កម្តៅនយោបាយនៅកម្ពុជានៅពេលនេះ ត្រូវបានអ្នកតាមដានដាក់ការព្រួយបារម្ភថា បានដើរដល់ផ្លូវបំបែកមួយ ដោយចោទជាសំនួរថា តើអាចបន្តជំរុញយន្តការប្រជាធិបតេយ្យ ឬអាចវិលទៅរករបបដឹកនាំបែបកុម្មុយនិស្ត ដូចពីអតីតកាល។
ការព្រួយបារម្ភរបស់អ្នកតាមដាននេះ ដោយសារតែកម្តៅការទូតរវាងសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិមួយចំនួនទៀតជាមួយរដ្ឋាភិបាលកម្ពុជា កំពុងតែតានតឹងឡើង។
កម្តៅការទូតរវាងកម្ពុជានិងសហគមន៍អន្តរជាតិ ដែលមិនធ្លាប់មានជាង២០ឆ្នាំមកនេះ បានកើតឡើងក្រោយពីមជ្ឈដ្ឋានទូទៅមើលឃើញថា រដ្ឋាភិបាលកម្ពុជាហាក់បានបញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បិទកាសែតមិនចំណុះនឹងរដ្ឋាភិបាល គំរាមក្រុមអង្គការឃ្លាំមើលការបោះឆ្នោត និងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ជាដើម។
បើទោះបីជាពេលនេះ មានប្រទេសលោកសេរី មិនតិចជាង៤០ទេ បានរិះគន់និងខ្លះទៀតថ្កោលទោស ពីចំណាច់ការនេះក៏ដោយ និងជំរុញឲ្យរដ្ឋាភិបាល ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងត្រូវបើកចំហលំហូប្រជាធិបតេយ្យឡើងវិញក៏ដោយ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅតែអះអាងថា ចំណាត់ការផ្សេងៗ រួមទាំងចាប់ខ្លួនលោក កឹម សុខា ផងថាជាវិធានការតាមច្បាប់។
ការអះអាងផ្ទុយគ្នារវាងរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិនេះ ហាក់បង្កឲ្យកម្តៅនយោបាយ និងកម្តៅការទូត បានបង្កភាពតានតឹងជាបន្តបន្ទាប់។
ជាការកត់សម្ភាល់ ក្រោយពីសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មឈប់ផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជានៅក្រសួងការបរទេស ចាប់ពីថ្នាក់អគ្គនាយករហូតដល់មន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសាររួចមកនោះ លោក ហ៊ុន សែន ក៏ប្រកាសតបវិញថា កម្ពុជានឹងផ្អាកកិច្ចសហកាបណ្តោះអាសន្នជាមួយអាមេរិក ពីការបន្តរុករកឆ្អឹងទាហានអាមេរិក ដែលស្លាប់នៅកម្ពុជា ក្នុងសម័យសង្គ្រាមវៀតណាម។
បើគេក្រលេកមើលអតីតកាលរបស់កម្ពុជាវិញ គេនឹងដឹងថាកម្តៅការទូតជាមួយប្រទេសលោកសេរី រួមទាំងសហរដ្ឋអាមេរិកផងនោះ មិនមែនជារឿងថ្មីរបស់របស់កម្ពុជាទេ។
នៅទសវត្សរ៍៧០ កម្ពុជាបានផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ហើយហក់ទៅគាំទ្រមហាអំណាចចិនតែមួយ។ ការ ដែលកម្ពុជាហក់ចេញពីប្រទេសលោកសេរី ទៅគាំទ្រតែមហាអំណាចិតតែមួយ ពេលនោះកម្ពុជាបានរអិលធ្លាក់ក្នុងវិនាសកម្មនៃសង្គ្រាមហែកហួរ កាប់សម្លាប់គ្នា ដើម្បីដណ្តើមអំណាច។
ប៉ុន្តែសង្គ្រាមហែកហួរនោះ បានបញ្ចប់ទៅវិញ ក្រោមឥទ្ធិពលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ ដែលមានប្រទេស១៨ រួមទាំងមហាអំណាចលោកសេរីផងចុះហត្ថលេខាគាំទ្រ។ កិច្ចព្រមព្រៀងនោះហើយ បានបើកផ្លូវឲ្យសហគមន៍អន្តរជាតិ ហក់ចូលកម្ពុជាម្តងទៀត ដើម្បីជួយកសាងប្រទេសក្រីក្រមួយនេះឡើងវិញ និងបានជំរុញឲ្យប្រទេសនេះ ដើរលើគន្លងប្រជាធិបតេយ្យ។
កម្តៅការទូតនៅពេលនេះមានសំនួរជាច្រើនសួរថា តើកម្ពុជាត្រូវដើរលើផ្លូវណា ដើម្បីកុំឲ្យរបបកាប់សម្លាប់វិលមកវិញ?
