព័ត៌មានមួយទៀត ដោយប្រាប់ឲ្យពលរដ្ឋអាមេរិកកាំង ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព។ ស្ថានទូតនេះ ពន្យល់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន នឹងធ្វើឲ្យមានភាពតានតឹងខ្លាំង ក្នុងប្រទេសកម្ពុជា៕