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថារបត់ដឹកនាំបច្ចុប្បន្ននេះ ហាក់កំពុងឆ្នៃពីប្រជាធិបតេយ្យ ទៅរបៀបដឹកនាំបែបកុម្មុយនីស្តនិយម។
លោកថា៖ «ខ្ញុំឃើញមានការវិវឌ្ឍមួយ ផែនការយុទ្ធសាស្ត្រនេះ គឺកែប្រែប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឲ្យទៅជាប្រព័ន្ធមួយ ដូចប្រព័ន្ធប្រទេសកុម្មុយនិស្តវៀតណាមនិងចិន ហើយទុកឲ្យមានលំនាំពហុបក្ស ឲ្យមានគណបក្សតូចៗ ខ្សោយ គឺទុកឲ្យបក្សមួយដឹកនាំរហូតអញ្ចឹងទៅ»។
ប៉ុន្តែ លោក ឡៅ ម៉ុងហៃ វិភាគថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបើកផ្លូវឲ្យមហាអំណាចគ្រប់និន្នាការ ឧបត្ថម្ភជួយដល់កម្ពុជា ក្នុងការស្ថាបនាជាតិឡើងវិញ លោកថាដូចនេះ កម្ពុជាគួរតែដើរលើគន្លងប្រជាធិបតេយ្យ។
លោកថា៖ «យកល្អ វិលមករកប្រក្រតីឡើងវិញ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គឺមានការគោរពអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពអនុវត្តនីតិរដ្ឋ»។
អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថា បើទោះបីជាពេលនេះ រដ្ឋាភិបាលមានខ្នងបង្អែក ពីមហាអំណាចកុម្មុយនិស្តចិន ប៉ុន្តែលោកថា កម្ពុជាក៏អាចងាកចេញពីមហាអំណាចលោកសេរីដែរ ដោយថា ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាពេលនេះ នៅពឹងផ្អែកទៅលើប្រទេសលលោកសេរីនៅឡើយនោះ។
លោកថា៖ «គេអាចដាក់ទណ្ឌកម្មតាមរយៈផ្តាច់ជំនួយ តាមរយៈបិទទីផ្សារ មិនឲ្យកម្ពុជា នាំទំនិញអីចូលទីផ្សារគេ។ អាហ្នឹង ជាយន្តការដែលកម្ពុជាយើងជួបឧបសគ្គទាំងអស់។ ពីព្រោះកម្ពុជាយើង យើងត្រូវការជំនួយ ដើម្បីចាយប្រចាំឆ្នាំ ឬការអភិវឌ្ឍប្រទេស ហើយកម្ពុជាត្រូវការទីផ្សារនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរ។ អញ្ចឹងបើយើងអត់មានស្អីនាំចេញ កម្ពុជានឹងជួបការលំបាក កម្មករ៧០ម៉ឺននាក់ទៅណា? នេះជាបញ្ហាដែលកម្ពុជាត្រូវប្រឈមមុខដោះស្រាយដែរ»។
របាយការណ៍សកល ផ្នែកសេដ្ឋកិច្ចចេញផ្សាយដោយចក្រភពអង់គ្លេស OEC បានបង្ហាញថា ប្រទេសបីដែលកម្ពុជានាំចេញផលិផលធំបំផុតនោះគឺ សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ដោយមានទឹកប្រាក់៦,៥ ពាន់លានដុល្លារ ប៉ុន្តែប្រទេសបី ដែលកម្ពុជានាំចូលមកវិញ ធំបំផុតគឺ ចិន ថៃ និងវៀតណាម ដែលមានទឹកប្រាក់ ៩,៩១ពាន់លានដុល្លារ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា បើគេសម្លឹងមើលពីអតីតកាល កម្ពុជាមានការរីកចម្រើនខ្លាំង តាំងពីផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពេលដែលកម្ពុជាមានទំនាក់ទំណងការទូតល្អឡើងវិញជាមួយបណ្តាប្រទេសនានាលើពិភពលោក ដូចជាចុងទសវត្សរ៍៥០ ពេលកម្ពុជាទទួលបានឯករាជ្យពីបារាំង និងក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១។
ប៉ុន្តែលោកថា អំឡុងទសត្សរ៍៧០ កម្ពុជាបានធ្លាក់ក្នុងភាពវិនាសកម្មនៃភ្លើងសង្គ្រាម ពេលដែលកម្ពុជាចាប់យកមហាអំណាចចិនតែមួយ ដូចជាសម័យប៉ុលពតជាដើម ដែលលោកថា សម័យនោះ របបប៉ុលពល សម្លាប់ទាំងពលរដ្ឋស្លូតត្រង់ សម្លាប់មេដឹកនាំគ្នាឯង សម្លាប់ទាំងទាហានខ្លួនឯង ទាំងកងពលទៀតផង។
លោក មាស នី វិភាគថា ដើម្បីបញ្ចៀសកុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រ កាប់សម្លាប់គ្នា ដូចពីអតីតកាល លោកថា មានតែពង្រឹងយន្តការប្រជាធិបតេយ្យទេ។
លោកថា៖ «មានតែរក្សាទំនាក់ទំនងល្អ ជាមួយមហាអំណាចទាំងអស់ទេ ទោះបីចិន បានផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ មកស្រុកខ្មែរក៏ដោយ។ ក៏ប៉ុន្តែ សម្រាប់អ្នកជំនួញចិន បើប្រទេសខ្មែរយើង គ្មានទំនាក់ទំនងនឹងពិភពលោកខាងក្រៅច្រើនទេ ពួកក្រុមហ៊ុនចិន ក៏មិនដឹង មករកស៊ីជាមួយអ្នកណាដែរ បើរបស់របរនៅស្រុកយើង មិនមែនផលិតយកទៅលក់នៅចិនឯណា ចិនគេលក់របស់គេមិនអស់ផងហ្នឹង រឿងអីយករបស់ពីយើង។ អ្នកខ្លះ គេគិតថា បើសិនជាមានទណ្ឌកម្មពីបរទេស អ្នករងគ្រោះ គឺពលរដ្ឋក្រីក្រទេ រដ្ឋាភិបាលគាត់មិនរងគ្រោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា អ្នកប៉ះពាល់មុនគេ គឺអ្នកវិនិយោគចិនហ្នឹងឯង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគប្រហាក់ប្រហែលដែរថា ដើម្បីរក្សាមុខមាត់ពីពេលនេះ រហូតដល់ក្រោយបោះឆ្នោត២០១៨ លោកថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច គួរតែរៀបឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ តាមស្មារតីរដ្ឋធម្មនុញ្ញ។
លោកថា៖ «កម្ពុជាយើង យើងមានក្របខណ្ឌរដ្ឋធម្មនុញ្ញ ដែលចែងថា យើងត្រូវដើរលើគន្លងប្រជាធិបតេយ្យ ដើម្បីឲ្យកម្ពុជាយើង ឈានទៅដល់ដំណាក់កាលមួយ ដែលមានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយនឹងការផ្ទេរអំណាចមួយដោយសន្តិវិធីនោះ។ ហើយចំពោះនយោបាយអន្តរជាតិ យើងក៏មានដែរ ក្របខណ្ឌធ្វើទំនាក់ទំនងជាមួយ នឹងបណ្តាប្រទេសនានា ដោយមិនចូលបក្ខសម្ព័ន្ធណាមួយ ជារួមយើងហៅថា អព្យាក្រឹត្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
លោក សូ ចន្ថា បញ្ជាក់បន្ថែមថា៖ «ជាទស្សនៈខ្ញុំ។ ខ្ញុំគិតថា ពេលនេះ កម្ពុជាយើងគួរកំណត់គោលដៅថា យើងត្រូវឆ្ពោះទៅរកការបោះឆ្នោត ហើយត្រូវផ្តល់នូវសេរីភាពនៃការចូលរួម ពីសំណាក់គ្រប់ភាគី ដែលចង់ប្រកួតប្រជែង នៅក្នុងនយោបាយ។ ចំពោះនយោបាយអន្តរជាតិ ខ្ញុំគិតថា កម្ពុជាមិនគួរលេងនយោបាយណា ដែលនាំឲ្យខាតបង់ដល់ប្រយោជន៍កម្ពុជាទេ។ ការបង្កើតមិត្តជាមួយបរទេស គ្រប់ប្រទេសទាំងអស់ជាកត្តាសំខាន់ នៅក្នុងសតវត្សរ៍ទី២១ នៅពេល ដែលយើងបង្កើតសត្រូវជាមួយបរទេស កម្ពុជាយើងនឹងខាតបង់ ហើយប្រវត្តិសាស្ត្រនឹងតាមលងយើងជានិច្ច»។
ទោះជាយ៉ាងនេះក្តី លោក ឯម សុវណ្ណរ៉ា ថា អ្នកនយោបាយខ្មែរ ឲ្យតែពួកគេមានឧកាសអាចការពារប្រយោជន៍បក្ខពួក និងក្រុមគ្រួសារបាន ពួកគេនឹងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់ពីប្រយោជន៍ជាតិទេ។
ប៉ុន្តែសម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថថា វិញវិភាគថា បើអ្នកនយោបាយខ្មែរ ពេលនេះ ហ៊ានប្រថុយជ្រើសរើសយកមហាអំណាចចិនតែមួយ ដូចពីអតីតកាលមែន លោកថា ការធ្វើនយោបាយបែបនោះ ជាការធ្វើអត្តឃាតខ្លួនឯង៕